ព្រះសហគមន៍កាតូលិកនៅព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រារព្ធ បុណ្យអបអរសាទរ ព្រះយេស៊ូប្រសូត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដែលមាន លោក តូតែតជាអធិបតី។
ព្រះសហគមន៍ព្រែកទាល់ជាព្រះសហគន៍មួយដែលស្ថិតនៅក្នុងភូមិបណ្តែតទឹក នៃបឹងទន្លេសាប ដែលជាតំបន់ការពារសត្វស្លាប សម្រាប់ទេសចរទស្សនាដ៏ល្បីផងដែរនៅលើផ្ទៃបឹងទន្លេសាប។
នៅក្នុងធម្មទេសនា លោកឪពុក តូតែត មានប្រសាសន៍ទៅកាន់បងប្អូនថា ព្រះអំណោយទានសម្រាប់បុណ្យណូអែល គឺព្រះយេស៊ូ ជាព្រះអំណោយទានដ៏ធំបំផុត របស់ព្រះជាម្ចាស់ប្រទានឲ្យយើង។ អំណោយទានរបស់ព្រះជាម្ចាស់ សំខាន់ជាងអ្វីៗទាំងអស់ ដែលយើងអាចទទួលក្នុងជីវិត។ អំណោយរបស់ព្រះអង្គ គឺព្រះបុត្រារបស់ព្រះអង្គតែម្តង។
លោកឪពុកបន្តថា បងប្អូនជូនកាលព្រះសហគមន៍គ្មានអ្វីឲ្យបងប្អូនទេ ប៉ុន្តែឥឡូវនេះព្រះជាម្ចាស់ឲ្យអំណោយពិសេសជាព្រះយេស៊ូតែម្តង ហើយយើងជាអ្នកទទួលព្រះយេស៊ូ ជាដៃជាជើង ជាមុខ ជាមាត់របស់ព្រះអង្គ ដែលត្រូវផ្តល់អំណរសប្បាយដល់អ្នកដទៃ បងប្អូន យើងមិនបាច់ទិញអាវថ្មីទេ យើងមិនចាំបាច់មានលុយច្រើនចែកអំណោយដូចអ្នកដទៃទេ តែអ្វីដែលយើងអាចឲ្យយ៉ាងពិសេសគឺព្រះយេស៊ូ យើងឲ្យទៅអ្នកដទៃដែរ។ ដូចនេះអំណោយដ៏ពិសេសបំផុតដែលព្រះសហគមន៍ក្នុងនាមព្រះជាម្ចាស់ ឲ្យទៅបងប្អូនគឺព្រះយេស៊ូតែម្តង ដែលជាទីពឹងរបស់យើង ដែលព្រះអង្គគង់នៅជាមួយយើងជានិច្ច។
មុននេះលោកបូជាចារ្យក៏បានបញ្ជាក់ប្រាប់បងប្អូនដែរថា ព្រះយេស៊ូយាងមកប្រកបដោយសិរីរុងរឿង ហើយសិរីរុងរឿងរបស់ព្រះអង្គគឺប្រសូតក្នុងភាពក្រីក្រ ប្រសូតក្នុងក្រាលសត្វ ដែលបញ្ជាក់ថាព្រះជាម្ចាស់គង់នៅជាមួយយើងជាអ្នកក្រីក្រ យល់ពីសុខទុក្ខរបស់បងប្អូន ពីយើងទាំងអស់គ្នា នេះជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបន្ទាប់ខ្លួន បន្ទាប់ឋានៈរបស់ព្រះអង្គ កើតជាមនុស្ស គង់នៅជាមួយយើង។
ជាការពិតណាស់ព្រះយេស៊ូប្រសូតពិតជានាំអំណរសប្បាយ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់មនុស្សទាំងអស់។ មនុស្សទាំងអស់រីករាយ និងចែកអំណរសប្បាយជាមួយគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីវត្តមានដ៏ពិតប្រាកដរបស់ព្រះយេស៊ូដែលគង់នៅជាមួយយើងផ្ទាល់។