ជំពូក ៤
1 ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រីស្តយេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គ ដែលយាងមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យនោះថា 2 ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្តី មិនល្អក្តី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ចំពូក 3 ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។ 4 គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។ 5 ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនឲ្យបានល្អប្រសើរផង។
6 រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ 7 ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ 8 ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
ពាក្យដាស់តឿនផ្សេងៗ
9 ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ 10 លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេស្កែនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទី។ 11 មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ 12 ខ្ញុំបានចាត់លោកទីឃីគូសឲ្យទៅក្រុងអេភេសូ។ 13 ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការពូសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេស ក្រាំងស្បែក។
14 លោកអេឡិចសង់ជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។ 15 អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។
16 ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ 17 មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។ 18 ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងព្រះរាជ្យ*របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
19 សូមជម្រាបសួរនាងព្រីស្កា និងលោកអគីឡាស ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។
20 លោកអេរ៉ាស្ទូសស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺ ឲ្យនៅក្រុងមីលេត។
21 ចូរលៃលកទៅឲ្យបានមុនរដូវត្រជាក់ កុំបីខាន។ លោកអឺប៊ូលូស លោកពូដេស្ស លោកលីណូស នាងក្លូឌីយ៉ា និងបងប្អូនឯទៀតៗទាំងអស់ សូមជម្រាបសួរមកអ្នក។
22 សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក!
សូមព្រះអង្គប្រណីសន្ដោសដល់បងប្អូនទាំងអស់គ្នា! អាម៉ែន។