អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ព្រះយេស៊ូមានរូបរាង មានសាច់ឈាមជាមនុស្សដូចយើងរាល់គ្នាបេះបិទ។ ព្រះអង្គជាប់ព្រះរាជវង្សានុវង្សរបស់ព្រះបាទដាវីឌ។ កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថានឹងចាត់ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គ ដែលយាងមករំដោះប្រជាជនអ៊ីស្រាអែលឱ្យរួចពីខ្មាំងសត្រូវ។ យើងជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្តនោះមែន ទ្រង់រំដោះមនុស្សលោកឱ្យបានរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។
ជនជាតិយូដាស្មានថា ព្រះគ្រីស្តមុខជានឹងយាងមកប្រកបដោយសិរីរុងរឿង និងប្រព្រឹត្តការអស្ចារ្យ ទាំងរំដោះប្រជាជនគេដោយឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច។ ផ្ទុយទៅវិញ ព្រះយេស៊ូយាងមករួមរស់ជាមួយមនុស្សយើង ដូចមនុស្សធម្មតា ព្រះអង្គធ្វើឱ្យជីវិតមនុស្សយើងទទួលតម្លៃដ៏ថ្លៃប្រសើរផង។
នាងម៉ារី និងលោកយ៉ូសែប ជាតំណាងប្រជាជនអ៊ីស្រាអែលទាំងមូលដែលរង់ចាំព្រះគ្រីស្ត។ អ្នកទាំងពីរបានទទួលព្រះអង្គដោយចិត្តស្មោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្ហាញព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ឱ្យមនុស្សលោកស្គាល់ ដោយប្រោសឱ្យ​ស្រ្តីព្រហ្មចារីម្នាក់ អាចបង្កើតព្រះបុត្រារបស់ព្រះអង្គបាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿមាំមួន ដូចនាងម៉ារី និង លោកយ៉ូសែប។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ទីសម្គាល់នានា ដែលបង្ហាញថា ព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃនេះផង។

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៥,១-៤

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បេថ្លេហិមអេប្រាតាអើយ ! ក្នុងចំណោមអំបូរទាំងប៉ុន្មាននៃពូជពង្សយូដា អ្នកតូចជាងគេមែន តែស្តេចដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើងនឹងប្រសូតចេញមកពីអ្នក។ ព្រះអង្គនោះ មានដើមកំណើតតាំងពីបុរាណកាលដ៏យូរអង្វែង ព្រះអម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលស្ត្រីដែលជាមាតាសម្រាលព្រះរាជ្យបុត្រានោះមក។ នៅពេលនោះ បងប្អូនរបស់ព្រះរាជបុត្រដែលសេសសល់នឹងវិលមកជួបជុំគ្នាជាមួយប្រជាជនអ៊ីស្រាអែលវិញ។ ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្តារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះជាម្ចាស់ជាព្រះរបស់លោក។ ស្រុកអ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុងឧត្តមរហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្តេចនោះហើយដែលផ្តល់សុខសន្តិភាព!។

