អត្ថបទគម្ពីរដំណឹងល្អលូកា ១១ៈ៤២-៤៦
ពួកផារីស៊ីអើយ ! អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែអ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្តតាមសេចក្តីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តឯការដទៃទៀត ក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងធម្មសាលា ហើយចូលចិត្តឲ្យគេឱនកាយគោរពអ្នករាល់គ្នា នៅតាមផ្សារ។ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។
មានធម្មាចារ្យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ ! លោកមានប្រសាសន៍ដូច្នេះបានសេចក្តីថា លោកត្មះតិះដៀលយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្តិចក៏មិនជួយផង។