អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤

បពិត្រព្រះយេស៊ូជាអម្ចាស់! សូមព្រះអង្គទ្រង់ព្រះមេត្តាយាងមកសង្គ្រោះយើងខ្ញុំយ៉ាងប្រញាប់! សូមកុំបង្អង់ឡើយ! សូមលើកទឹកចិត្តយើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។ សូមពង្រឹងជំនឿយើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែព្រះគម្ពីររបស់លោកសាមូអែលទី២ ២សម ៧,១-៥.៨-១២.១៤.១៦

ពេលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ បន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានឱ្យទ្រង់បានសុខសាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី ទ្រង់មានរាជ្យឱង្ការទៅកាន់ ព្យាការីណាថានថា៖«សូមលោកគិតមើល! យើងរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់សំពត់!»។ ព្យាការីណាថានទូលស្តេចវិញថា៖«ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យនឹងធ្វើ សូមធ្វើទៅចុះ ដ្បិតព្រះអម្ចាស់គង់ជាមួយព្រះអង្គហើយ»។ ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីណាថានថា៖ «ចូរទៅប្រាប់ដាវីឌជាបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ “មិនមែនអ្នកទេ ដែលនឹងសង់ដំណាក់ឱ្យយើងនៅ”។ យើងបានយកអ្នកចេញពីវាលស្មៅមក កាលអ្នកនៅជាគង្វាលចៀមនៅឡើយ ដើម្បីឱ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ។ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងនឹងធ្វើឱ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ យើងនឹងប្រគល់ស្រុកមួយឱ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងនឹងឱ្យគេតំាងទីលំនៅជាប់លាប់រហូតឥតមាននរណាមករំខានគេឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេដូចកាលពីមុន ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកវីរបុរស ឱ្យណែនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។ យើងឱ្យអ្នកបានសុខសាន្ត ដោយរួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឱ្យអ្នកមានរាជនុវង្សមួយផង។ ពេលណាអ្នកចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឱ្យពូជពង្សរបស់អ្នកឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឱ្យនៅស្ថិតស្ថេររហូតទៅ។ យើងនឹងទៅជាឪពុករបស់គេ ហើយគេក៏ទៅជាកូនរបស់យើងដែរ។ ពូជពង្ស និងរាជ្យសម្បត្តិរបស់អ្នក​នឹងនៅស្ថិតស្ថេររហូតទៅ ហើយរាជបល្ល័ង្ករបស់អ្នក ក៏នឹងបានរឹងមាំរហូតតរៀងទៅដែរ»។

ទំនុកតម្កើងលេខ ៨៩,២-៥.២៧.២៩ បទកាកគតិ

២. ឱ! ព្រះជាម្ចាស់ ខ្ញុំមិនគេចប្រាស នឹងច្រៀងតម្កើង
បង្គំព្រះអង្គ ព្រះទ័យខ្ពស់ថ្កើង អស់កល្បយូលង់
អង្វែងតទៅ ។
៣. ខ្ញុំប្រកាសថា ព្រះទ័យមេត្តា ករុណាត្រឹមត្រូវ
របស់ព្រះអង្គ ស្ថិតស្ថេរគង់នៅ មាំមិនអាស្រូវ
ដូចផ្ទៃមេឃា ។
៤. យើងចងសម្ពន្ធ មេត្រីបន្ទាន់ ចុះខសន្យា
ជ្រើសលោកដាវីឌ ហើយតែងតាំងជា បម្រើការពារ
ឥតមានប្រែប្រួល ។
៥. យើងនឹងតាំងពង្ស ពូជអ្នកឱ្យគង់ នៅជុំត្រកូល
តាំងរាជ្យអ្នក នៅបានសុខស្រួល គ្មានអ្វីប្រែប្រួល
អង្វែងដរាប ។
២៧. ដាវីឌហៅយើង បិតាមិនឆ្មើង ថាថ្មខែលហំ
ដែលបានសង្គ្រោះ រំដោះរូបខ្ញុំ បានឡើងឧត្តម
ខ្ពង់ខ្ពស់សង្ហារ ។
២៩. យើងនឹងបញ្ចេញ ឥតមានទោម្នេញ ដោយចិត្តប្រណី
នឹងរក្សាទុក សម្ពន្ធមេត្រី ចងជាប់មិនស្រាយ
មិនគេចប្រែប្រួល ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! អារុណដែលរះឡើង! ឱ! ពន្លឺដែលស្ថិតនៅអស់កល្បជានិច្ច! ឱ! សេចក្តីសុចរិតដ៏រុងរឿង!
សូមយាងមកបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងភាពងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៦៧-៧៩

ពេលលោកយ៉ូហានបាទីស្តកើតមក លោកសាការីជាឪពុកពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ថ្លែងពាក្យក្នុងព្រះនាមព្រះជាម្ចាស់ថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ទ្រង់បានប្រទានឱ្យយើងនូវព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ដែលប្រសូត​មកក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ។ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របតាមព្រះបន្ទូលសន្យា ថ្លែងដោយសារអស់លោកព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងឱ្យរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ដល់បុព្វបុរសរបស់យើង ហើយទ្រង់គោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ គឺព្រះបន្ទូលសន្យាយ៉ាងម៉ឹងម៉ាត់ជាមួយលោកអប្រាហាំបុព្វបុរសរបស់យើងថា ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឱ្យយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច ព្រមទាំងឱ្យយើងរស់នៅបានវិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ កូននឹងធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឱ្យគេរួចពីបាប។ ដោយព្រះរបស់យើងមានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណាដ៏លើសលប់ អរុណដែលរះពីស្ថានលើ យាងមករំដោះយើង គឺទ្រង់បានបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងភាពងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ដើម្បីតម្រង់ផ្លូវ​យើង ឆ្ពោះទៅកាន់សេចក្តីសុខសាន្ត»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសង្គ្រោះយើងខ្ញុំ ដោយសារព្រះយេស៊ូជាពន្លឺ ដែលបំភ្លឺមនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សយ៉ាងអស្ចារ្យ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់អំពីព្រះអំណោយទានដ៏វិសេសបំផុត ដែលព្រះអង្គបានប្រទានដោយសារព្រះបុត្រានេះផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

Facebook
Twitter
LinkedIn