ទំនុកតម្កើងលេខ ៨០,២-៣.១៥-១៦.១៨-១៩ បទព្រហ្មគីតិ

២. ព្រះម្ចាស់ជាគង្វាល អ៊ីស្រាអែលសូមសណ្តាប់
ពូជពង្សលោកយ៉ូសែប ដែលព្រះអង្គបានដឹកនាំ ។
ដូចជាអ្នកគង្វាល ចាំយាមឃ្វាលចៀមថែទាំ
គេរស់ដោយសុខដុម សូមសម្តែងព្រះបារមី ។
៣. ឱ្យពួកកុលសម្ព័ន្ធ អេប្រាអ៊ីមឃើញស្នាដៃ
និងជាតិផ្សេងៗក្តី សូមទ្រង់លៃជួយសង្គ្រោះ ។
១៥. ឱ! ព្រះជាម្ចាស់អើយ កុំកន្តើយសូមទ្រង់ទត
ពីស្ថានសួគ៌ាមក ជួយយើងខ្ញុំកុំខានឡើយ ។
១៦. សូមទ្រង់ជួយរក្សា ថែចម្ការដែលមានហើយ
ការពារកុំបណ្តោយ ក្រែងថ្លោះធ្លោយខ្មាំងញាំញី ។
១៨. សូមទ្រង់ដាក់ព្រះហស្ត លើស្តេចនោះគង់ខាងស្តាំ
បុត្រមនុស្សដ៏ឧត្តម ដែលព្រះអង្គពង្រឹងឡើង ។
១៩. យើងខ្ញុំមិនបែកបែរ ចិត្តងាករេពីព្រះអង្គ
សូមប្រោសប្រទានផង ឱ្យយើងខ្ញុំមានជីវិត ។
ពេលខ្ញុំរស់ឡើងវិញ ចិត្តពោរពេញនៅនែបនិត្យ
គោរពបម្រើពិត ឥតមានក្បត់ឆ្ងាយពីទ្រង់ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,៥-១០

បងប្អូនជាទីស្រឡាញ់!
នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ។ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះជាម្ចាស់! ឥឡូវនេះទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្តីដែលមានចែងទុកអំពីទូលបង្គំនៅក្នុងគម្ពីរ»។
​ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមធម្មវិន័យដែរ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយរករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះយេស៊ូគ្រីស្ត បានថ្វាយព្រះកាយរបស់ព្រះអង្គម្តងជាសូរេចតាមព្រះហឫទ័យព្រះជាម្ចាស់។ ហេតុនេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សផ ៣,១៤.១៧

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះនាងព្រហ្មចារីនីម៉ារីអើយ! ចូរហ៊ោកញ្ជ្រៀវសប្បាយឡើង!
ពិភពលោកទាំងមូលសមនឹងទទួលព្រះអម្ចាស់ តែព្រះអង្គគង់នៅជាមួយព្រះនាងហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១,៣៩-៤៥

នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។ នាងចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? កាលខ្ញុំឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃបំរះឡើងដោយអំណរសប្បាយ។ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជានឹងសម្រេចមិនខាន»។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គបានប្រោសនាងម៉ារីឱ្យមានគភ៌ដោយសារព្រះវិញ្ញាដ៏វិសុទ្ធ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យព្រះវិញ្ញាណញាំងតង្វាយទាំងនេះឱ្យទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ សូមឱ្យយើងខ្ញុំចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះជន្មគង់នៅជានិច្ច និងមានតេជានុភាពសព្វប្រការ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងថ្លែងអំណរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។ គឺព្រះ គ្រីស្តនេះហើយ ដែលអស់លោកព្យាការីបានទាយថា ទ្រង់នឹងយាងមកសង្គ្រោះមនុស្សលោក! គឺព្រះគ្រីស្តនេះហើយ ដែលនាងម៉ារីជាស្រ្តីព្រហ្មចារីរង់ចាំដោយចិត្តស្រឡាញ់! គឺព្រះគ្រីស្តនេះហើយដែលលោកយ៉ូហានបាទីស្តបានប្រកាសថា ព្រះអង្គជិតយាងមក ហើយ រួចលោកបង្ហាញឱ្យអ្នកស្រុកដឹងថា ព្រះអង្គគង់នៅជាមួយគេផង!។ គឺព្រះគ្រីស្តនេះហើយ ដែលប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយទ្រង់បានប្រសូត្រជាមនុស្សដូចយើងខ្ញុំ។ កាលព្រះអង្គនឹងយាងមកវិញ នៅពេលចុងក្រោយបំផុត យើងខ្ញុំសង្ឃឹមថា នឹងបានចូលរួមជាមួយព្រះអង្គអស់កល្បជានិច្ច។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គល​ទាំងឡាយដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណឱ្យយាងមកសណ្ឋិតក្នុងយើងខ្ញុំ ដូចទ្រង់សណ្ឋិតក្នុងនាងម៉ារី កាលពីដើម។ សូមឱ្យយើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គជានិច្ចផង។

Facebook
Twitter
LinkedIn