ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងកូរិនថូស
ក្រុងកូរិនថូសៈ នៅជំនាន់លោកប៉ូល កូរិនថូសជាក្រុងមួយដ៏ធំ មានប្រជាជនប្រមាណ ៦០០.០០០ នាក់។ ក្រុងនេះ មានកំពង់ផែពីរ មួយនៅសង់ក្រេ មួយទៀតនៅលេសេ។ មានសំពៅជាច្រើនដឹកទំនិញចេញចូលមិនដាច់។ ប្រជាជនជាងពាក់កណ្ដាលជាអ្នកងារ។ នៅក្រុងកូរិនថូស មានមនុស្សគ្រប់ជាតិសាសន៍រស់លាយឡំគ្នា បណ្ដាលឲ្យក្រុងនេះមានឈ្មោះអាក្រក់ ហើយអ្នកក្រុងជាច្រើនប្រព្រឹត្តអំពើប្រាសចាកសីលធម៌គ្រប់ប្រភេទ អ្នកក្រុងនោះក៏កាន់សាសនាប្លែកៗពីគ្នា តាមប្រពៃណីរៀងៗខ្លួនដែរ។ ជនជាតិក្រិកដែលមានអារ្យធម៌ខ្ពស់ ចូលចិត្តស្ដាប់អ្នកប្រាជ្ញ និងទស្សនវិទូ ដែលមានសំនួនវោហារ ដ្បិតពួកគេយល់ថា គេអាចស្គាល់ព្រះជាម្ចាស់ និងសង្គ្រោះខ្លួនឯងបាន តាមការរិះគិតនៃប្រាជ្ញារបស់គេ។
លោកប៉ូលបានផ្សាយដំណឹងល្អនៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំកន្លះ គឺ នៅគ.ស.៥០-៥២ (កិច្ចការ ១៨:១-៨)។ គ្រីស្ដបរិស័ទភាគច្រើននៅក្រុងនោះសុទ្ធសឹងជាអ្នកក្រ និងជាអ្នកងារ (១កូរិនថូស ១:២៦-២៨)។
លោកប៉ូលចាកចេញពីក្រុងកូរិនថូសឆ្ពោះទៅក្រុងអេភេសូ។ ពេលនោះ មានគ្រីស្ដបរិស័ទជាតិយូដាម្នាក់ឈ្មោះអប៉ូឡូស ជាអ្នកមានសំនួនវោហារ ក៏បានទៅផ្សាយដំណឹងល្អនៅក្រុងអេភេសូ និងក្រុងកូរិនថូសដែរ (កិច្ចការ ១៨.២៤-២៨)។ គ្រីស្ដបរិស័ទនៅក្រុងកូរិនថូសបានបាក់បែកគ្នាជាបក្សជាពួកផ្សេងៗ ខ្លះកាន់តាមលោកអប៉ូឡូស ខ្លះកាន់តាមលោកប៉ូល ខ្លះទៀតកាន់តាមលោកសិលា (១កូរិនថូស ១២)។ មានអ្នកផ្ទះនាងក្លូអេ ទៅជម្រាបលោកប៉ូល អំពីការបាក់បែកគ្នានេះ។ លោកប៉ូលក៏ចាត់លោកធីម៉ូថេ ដែលជាសហការីមួយរូបរបស់លោក ឲ្យទៅក្រុងកូរិនថូស ដើម្បីប្រៀនប្រដៅគ្រីស្ដបរិស័ទនៅទីនោះ (១កូរិនថូស ៤.១៧)។ ពួកគេបានសរសេរសំណួរផ្សេងៗផ្ញើទៅលោកប៉ូល តាមរយៈលោកធីម៉ូថេ (១កូរិនថូស ៧.១)។ នៅឆ្នាំ៥៥-៥៦ លោកប៉ូលក៏សរសេរលិខិតមួយច្បាប់ឆ្លើយតបនឹងសំណួរទាំងនោះវិញ គឺ «លិខិតទីមួយផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងកូរិនថូស»។
