ពាក្យលំនាំ
វិវរណៈ
ក្រោយព្រះយេស៊ូសោយទិវង្គត ចំនួនគ្រីស្ដបរិស័ទបានកើនកាន់តែច្រើនឡើងៗ ហើយខ្ចាត់ខ្ចាយពាសពេញក្នុងមជ្ឈិមបូព៌ាទាំងមូល ព្រមទាំងនៅក្រុងរ៉ូម ជារាជធានីរបស់ចក្រភពរ៉ូម៉ាំងដែរ។ ដោយគ្រីស្ដបរិស័ទមិនព្រមគោរពតាមសាសនាពួកគេ ជាពិសេស មិនគោរពព្រះចៅអធិរាជរ៉ូម៉ាំងជាព្រះរបស់ខ្លួន អាជ្ញាធររ៉ូម៉ាំង និងអ្នកស្រុក នាំគ្នាស្អប់គ្រីស្ដបរិស័ទកាន់តែខ្លាំងឡើងៗ។
ហេតុនេះហើយបានជាអាជ្ញាធររ៉ូម៉ាំងធ្វើបាបគ្រីស្ដបរិស័ទយ៉ាងខ្លាំង រហូតដល់ទៅប្រហារជីវិតពួកគេមួយចំនួនធំទៀតផង។ នៅ គ.ស.៦៤ ព្រះចៅអធិរាជណេរ៉ុងបានចាប់គ្រីស្ដបរិស័ទខ្លះជ្រលក់ក្នុងជ័រ ដុតដូចចន្លុះ ព្រះអង្គឲ្យគេចាប់គ្រីស្ដបរិស័ទខ្លះទៀតឲ្យសត្វសាហាវស៊ីទាំងរស់ក្នុងកីឡាដ្ឋាន ឲ្យគេចាប់គ្រីស្ដទូតសិលាយកទៅឆ្កាង និងយកគ្រីស្ដទូតប៉ូលទៅកាត់ក។ ល។ និង។ ល។
គ្រីស្ដបរិស័ទជាច្រើនអស់សង្ឃឹម ស្ទើរតែបាត់ជំនឿ។ ឃើញដូច្នេះ លោកយ៉ូហានក៏តែងកណ្ឌគម្ពីរវិវរណៈនេះ ដើម្បីលើកទឹកចិត្តពួកគេ។ លោកចង់ដាស់តឿនគ្រីស្ដបរិស័ទកុំឲ្យខ្លាចអ្វីឡើយ! ព្រឹត្តិការណ៍ដ៏សែនវេទនាដែលកើតឡើង បង្ហាញអំពីអំណាចរបស់មារដែលកំពុងច្បាំងប្រឆាំងនឹងព្រះជាម្ចាស់ ក៏ប៉ុន្តែ ព្រះគ្រីស្ដមានជ័យជម្នះហើយ! រីឯមារសាតាំង និងបរិវាររបស់វា មុខជាត្រូវបរាជ័យពុំខាន។ គ្រីស្ដបរិស័ទដែលគេបានប្រហារជីវិតយ៉ាងសែនវេទនា នឹងសោយរាជ្យជាមួយព្រះអង្គ។ ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងបង្ហាញពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែលចង់សង្គ្រោះមនុស្សលោក។
លោកយ៉ូហានពន្យល់សេចក្ដីទាំងនេះ ដោយប្រើនិមិត្តរូបជាច្រើន តាមរបៀបជនជាតិអ៊ីស្រាអែល ជាពិសេសតាមរបៀបព្យាការីអេសេគីអែល និងដានីអែល។ ហេតុនេះហើយបានជាគម្ពីរវិវរណៈពិបាកយល់។
អត្ថន័យសំខាន់ៗមានដូចតទៅ គឺប្រជាជនរបស់ព្រះជាម្ចាស់តែងមានទុក្ខលំបាកតាំងពីដើមរៀងមក ដោយត្រូវគេធ្វើបាប តែព្រះយេស៊ូគ្រីស្ដមានជ័យជម្នះហើយ ហើយព្រះជាម្ចាស់នឹងប្រមូលគ្រីស្ដបរិស័ទឲ្យមានអំណរសប្បាយរួមជាមួយព្រះអង្គអស់កល្បជានិច្ច។
រីឯនិមិត្តរូបសំខាន់ៗមានអត្ថន័យដូចតទៅ:
