ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយលោកម៉ាកុស
លោកម៉ាកុសពុំមែនជាគ្រីស្តទូតទេ តែលោកធ្លាប់បានប្រកាសផ្សាយដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្តទូតសិលា។
លោកបានឮគ្រីស្តទូតសិលារ៉ាយរ៉ាប់អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង ហើយលោកក៏បានតែងកណ្ឌគម្ពីរនេះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។
លោកម៉ាកុសបានរៀបរៀងគម្ពីរដំណឹងល្អនេះមុនគេ គឺប្រហែលជានៅចន្លោះឆ្នាំ ៦៥-៧០ នៃគ្រីស្ដសករាជ ប្រមាណជាសាមសិបឆ្នាំក្រោយព្រះយេស៊ូសោយទិវង្គត។
គោលបំណងលោកម៉ាកុស
លោកម៉ាកុសបានតែងកណ្ឌគម្ពីរនេះសម្រាប់ឲ្យគ្រីស្ដបរិស័ទ ដែលរស់នៅក្រៅប្រទេសអ៊ីស្រាអែលអាន។ លោកមានបំណងពន្យល់ថា ព្រះយេស៊ូពិតជាព្រះមេស្ស៊ី គឺពិតជាព្រះគ្រីស្ដ ដែលជនជាតិអ៊ីស្រាអែលទន្ទឹងរង់ចាំ មករំដោះពួកគេ។
លោកមានបំណងពន្យល់ទៀតថា ព្រះយេស៊ូពិតជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ក្នុងកណ្ឌគម្ពីរនេះ ព្រះយេស៊ូប្រកាសថា “ព្រះរាជ្យរបស់ព្រះជាម្ចាស់ស្ថិតនៅជិតអ្នករាល់គ្នាហើយ”។ ព្រះអង្គក៏ធ្វើការអស្ចារ្យផ្សេងៗ ដើម្បីបង្ហាញឲ្យគេដឹងថា ព្រះរាជ្យនោះមកដល់ហើយ គឺព្រះអង្គប្រោសអ្នកជំងឺឲ្យជាសះស្បើយ ដេញខ្មោចចេញពីមនុស្ស និងប្រៀនប្រដៅអ្នកស្រុកក្នុងឋានៈជាអ្នកមានអំណាច។ ប៉ុន្តែ ព្រះយេស៊ូមិនសព្វព្រះហឫទ័យឲ្យប្រជាជនស្គាល់ឋានៈរបស់ព្រះអង្គភ្លាមៗទេ ក្រែងពួកគេយល់ច្រឡំ ព្រះអង្គតែងមានព្រះបន្ទូលហាមប្រាមអស់អ្នកដែលស្គាល់ឋានៈរបស់ព្រះអង្គ មិនឲ្យប្រាប់នរណាដឹងឡើយ។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ក្នុងបំណងចង់ឲ្យប្រជាជនយល់ថា ទោះបីព្រះអង្គពិតជាព្រះគ្រីស្ដ និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គត្រូវរងទុក្ខលំបាក ហើយសោយទិវង្គតទៀតផង។ ចំពោះគ្រីស្ដបរិស័ទវិញ ត្រូវយល់ថា ទោះបីព្រះអង្គបានសង្គ្រោះគេរួចហើយក៏ដោយ ក៏គេត្រូវតែរងទុក្ខលំបាករួមជាមួយព្រះអង្គដែរ។
លោកម៉ាកុសធ្វើឲ្យអ្នកអានកណ្ឌគម្ពីរនេះនឹកឆ្ងល់ក្នុងចិត្តថា៖ «តើព្រះយេស៊ូមានឋានៈអ្វី បានជាព្រះអង្គធ្វើការអស្ចារ្យទាំងនោះកើត?»។ ពេលយើងអានកណ្ឌគម្ពីរនេះចប់សព្វគ្រប់ហើយ យើងមុខជាយល់ឃើញថា៖ «ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
គម្រោងរបស់គម្ពីរម៉ាកុសៈ
- សេចក្ដីប្រកាសរបស់លោកយ៉ូហានបាទីស្ដ (១.១-៨)
- ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (១.៩-១៣)
- ព្រះយេស៊ូនៅស្រុកកាលីឡេ (១.១៤‑៩.៥០)
- ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (១០.១-៥២)
- សប្តាហ៍ដែលព្រះយេស៊ូត្រូវគេចាប់យកទៅធ្វើទោស និងសោយទិវង្គត (១១.១‑១៥.៤៧)
- ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ (១៦.១-៨)
- ព្រះយេស៊ូបង្ហាញខ្លួនឲ្យពួកសាវ័កឃើញ (១៦.៩-២០)