ប៉ុន្តែ គ្រីស្ដបរិស័ទនៅក្រុងកូរិនថូសនៅតែនាំគ្នាប្រព្រឹត្តមិនសមរម្យ ដូច្នេះ លោកប៉ូលក៏សរសេរ លិខិតមួយច្បាប់ទៀតទៅបន្ទោសអ្នកទាំងនោះយ៉ាងខ្លាំង (ប្រហែលជាចំពូក ១០-១៣ នៃលិខិតទី២)។ បន្ទាប់មក លោកប៉ូលបានចាត់លោកទីតុសជាសហការីរបស់លោកឲ្យទៅចាត់ចែងប្រមូលប្រាក់ជំនួយនៅក្រុងកូរិនថូស រីឯលោកវិញ លោកទៅក្រុងត្រូអាស។ នៅគ.ស.៥៦ ឬ៥៧ កាលលោកប៉ូលស្នាក់នៅក្រុងត្រូអាស លោកទីតុសត្រឡប់ពីក្រុងកូរិនថូស ទាំងនាំដំណឹងផ្សេងៗពីគ្រីស្ដបរិស័ទនៅទីនោះមកជម្រាបលោក។ លោកសប្បាយចិត្តក៏សរសេរលិខិតមួយច្បាប់ទៀតផ្ញើទៅគ្រីស្ដបរិស័ទនៅក្រុងកូរិនថូស (ចំពូក១‑៩នៃលិខិតទី២)។
គោលសំខាន់ៗ
ក្នុងលិខិតទីមួយ លោកប៉ូលជួយដោះស្រាយបញ្ហាផ្សេងៗរបស់ព្រះសហគមន៍នៅក្រុងកូរិនថូស គឺលោកបានអប់រំគ្រីស្ដបរិស័ទឲ្យរស់នៅដោយថ្លៃថ្នូរ តាមឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះជាម្ចាស់។
- អំពីការប្រកាន់បក្សពួកក្នុងព្រះសហគមន៍ (១.១០‑៤.២១):
បញ្ហានេះកើតមកពីជនជាតិក្រិកចូលចិត្តយកប្រាជ្ញាមនុស្សលោកមករិះគិតអំពីព្រះគ្រីស្ដ តាមអារ្យធម៌របស់ពួកគេ។ លោកប៉ូលពន្យល់អំពីទំនាក់ទំនងរវាងជំនឿ និងប្រាជ្ញាមនុស្សលោក។ ជំនឿរបស់គ្រីស្ដបរិស័ទពុំសំអាងលើការរិះគិតរបស់មនុស្សទេ ហើយក៏ពុំមែនជាទ្រឹស្ដីដ៏ល្អប្រសើរដែរ។ ជំនឿនេះកើតមកពីព្រះវិញ្ញាណដែលបំភ្លឺចិត្តគំនិតរបស់មនុស្ស ហើយនាំឲ្យមនុស្សចូលរួមជាមួយព្រះគ្រីស្ដដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ - បញ្ហាគ្រីស្ដបរិស័ទប្រព្រឹត្តអំពើប្រាសចាកសីលធម៌ (៦.១៨-២០):
គ្រីស្ដបរិស័ទប្ដឹងផ្ដល់គ្នា (៦.១-១១) ការទូន្មានរបៀបរស់នៅជាគូស្រករ ឬនៅលីវ (៧) បញ្ហាទាំងនេះកើតមកពីអារ្យធម៌របស់អ្នកក្រុងកូរិនថូស មានអ្នកខ្លះលើកតម្កើងប្រាជ្ញារបស់មនុស្សលោកខ្លាំងពេក ហើយមើលងាយរូបកាយមនុស្ស បណ្ដាលឲ្យគេប្រព្រឹត្តអំពើថោកទាបតាមកាមគុណ។ មានអ្នកខ្លះមើលងាយរូបកាយតាមរបៀបផ្សេង គឺពួកគេកាន់សីលធម៌តឹងតែងពេក មិនព្រមឲ្យបុរសស្ត្រីយកគ្នាជាគូស្វាមីភរិយាឡើយ។ លោកប៉ូលប្រៀនប្រដៅអំពីកិត្តិយសរបស់រូបកាយដែលជាព្រះវិហារសម្រាប់ព្រះវិញ្ញាណគង់នៅ។ - បញ្ហាបរិភោគសាច់ដែលគេសែនរួចហើយ (៨.១‑១១.១):