ពណ៌ស : ជាពណ៌របស់ព្រះជាម្ចាស់។ អស់អ្នកមានសម្លៀកបំពាក់សនៅស្ថានបរមសុខ មានន័យថា គេបានចូលរួមជាមួយព្រះជាម្ចាស់ហើយ។
មកុដ : ជានិមិត្តរូបនៃជោគជ័យ និងសិរីរុងរឿងរបស់គ្រីស្ដបរិស័ទ។
លេខ៣កន្លះ : គឺមិនគ្រប់លក្ខណៈ មានន័យថា «ទុក្ខលំបាក» ឬ«ការបៀតបៀន»។ ជារយៈពេលមួយដែលស្តេចអង់ត្យូគូសអេពីផានបានធ្វើទុក្ខបៀតបៀនជនជាតិអ៊ីស្រាអែល (ដានីអែល ៩.២)។
លេខ៤ : ជាលេខនៃពិភពលោក ដែលមានបួនទិស។
លេខ៧ : ជាលេខគ្រប់លក្ខណៈ ឬពេញលក្ខណៈ ជាលេខតំណាងព្រះជាម្ចាស់។
លេខ១២ : និមិត្តរូបរបស់ជនជាតិអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១២។
លេខ១.០០០ : មានន័យថាច្រើនឥតគណនា។
លេខ១៤៤.០០០ : ជាលេខកុលសម្ព័ន្ធអ៊ីស្រាអែលទាំង១២ គុណនឹង១២ គុណនឹង១.០០០ គឺមានន័យថាច្រើនឥតគណនាពុំអាចរាប់ឡើយ គឺជាចំនួនប្រជាជនថ្មីទាំងមូលរបស់ព្រះជាម្ចាស់។
កូនចៀម : គឺព្រះយេស៊ូដែលត្រូវជនជាតិអ៊ីស្រាអែលធ្វើគុត ដូចគេធ្លាប់សម្លាប់កូនចៀមធ្វើយញ្ញបូជាក្នុងឱកាសបុណ្យចម្លង។
ស្ត្រី : ជានិមិត្តរូបនៃប្រជាជនរបស់ព្រះជាម្ចាស់ គឺព្រះសហគមន៍ ជាមហេសីរបស់ព្រះគ្រីស្ដ។
នាគ ឬពស់ : ជានិមិត្តរូបរបស់មារសាតាំង។
សត្វតិរច្ឆានដែលឡើងពីសមុទ្រ : ជានិមិត្តរូបរដ្ឋអំណាចរ៉ូម៉ាំង និងជានិមិត្តរូបនៃរដ្ឋអំណាចទាំងឡាយ។
សត្វតិរច្ឆានដែលផុសពីដី : ជានិមិត្តរូបស្តេចត្រាញ់ដែលបម្រើរដ្ឋអំណាចរ៉ូម៉ាំង និងមនោគមវិជ្ជាផ្សេងៗ។
ក្រុងបាប៊ីឡូន : ជានិមិត្តរូបនៃក្រុងរ៉ូម។
គម្រោងគម្ពីរវិវរណៈ
- សេចក្ដីផ្ដើម ១.១-៨
- និមិត្តហេតុអស្ចារ្យអំពីសំបុត្រផ្ញើទៅក្រុមគ្រីស្ដបរិស័ទទាំងប្រាំពីរ ១.៩‑៣.២២
- និមិត្តហេតុអស្ចារ្យក្រាំងដែលមានត្រាប្រាំពីរ ៤.១‑៨.១
- និមិត្តហេតុអស្ចារ្យត្រែទាំងប្រាំពីរ ៨.២‑១១.១៩
- និមិត្តហេតុអស្ចារ្យសត្វនាគ និងសត្វតិរច្ឆានទាំងពីរ ១២.១‑១៣.១៨
- និមិត្តហេតុអស្ចារ្យផ្សេងៗទៀត ១៤.១‑១៥.៨
- និមិត្តហេតុអស្ចារ្យអំពីពែងនៃព្រះពិរោធប្រាំពីរ ១៦.១-២១
- ការរំលាយក្រុងបាប៊ីឡូន បរាជ័យរបស់សត្វតិរច្ឆាន ព្រមទាំងព្យាការីក្លែងក្លាយ និងមារសាតាំង ១៧.១‑២០.១០
- ការវិនិច្ឆ័យទោសនៅគ្រាចុងក្រោយ ២០.១១-១៥
- ផ្ទៃមេឃថ្មី ផែនដីថ្មី និងក្រុងយេរូសាឡឹមថ្មី ២១.១‑២២.៥
- អវសានកថា ២២.៦-២១