ជំពូក ១

ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ជន​ជាតិ​អ៊ីស្រា‌អែល

1 សេចក្ដី​ប្រកាស
នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ជន​ជាតិ​អ៊ីស្រា‌អែល តាម‌រយៈ​លោក​ម៉ាឡា‌គី។
2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ស្រឡាញ់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា
“តើ​មាន​អ្វី​បញ្ជាក់​ថា
ព្រះ‌អង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្តី
ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង
3 គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ
យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ
ក្លាយ​ទៅ​ជា​ទី​ស្មសាន
ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង
ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។
4 ប្រសិន​បើ​អេដុម​ពោល​ថា
“ពួក​យើង​នឹង​សង់​ស្រុក
ដែល​វិនាស​នេះ​ឡើង​វិញ!”
ឲ្យ​ពួក​គេ​សង់​ទៅ!
យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។
គេ​នឹង​ហៅ​ស្រុក​នោះ​ថា
“ទឹក​ដី​របស់​ជន​ទុច្ចរិត”
“ប្រជាជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
5 អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ
ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្ដែង​មហិទ្ធិ‌ឫទ្ធិ
ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។

ការ​ថ្វាយ‌បង្គំ​មិន​ត្រឹម​ត្រូវ

6 «ធម្មតា កូន​តែង‌តែ​គោរព​ឪពុក
ហើយ​អ្នក​បម្រើ​តែង‌តែ​គោរព​ម្ចាស់​របស់​ខ្លួន។
ប្រសិន​បើ​យើង​ជា​បិតា​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​បិតា?
ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​ម្ចាស់?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​បូជា‌ចារ្យ​វិញ
អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង
តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ត្រង់​ណា?”។
7 អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង
មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង
ហើយ​អ្នក​រាល់​គ្នា​ពោល​ថា
“តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​សៅហ្មង
ត្រង់​ណា?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ!
8 ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់
មក​ធ្វើ​យញ្ញ‌បូជា
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង
ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន
ទេសា‌ភិបាល​របស់​អ្នក
តើ​គាត់​សុខ​ចិត្ត​ទទួល​យក
ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
9 ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់
សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ពួក​យើង!
«បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ
តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា
ដោយ​រាក់‌ទាក់​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
10 បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់
ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ
ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង
ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត!
យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ
ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ
របស់​អ្នក​រាល់​គ្នា​ដែរ!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
11 ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច
នាម​របស់​យើង​ប្រសើរ​ឧត្តុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។
នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប
ដើម្បី​លើក​តម្កើង​នាម​របស់​យើង
ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង
ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្តុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង
ដោយ​ពោល​ថា:
“តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ
មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ
ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។
13 អ្នក​រាល់​គ្នា​ពោល​ថា
“ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!”
ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ
សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង
ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ
ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
14 ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន
ហើយ​បែរ​ជា​យក​សត្វ​ពិការ
មក​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់​ទៅ​វិញ!
យើង​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម
ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។