ជំពូក ៤
ទុក្ខវេទនារបស់អ្នកក្រុងយេរូសាឡឹម
1 ម្ដេចក៏មាសប្រែជាស្រអាប់
ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ!
ថ្មព្រះវិហារនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែង
តាមដងផ្លូវទាំងអស់!
2 ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់
គឺមានតម្លៃដូចមាស។
ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា
ក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
3 សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ
រីឯប្រជាជនរបស់ខ្ញុំវិញ
គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន
ដូចសត្វអូទ្រុសនៅវាលរហោស្ថាន។
4 កូនតូចៗរបស់គេស្រេកទឹកខះក
ក្មេងៗនាំគ្នាយំទាររកបាយ
តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។
5 អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ
បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ
អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង
តាំងពីក្មេងមក
បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
6 ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង
អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់
ដោយគ្មាននរណាប្រហារនោះទៅទៀត។
7 ពួកមេដឹកនាំធ្លាប់តែជាមនុស្សបរិសុទ្ធឥតខ្ចោះ
ហើយសជាងសម្លីទៅទៀត
ពួកគេមានរូបកាយល្អស្អាតជាងផ្កាថ្ម
ហើយផ្ទៃមុខភ្លឺដូចកែវមរកត។
8 ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង
នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ
ពួកគេស្គមសល់តែស្បែក និងឆ្អឹង
ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។
9 អ្នកស្លាប់ដោយមុខដាវមានសំណាង
ជាងអ្នកស្លាប់ដោយអត់អាហារ
ដែលវិនាសបន្តិចម្ដងៗ ព្រោះគ្មានអ្វីបរិភោគ។
10 នៅពេលមហន្តរាយមកដល់
ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា
បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
11 ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិត
ព្រះអង្គបានជះព្រះពិរោធ
ព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន
ឲ្យឆេះរហូតដល់គ្រឹះ។
12 ស្តេចទាំងឡាយនៅលើផែនដី
ព្រមទាំងមនុស្សម្នាក្នុងលោកទាំងមូល
ពិបាកជឿថា បច្ចាមិត្តអាចចូលមកក្នុង
ក្រុងយេរូសាឡឹមបានយ៉ាងនេះ។
13 ហេតុការណ៍នេះកើតឡើង
ព្រោះតែអំពើបាបរបស់ពួកព្យាការី
និងកំហុសរបស់ពួកបូជាចារ្យ
ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង!
14 អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវ
ដូចមនុស្សខ្វាក់
ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាម
សូម្បីតែសម្លៀកបំពាក់របស់ពួកគេ
ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។
15 អ្នកឯទៀតៗស្រែកដាក់អ្នកទាំងនោះថា:
ជនមិនបរិសុទ្ធអើយ ចូរចៀសចេញទៅ!
ចៀស! ចូរចៀសឲ្យឆ្ងាយទៅ!
កុំប៉ះពាល់ឲ្យសោះ!
ពួកគេរត់ភៀសខ្លួន
ពីប្រជាជាតិមួយទៅប្រជាជាតិមួយ
តែគ្មាននរណាទទួលពួកគេ
ឲ្យស្នាក់អាស្រ័យឡើយ។
16 ព្រះអម្ចាស់ផ្ទាល់បានកម្ចាត់កម្ចាយពួកគេ
ព្រះអង្គលែងរវីរវល់នឹងពួកគេ។
គ្មាននរណាគោរពពួកបូជាចារ្យ
ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។
17 យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែក
តែមិនឃើញមាននរណាមកសង្គ្រោះសោះ
យើងឃ្លាំមើល ហើយឃ្លាំមើលទៀត
តែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
18 សត្រូវនាំគ្នាពួនស្ទាក់ចាំប្រហារយើង
សូម្បីតែនៅតាមផ្លូវក្នុងក្រុងរបស់យើង
ក៏យើងដើរមិនបានផង។
ថ្ងៃដែលយើងត្រូវស្លាប់ ជិតមកដល់
យើងជិតអស់អាយុ
ថ្ងៃដែលយើងត្រូវស្លាប់ មកដល់ហើយ!
19 អ្នកដែលប្រហារយើង នាំគ្នាដេញតាមយើង
លឿនជាងសត្វឥន្ទ្រីហោះហើរនៅលើមេឃ
ពួកគេដេញតាមយើងនៅលើភ្នំ
ពួកគេចាំស្ទាក់យើងនៅវាលរហោស្ថាន។
20 យើងធ្លាប់ពោលថា
ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ
យើងនឹងរស់នៅក្នុងចំណោម
ប្រជាជាតិទាំងឡាយ។
ប៉ុន្តែ ឥឡូវនេះ ព្រះមហាក្សត្រ
ដែលជាម្ចាស់ជីវិតរបស់យើង
គឺស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក
ព្រះអង្គជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
21 ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយ
ចូរសប្បាយចិត្ត ចូររីករាយទៅ!
ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរ
អ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
22 ប្រជាជនក្រុងស៊ីយ៉ូនអើយ
អ្នកទទួលទោសដល់កម្រិតហើយ
គ្មាននរណាកៀរអ្នកយកទៅជាឈ្លើយទៀតទេ
រីឯប្រជាជនស្រុកអេដុមវិញ
ព្រះអម្ចាស់នឹងធ្វើទណ្ឌកម្មពួកគេ
ស្របតាមអំពើដែលគេប្រព្រឹត្ត
គឺព្រះអង្គលាតត្រដាងអំពើបាបរបស់ពួកគេ។