ពាក្យ​លំនាំ

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូនលោក​ភីលេ‌ម៉ូន

លោក​ភីលេ‌ម៉ូនៈ ជា​អ្នក​ធំ​មួយ​រូប​ដែល​ជឿ​ព្រះ‌គ្រីស្ត ហើយ​លោក​ប្រហែល​ជា​ត្រូវ​ជា​សមាជិក​មួយ​រូប​ក្នុង​ព្រះ‌សហគមន៍​នៅ​ក្រុង​កូឡូស។ គាត់​ត្រូវ​ជា​មិត្ត‌ភក្ដិ​របស់​លោក​ប៉ូល(ខ​១)។ គាត់​មាន​ខ្ញុំ​បម្រើ​ម្នាក់​ឈ្មោះ អូនេ‌ស៊ីម ដែល​បាន​រត់​ចេញ​ពី​ផ្ទះ។ អូនេ‌ស៊ីម​បាន​ទៅ​ជួប​លោក​ប៉ូល ហើយ​ក៏​ប្រែ​ចិត្ត​ជឿ​ព្រះ‌យេស៊ូ​ដែរ។ លោក​ប៉ូល​បាន​សម្រេច​ចិត្ត​ចាត់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​លោក​បាន សរសេរ​លិខិត​ឲ្យ​គាត់​កាន់​ទៅ​ជា​មួយ​ផង។ ក្នុង​លិខិត​នេះ លោក​ប៉ូល​បាន​សុំ​ឲ្យ​លោក​ភីលេ‌ម៉ូន​ទទួល​អូនេ‌ស៊ីម ក្នុង​ឋានៈ​ជា​បង‌ប្អូន​រួម​ជំនឿ គឺ​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ(ធម្មតា ទាសករ​ដែល​រត់​ដូច្នេះ តែង‌តែ​ទទួល​ទោស​ជា​ទម្ងន់)។

គោល​សំខាន់:

យើង​សង្កេត​ឃើញ​ថា​លោក​ប៉ូល​ពុំ​បាន​បង្គាប់​បញ្ជា​លោក​ភីលេ‌ម៉ូន​ទេ ហើយ​លោក​ក៏​ពុំ​បាន​ជំទាស់​នឹង​សិទ្ធិ​របស់​លោក​ភីលេ‌ម៉ូន​ដែល​ជា​ម្ចាស់​លើ​អូនេ‌ស៊ីម​ដែរ។ លោក​គ្រាន់​តែ​រំឭក​លោក​ភីលេ‌ម៉ូន និង​អស់​អ្នក​ដែល​អាន​លិខិត​នេះ អំពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​នាំ​មនុស្ស​ឲ្យ​មាន​ទំនាក់‌ទំនង​រវាង​គ្នា​នឹង​គ្នា តាម​បែប​មួយ​ថ្មី សម​ជា​អ្នក​ដែល​បាន​ទទួល​ជីវិត​ថ្មី។

គម្រោង​គម្ពីរ​ភីលេ‌ម៉ូនៈ
  • សេចក្ដី​ផ្ដើម ១-៣
  • លោក​ប៉ូល​សរសើរ​លោក​ភីលេ‌ម៉ូន ៤-៧
  • លោក​ប៉ូល​សុំ​អនុ‌គ្រោះ​អូនេ‌ស៊ីម ៨-២២
  • អវសាន‌កថា ២៣-២៥