ជំពូក ៣
សេចក្ដីដាស់តឿនផ្សេងៗ
1 នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ 2 សូមអធិស្ឋានឲ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ 3 ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ 4 នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ យើងទុកចិត្តបងប្អូនថា បងប្អូនតែងតែប្រព្រឹត្តតាមពាក្យរំឭកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ 5 សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូន ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំដែលព្រះគ្រីស្តប្រទានឲ្យ។
6 បងប្អូនអើយ យើងសូមរំឭកដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងថា ចូរចៀសចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ 7 បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ 8 យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ 9 ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឲ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្តែ យើងធ្វើដូច្នេះទុកជាគំរូឲ្យបងប្អូនយកតម្រាប់តាម 10 ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ 11 យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ 12 យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្តថា សូមអញ្ជើញធ្វើការឲ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
13 ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។
14 បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីឲ្យគាត់ខ្មាសគេ 15 ប៉ុន្តែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។
16 សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា!
17 ពាក្យសួរសុខទុក្ខនេះ ខ្ញុំ ប៉ូល បានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំបានចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។
18 សូមព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា!