ព្រះសហគមន៍កាតូលិកបាត់ដំបងក្រុង (ពេទ្យយាយជី) បានចែកគ្រឿងឧបភោគបរិភោគមួយចំនួនដល់បុគ្គលិក និងគណៈកម្មការព្រះសហគមន៍ ក្នុងអំឡុងពេលដែលមានទឹកជំនន់ ដែលធ្វើឲ្យពួកគាត់រងនូវផលប៉ះពាល់មួយចំនួន។
កម្មវិធីនេះ បានធ្វើឡើងនៅក្នុងបរិវេនព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្នុងទីរួមខេត្តបាត់ដំបង កាលព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដឹកនាំដោយលោកបូជាចារ្យម៉ានុច និងមានការចូលរួមដោយលោកអភិបាលទេព ច័ន្ទពិសិដ្ឋ។
បុគ្គលិក និងគណៈកម្មការចំនួន៤០នាក់នៃព្រះសហគមន៍នេះ ក្នុងម្នាក់បាន អង្ករ១ការ៉ុង(២០គីឡូ) មី១កេះតូច និង ត្រីខកំប៉ុង១យួរ(១០កំប៉ុង)។
ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលអំណោយពីអង្គការការីតាសកម្ពុជា នូវអង្ករ២០០០០គីឡូក្រាម មី១០០០កេះ និងត្រីខកំប៉ុង១០០០យួរ សម្រាប់ចែកជូនដល់ព្រះសហគមន៍ក្នុងភូមិភាគ មណ្ឌលព្រះសហគមន៍ផ្សេងៗ បុគ្គលិករបស់ព្រះសហគមន៍ ព្រះសង្ឃ អ្នកជាប់ឃុំនៅពន្ធធនាគារ និងគ្រួសារក្រីក្រនៅក្នុងភូមិភាគបាត់ដំបង ដែលកំពុងជួបនូវការខ្វះខាតស្បៀងអាហារដោយសារគ្រោះទឹកជំនន់៕