អត្ថបទទី ១
តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកកេដូន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាមូអែល និងព្យាការីនានាទេ។ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានអោយបានបិទមាត់សឹង្ហ បានពន្លត់ភ្លើងដែល ឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើអោយខ្មាំងសត្រូវបាក់ទ័ព។ ស្ត្រីៗបានឃើញក្រុម គ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តអោយគេធ្វើទារុណកម្ម មិនព្រមអោយនរណាដោះលែងឡើយ ដើម្បីអោយបានជីវិតរស់ឡើងវិញក៏ប្រសើរជាង។ អ្នកខ្លះទៀតសុខចិត្តអោយគេចំអកឡកឡឺយ អោយគេវាយដំ ហើយថែមទាំងអោយគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។ អ្នកខ្លះត្រូវគេយក ដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។ លោកីយ៍ពុំស័ក្ដិសម នឹងអោយអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។ ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ដោយព្រះជាម្ចាស់គ្រោង ទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះអោយបានគ្រប់លក្ខណៈមុនយើងឡើយ។
ទំនុកតម្កើងលេខ ៣១ៈ ២០, ២១, ២២, ២៣
២០. បពិត្រព្រះម្ចាស់ ព្រះទ័យសន្តោស វិសេសថ្កើងថ្កាន ដល់អ្នកគោរព
កោតខ្លាចគ្រប់ប្រាណ មិនដែលរំខាន អ្នកជ្រកជាមួយ ។
២១. ព្រះអង្គទរ្ង់លាក់ គេនៅក្បែរភ័ក្រ្ត អោយផុតពីព្រួយ ពីមនុស្សទុច្ចរិត
ព្រះអង្គតែងជួយ អោយនៅជាមួយ ក្នុងព្រះពន្លា ។
២២. សូមលើកតម្កើង សិរីរុងរឿង ពេលដែលបច្ចា ឡោមព័ទ្ធរូបខ្ញុំ
ច្រើនឥតឧបមា ហប្ញទ័យមេត្តា អស្ចារ្យពេកក្រៃ ។
២៣. ពេលខ្ញុំខ្វល់ចិត្ត វិលវល់គំនិត ជួបទុក្ខគ្រោះភ័យ ខ្ញុំនឹកស្មានថា
ទ្រង់លែងប្រណី តែពេលខ្ញុំស្តី ទ្រង់ស្តាប់ពាក្យខ្ញុំ ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៥ៈ ១-២០
ព្រះយេស៊ូប្រោសមនុស្សខ្មោចចូលម្នាក់
ព្រះយេស៊ូនិងក្រុមសាវ័ក បានទៅដល់ត្រើយម្ខាង ក្នុងតំបន់កេរ៉ាសា។ កាលព្រះអង្គយាងឡើងពីទូកភ្លាម មានបុរសម្នាក់ខ្មោចចូល ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ គេដាក់ខ្នោះជើងនិងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែគាត់នៅតែកាច់បំបាក់ច្រវាក់និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់បានឡើយ។ គាត់រស់នៅតាមទីបញ្ចុះសពនិងតាមភ្នំទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែកព្រមទាំងយកថ្ម មកអារសាច់ខ្លួនឯងថែមទៀតផង។ កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី! »។ ខ្មោចនិយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎ខ្មោចបិសាចចូរចេញពីអ្នកនេះទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅខ្មោចថា៖ «ឯងឈ្មោះអី?» ខ្មោចទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្តេញពួកវាចេញពីស្រុកនោះ។ នៅក្បែរនោះមានជ្រូកមួយហ្វូងធំ កំពុងរកស៊ីនៅតាមចង្កេះភ្នំ។
ពួកខ្មោចអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំឲ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ព្រះយេស៊ូក៏យល់ព្រម។ ខ្មោចចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូក ដែលមានចំនួនប្រមាណជាពីរពាន់ក្បាលក៏បោលចុះតាមជំរាលភ្នំ តម្រង់ទៅសមុទ្រលង់ទឹកងាប់អស់។ ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលមានខ្មោចកងទ័ពចូលកាលពីមុន អង្គុយមានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែករៀបរាប់ប្រាប់គេ អំពីហេតុការណ៍ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ គេទូលអង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ។ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលខ្មោចចូលពីមុន បានអង្វរសុំទៅជាមួយព្រះអង្គ។ ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហប្ញទ័យអាណិតអាសូរ»។
បុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់ឲ្យប្រជាជន ក្នុងស្រុកដេកាប៉ូលដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់កោតស្ញប់ស្ញែងក្រៃលែង។