ជំពូក ១
ពេលត្រូវសង់ព្រះវិហារឡើងវិញ
1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ដូចតទៅ:
2 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ 3 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖
4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ
តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង
ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
5 ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
6 អ្នករាល់គ្នាសាបព្រោះច្រើន
តែច្រូតបានផលតិច
អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត
អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់
អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ
អ្នកធ្វើការទទួលប្រាក់ឈ្នួល
តែដូចជាទុកនៅក្នុងថង់កណ្តាច»។
7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
8 ចូរនាំគ្នាឡើងទៅលើភ្នំ
យកឈើមកសង់ដំណាក់របស់យើង។
យើងពេញចិត្តនឹងដំណាក់នេះ
ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន
តែអ្នករាល់គ្នាទទួលបានតិច។
អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ
តែយើងបានផ្លុំបំបាត់អស់ទៅ។
ហេតុអ្វីបានជាដូច្នេះ?
គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ
ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង
ពីរឿងផ្ទះសំបែងរបស់ខ្លួន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
10 ហេតុនេះហើយបានជាមេឃទប់មិនឲ្យ
មានភ្លៀងធ្លាក់
ដីក៏មិនផ្តល់ភោគផលឲ្យអ្នករាល់គ្នាដែរ។
11 យើងនឹងធ្វើឲ្យកើតរាំងស្ងួត
គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ
លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ
លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។
ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ
ឥតបង្កើតបានផលអ្វីឡើយ»។
12 ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។ 13 លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 14 ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្តើមសង់ ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ 15 នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។