ជំពូក ៣
1 ពេលយប់នៅលើគ្រែ
ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ
ខ្ញុំស្វែងរកគាត់ តែរកពុំឃើញទេ។
2 ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង
ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ
នៅតាមផ្លូវ នៅតាមផ្សារ
ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។
3 ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង
ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ
ម្ចាស់ចិត្តរបស់ខ្ញុំទេ?»
4 ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ
ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។
ខ្ញុំឱបគាត់ជាប់ ឥតដកដៃឡើយ
ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំ
ចូលទៅក្នុងបន្ទប់របស់ម្ដាយ
ដែលបានបង្កើតខ្ញុំមក។
5 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្តាន់
និងសត្វប្រើស ធ្វើជាសាក្សីថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
6 តើនរណាឡើងពីវាលរហោស្ថាន
ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ
គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
7 នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន
ដែលហែហមដោយទាហានដ៏អង់អាច
ចំនួនហុកសិបនាក់
គឺជាទាហានដ៏អង់អាចជាងគេ
នៃកងទ័ពអ៊ីស្រាអែល។
8 អ្នកទាំងនោះប្រដាប់អាវុធ
រៀបចំខ្លួនធ្វើសឹកសង្គ្រាម។
ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង
ភាពអាសន្ន នៅពេលយប់។
9 ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ
ពីឈើស្រុកលីបង់។
10 ស្តេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស
រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។
ផ្នែកខាងក្នុង លំអដោយក្រណាត់ប៉ាក់
ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម
ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។
11 ស្ត្រីនៅក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាចេញមកមើលព្រះបាទសាឡូម៉ូន
ស្តេចពាក់មកុដដែលមាតាបានបំពាក់ថ្វាយ
នៅថ្ងៃស្តេចរៀបអភិសេក
ជាថ្ងៃដែលស្តេចមានព្រះហឫទ័យរីករាយ។