បញ្ហានេះកើតមកពីគ្រីស្ដបរិស័ទប្រាស្រ័យទាក់ទងជាមួយអ្នកកាន់សាសនាដទៃ។ នៅជំនាន់នោះ អ្នកកាន់សាសនាដទៃតែងយកសាច់សែនរូបសំណាកព្រះរបស់គេ។ តើគ្រីស្ដបរិស័ទមានសិទ្ធិបរិភោគសាច់ដែលគេសែនហើយនោះឬទេ?។ ត្រង់ចំណុចនេះ លោកប៉ូលប្រៀនប្រដៅគ្រីស្តបរិស័ទឲ្យគោរពព្រះគ្រីស្ដជាព្រះសង្គ្រោះតែមួយគត់ និងជាព្រះអម្ចាស់លើអ្វីៗទាំងអស់ ហើយលោកក៏បានដាស់តឿនគេ ឲ្យគោរពសេរីភាពរបស់គ្រីស្ដបរិស័ទ ដែលមានជំនឿទន់ខ្សោយដែរ។ - របៀបរៀបរយក្នុងព្រះសហគមន៍ (១១.២‑១៤.៤០):
លោកប៉ូលបានបរិយាយអំពីសណ្ដាប់ធ្នាប់ដែលគ្រីស្ដបរិស័ទត្រូវប្រកាន់យក ក្នុងពេលប្រជុំរួមគ្នាថ្វាយបង្គំព្រះជាម្ចាស់ ក្នុងរបៀបប្រើព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ គ្រីស្ដបរិស័ទត្រូវប្រព្រឹត្តគ្រប់កិច្ចការទាំងអស់ដោយចិត្តស្រឡាញ់ ដើម្បីជាប្រយោជន៍រួម ក្នុងការកសាងព្រះកាយរបស់ព្រះគ្រីស្ដ។ - អំពីមនុស្សរស់ឡើងវិញ (១៥.១-៥៦):
តាមអារ្យធម៌ក្រិក គេយកវិញ្ញាណជាធំ គេពុំជឿថារូបកាយមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបានទេ។ លោកប៉ូលពន្យល់ថា ប្រសិនបើរូបកាយមនុស្សមិនរស់ឡើងវិញទេ ព្រះគ្រីស្ដក៏មិនរស់ឡើងវិញ ហើយជំនឿរបស់គ្រីស្ដបរិស័ទក៏ឥតបានការអ្វីដែរ។ក្នុងលិខិតទីពីរ លោកប៉ូលបានរៀបរាប់អំពីទុក្ខលំបាកផ្សេងៗ ដែលលោកបានជួបប្រទះ នៅតំបន់ជុំវិញក្រុងអេភេសូ (១.១-១១)។ ក្រោយមក លោកក៏បានពន្យល់អំពីមុខងារជាគ្រីស្ដទូត និងអំពីទុក្ខលំបាកផ្សេងៗដែលគ្រីស្ដទូតត្រូវឆ្លងកាត់ (១.១២‑៧.១៦)។លោកដាស់តឿនគ្រីស្ដបរិស័ទឲ្យមានចិត្តទូលាយ ក្នុងការប្រមូលប្រាក់តង្វាយផ្ញើទៅជួយពួកបងប្អូននៅស្រុកយូដាដែលកំពុងខ្វះខាត (៨‑៩)។នៅទីបញ្ចប់ លោកប៉ូលខំដោះសាខ្លួនចំពោះអ្នកមួលបង្កាច់លោក គឺលោកបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីមុខងាររបស់លោកជាគ្រីស្តទូត។