ព្រះបន្ទូលប្រចាំថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៥.២១-៤៣

ព្រះ​យេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ​ ព្រះ​អង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។​ មាន​បណ្តា​ជន​ច្រើន​កុះ​ករ​មក​ចោម​រោម​ព្រះអង្គ​ម្តង​ទៀត។​ ពេល​នោះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​ធម្ម​សាលា​ម្នាក់​ ឈ្មោះ​យ៉ៃរ៉ូស​មក​ដល់។​ កាល​គាត់​ឃើញ​ព្រះ​យេស៊ូ​ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ​ ២៣ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖​ ‌«កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់‌​ ជិត​ស្លាប់​ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង‌​ ​ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។​ ព្រះ​យេស៊ូ​យាង​ទៅ​ជាមួយ​គាត់។​ មាន​បណ្តា​ជន​ជា​ច្រើន​កុះករ​តាម​ព្រះអង្គ​ទៅ‌​ ទាំង​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ។

នៅ​ពេល​នោះ‌​ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ។​ គ្រូ​ពេទ្យ​ជាច្រើន​បាន​ព្យាបាល​នាង​ តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។‌​ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ ដែល​នាង​មាន‌​ ‌តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ​ ផ្ទុយ​ទៅ​វិញ‌​ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។​ នាង​បាន​ឮគេ​និយាយ​អំពី​ព្រះ​យេស៊ូ​ ក៏ចូល​ក្នុង​ចំណោម​បណ្តាជន​‌ពាល់​ព្រះ​ពស្ត្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​ ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖​ ‌«បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក‌​ ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។​ ‌រំពេច​នោះ‌​ ឈាម​ឈប់​ធ្លាក់​ភ្លាម​‌ហើយ​នាង​ដឹង​ថា​ ខ្លួន​នាង​បាន​ជា​សះ​ស្បើយ​ពី​រោគា។‌‌ នៅ​ពេល​នោះ​ ព្រះ​យេស៊ូ​ជ្រាប​ភ្លាម​ថា​ មាន​ប្ញទ្ធា​នុភាព​មួយ​ចេញ​ពី​ព្រះអង្គ​ ព្រះអង្គ​បែរ​ទៅ​រក​បណ្តាជន​ មាន​ព្រះ​បន្ទូល​ថា៖​ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។​ ​ក្រុម​សាវ័ក​ទូល​ព្រះអង្គ​ថា៖​ «ព្រះ​គ្រូ​ឃើញ​ស្រាប់​ហើយ​ បណ្តា​ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះគ្រូ​គ្រប់​គ្នា​ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះគ្រូ​សួរ​ថា‌​ អ្នក​ណា​ពាល់​ព្រះគ្រូ​ដូច្នេះ?»។​ ព្រះ​យេស៊ូ​ទត​មើល​ជុំវិញ​ ដើម្បី​ឲ្យដឹង​ថា​អ្នក​ណា​បាន​ពាល់​ព្រះអង្គ។​ ៣៣ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់​‌ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។​ នាង​មក​ក្រាប​ទៀប​ព្រះ​បាទា​ព្រះ​យេស៊ូ‌​ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ​អង្គ។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូលទៅ​នាង​ថា៖​ ‌«កូន​ស្រី​អើយ !‌​ ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ​ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត​ ហើយ​សូម​ឲ្យ​នាង​ជា​សះ​ស្បើយ​ពី​ជំងឺ​ចុះ ! »។

កាល​ព្រះ​យេស៊ូ​កំពុង​តែ​ មាន​ព្រះ​បន្ទូល​នៅ​ឡើយ​ មាន​គេ​មក​ពីផ្ទះ​លោក​យ៉ៃរ៉ូស​ ជំរាប​គាត់​ថា៖​ «កូនស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ​ ម្តេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។​ ព្រះ​យេស៊ូ​មិន​យក​ព្រះ​ហប្ញ​ទ័យ​ទុក​ដាក់​ នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ​‌តែ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖​ «កុំ​ខ្លាច​អី‌​ គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។​ ព្រះ​អង្គ​មិន​អនុញ្ញាត​ ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ​លើក​លែង​តែ​លោក​សិលា​ លោក​យ៉ាកុប​ ‌និង​លោក​យ៉ូហាន​ ជាប្អូន​របស់​គាត់។​ កាល​ទៅ​ដល់​ផ្ទះ​ លោក​យ៉ៃរ៉ូស​ ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​ធម្ម​សាលា​ព្រះ​យេស៊ូ​ទត​ឃើញ​មនុស្ស​ម្នា​ជ្រួល​ច្របល់​ ព្រម​ទាំង​ទ្រ​ហោយំ​ជាខ្លាំង​ផង។​ ៣៩ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖‌‌‌​ «ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ទ្រហោយំ​ដូច្នេះ ?​ ក្មេង​នេះ​មិន​ស្លាប់​ទេ‌‌​ នាង​គ្រាន់តែ​ដេក​លក់​ទេ​តើ !»។​ គេនាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ‌​ ព្រះអង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅក្រៅ​ទាំងអស់​គ្នា​ រួច​ទ្រង់​នាំតែ​ឪពុក​ម្តាយ​ក្មេង​និង​សាវ័ក​ទាំង​បីរូប​ ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។​ ព្រះ​អង្គ​ចាប់ដៃ​ក្មេង​ស្រី​នោះ​ ទាំង​មាន​ព្រះ​បន្ទូល​ថា៖​ «តាលី​ថា​គូម!»​ (ប្រែថា​ “នាង​តូច​អើយ​ ខ្ញុំ​ប្រាប់​នាង​ថា​ចូរ​ក្រោក​ឡើង ! “)។

Facebook
Twitter
LinkedIn