ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូនលោកភីលេម៉ូន
លោកភីលេម៉ូនៈ ជាអ្នកធំមួយរូបដែលជឿព្រះគ្រីស្ត ហើយលោកប្រហែលជាត្រូវជាសមាជិកមួយរូបក្នុងព្រះសហគមន៍នៅក្រុងកូឡូស។ គាត់ត្រូវជាមិត្តភក្ដិរបស់លោកប៉ូល(ខ១)។ គាត់មានខ្ញុំបម្រើម្នាក់ឈ្មោះ អូនេស៊ីម ដែលបានរត់ចេញពីផ្ទះ។ អូនេស៊ីមបានទៅជួបលោកប៉ូល ហើយក៏ប្រែចិត្តជឿព្រះយេស៊ូដែរ។ លោកប៉ូលបានសម្រេចចិត្តចាត់គាត់ឲ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ ហើយលោកបាន សរសេរលិខិតឲ្យគាត់កាន់ទៅជាមួយផង។ ក្នុងលិខិតនេះ លោកប៉ូលបានសុំឲ្យលោកភីលេម៉ូនទទួលអូនេស៊ីម ក្នុងឋានៈជាបងប្អូនរួមជំនឿ គឺមិនមែនជាខ្ញុំបម្រើទៀតទេ(ធម្មតា ទាសករដែលរត់ដូច្នេះ តែងតែទទួលទោសជាទម្ងន់)។
គោលសំខាន់:
យើងសង្កេតឃើញថាលោកប៉ូលពុំបានបង្គាប់បញ្ជាលោកភីលេម៉ូនទេ ហើយលោកក៏ពុំបានជំទាស់នឹងសិទ្ធិរបស់លោកភីលេម៉ូនដែលជាម្ចាស់លើអូនេស៊ីមដែរ។ លោកគ្រាន់តែរំឭកលោកភីលេម៉ូន និងអស់អ្នកដែលអានលិខិតនេះ អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត ដែលនាំមនុស្សឲ្យមានទំនាក់ទំនងរវាងគ្នានឹងគ្នា តាមបែបមួយថ្មី សមជាអ្នកដែលបានទទួលជីវិតថ្មី។
គម្រោងគម្ពីរភីលេម៉ូនៈ
- សេចក្ដីផ្ដើម ១-៣
- លោកប៉ូលសរសើរលោកភីលេម៉ូន ៤-៧
- លោកប៉ូលសុំអនុគ្រោះអូនេស៊ីម ៨-២២
- អវសានកថា ២៣-២៥