ព្រះសហគមន៍កាតូលិកទំពូងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៤២គ្រួសារ

កាលពីថ្ងៃអង្គារទី២៥ ខែសីហានេះ ព្រះវិហារសន្តីម៉ារីមាតាព្រះអម្ចាស់នៃព្រះសហគមន៍កាតូលិកទំពូង បានផ្តល់ជូនដល់ប្រជាជនជួបការខ្វះខាតចំនួន៤២គ្រួសារ នៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមការឲ្យដឹងពីលោក វឿត រ៉ាវុធ ជាប្រធានគណៈកម្មការព្រះសហគមន៍នេះឲ្យដឹងថា «ព្រះសហគមន៍យើងគឺចង់ជួយសម្រាលទុកខ្លះៗ ដល់បងប្អូនដែលកំពុងតែជួបការលំបាក ក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ១៩»។ លោកឲ្យដឹងទៀតថា អំណោយសម្រាប់ចែកជូនបងប្អូនទាំង៤២គ្រួសារដែលជួបការខ្វះខាតក្នុងថ្ងៃនេះ មានជាគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ… ដែលជាអំណោយរបស់ក្រុមអាកស៍ (ACTS) និងសប្បុរសជន អតីតសិស្សនិស្សិតព្រះសហគមន៍ និងក្រុមគិលានុបដ្ឋាកក្នុងតំបន់ទំពូង។

ក្នុងកម្មវិធីចែកអំណោយនេះ ក៏មានវត្តមានពីលោក ដៀង ម៉ាក់ ជាមេឃុំតាម៉ឺន និងលោកមេភូមិ អនុភូមិទំពូងជាអធិបតីពីផងដែរ។ លោក ដៀង ម៉ាក់ មេឃុំតាម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិទាំងមូល លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសហគមន៍កាតូលិកទំពូង និងម្ចាស់ជំនួយទាំងអស់ ដែលបានជួយដល់ប្រជាជនក្រីក្រក្នុងមូលដ្ឋានរបស់លោក ដែលកំពុងតែជួបការលំបាកខ្លាំង ជាពិសេសក្នុងសម័យកូវីដ១៩នេះ។

លោកបន្តថា ក្នុងនាមលោកជាអជ្ញារធរមូលដ្ឋាន បានព្យាយាមរំលឹកបងប្អូនទាំងអស់ឲ្យប្រកាន់ភ្ជាប់នៅអនាម័យ ក្នុងការរស់នៅ និងបង្ការខ្លួនពីការឆ្លង និងចម្លងជំងឺទៅអ្នកដទៃ។

សូមបញ្ជាក់ដែរថា ព្រះសហគមន៍កាតូលិក បានចូលរួមយ៉ាងសកម្មជួយឲ្យសង្គម ដែលក្នុងនោះរួមមាន ការជួយដល់ជនក្រីក្រ ផ្តល់ស្បៀងអាហារ និងគ្រឿងឧបភោគ ជួយកុមារតូចឲ្យមានការអប់រំ និងផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិតសម្រាប់សិក្សានៅសាលាជាដើម៕

ដោយ ឆាក លាំង

Facebook
Twitter
LinkedIn