សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១៨,២០-៣៩
ព្រះបាទអខាប់ចាត់គេឱ្យទៅកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ព្រមទាំងប្រមូលពួកព្យាការីរបស់ព្រះបាល ឱ្យមកជួបជុំគ្នានៅលើភ្នំការមែល។ ពេលនោះ ព្យាការីអេលីចូលទៅជិតប្រជាជនទាំងមូល ហើយមានប្រសាសន៍ថា៖«តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើព្រះអម្ចាស់ជាព្រះដ៏ពិតប្រាកដ ចូរគោរពបម្រើព្រះអង្គចុះ ប្រសិនបើព្រះបាលជាព្រះដ៏ពិតប្រាកដវិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះ ប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។ ព្យាការីអេលីមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖«ក្នុងចំណោមព្យាការីរបស់ព្រះអម្ចាស់ នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។ ចូរយកគោបាពីរក្បាលមក។ សូមអស់ព្យាការីជ្រើសរើសយកមួយក្បាល រួចកាប់ជាដុំៗដាក់លើគំនរអុស តែកុំបង្កាត់ភ្លើង។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងដែរ។ បន្ទាប់មក ចូរអង្វរព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំនឹងអង្វរព្រះនាមព្រះអម្ចាស់ដែរ។ ព្រះណាឆ្លើយតបដោយធ្វើឱ្យភ្លើងឆេះ គឺព្រះនោះហើយជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖«យល់ព្រម»។
ព្យាការីអេលីមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖«សូមជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់លោក ហើយចាប់ផ្តើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ សូមអង្វរព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្តើមអង្វរព្រះនាមរបស់ព្រះបាល តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ដោយពោលថា៖«ឱព្រះបាលអើយ! សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេងឬចម្លើយអ្វីឡើយ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។ លុះដល់ថ្ងៃត្រង់ ព្យាការីអេលីនិយាយចំអកទៅពួកគេថា៖«ចូរខំប្រឹងស្រែកឱ្យខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ។ ហេតុនេះ ប្រហែលជាព្រះអង្គកំពុងជាប់រវល់ ឬមានភារកិច្ចអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាផ្ទំលក់។ ដូច្នេះ ត្រូវដាស់ព្រះអង្គឱ្យតើនឡើង»។ ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែង ឆូតសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។ លុះដល់ថ្ងៃជ្រេបន្តិច ពួកគេស្លុងស្មារតីទស្សទាយ និងរាំរហូតដល់ពេលថ្វាយសក្ការបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសម្គាល់អ្វីឡើយ។
ព្យាការីអេលីមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា ៖«ចូរនាំគ្នាចូលមកជិតខ្ញុំ»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ ព្យាការីអេលីសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ គឺអាសនៈដែលពួកគេរំលំចោល។ លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប គឺលោកយ៉ាកុបនេះហើយ ដែលព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកនឹងមានឈ្មោះថា អ៊ីស្រាអែល”។ ព្យាការីអេលីយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយ ថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។ លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗ ដាក់ពីលើអុសនោះ។ លោកមានប្រសាសន៍ថា៖«ចូរដងទឹកបួនពាង ចាក់លើតង្វាយនិងលើអុសនេះ។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖«ចូរដងទឹកមកចាក់ម្តងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ លោកមានប្រសាសន៍ជាលើកទីបីថា៖«ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោកជាលើកទីបី។ ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។ លុះដល់ពេលថ្វាយសក្ការបូជា វេលាល្ងាច ព្យាការីអេលីចូលមកជិតអាសនៈហើយទូលថា៖«បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល! នៅថ្ងៃនេះ សូមព្រះអង្គបង្ហាញឱ្យប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែលមែន ហើយទូលបង្គំក៏ពិតជាអ្នកបម្រើរបស់ព្រះអង្គដែរ។ សូមឱ្យពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះតាមព្រះបញ្ជារបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គទ្រង់មេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដតែមួយព្រះអង្គ ដែលនាំចិត្តពួកគេឱ្យវិលមករកព្រះអង្គវិញ»។
ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះទាំងតង្វាយ ទាំងអុស ទាំងថ្ម ទាំងដី ព្រមទាំងធ្វើឱ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។ កាលប្រជាជនទាំងមូលឃើញដូច្នេះ គេក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖«ព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ! គឺព្រះអម្ចាស់ហើយជាព្រះពិតប្រាកដតែមួយព្រះអង្គ!»។
ទំនុកតម្កើងលេខ ១៦ (១៥),១-៥.៨-៩.១១ បទពាក្យ ៧
១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
៣ | អារុក្ខអារក្សអ្នកតាព្រៃ | ម្ចាស់ទឹកម្ចាស់ដីកាលពីមុន | |
ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ | ផ្តល់តែទារុណរាល់វេលា | ។ | |
៤ | ទូលបង្គំនឹងមិនចូលរួម | មិនទទួលព្រមរួមជាគ្នា | |
គោរពនិងថ្វាយយញ្ញបូជា | មិនពោលនាមាព្រះក្លែងក្លាយ | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,៣
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះម្ចាស់អើយ! សូមបង្ហាញឱ្យខ្ញុំចេះកាន់ធម្មវិន័យរបស់ព្រះអង្គ សូមឱ្យខ្ញុំកាន់តាមដោយចិត្តស្មោះផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៧-១៩
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬសេចក្តីប្រៀនប្រដៅរបស់ព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យ ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបញ្ញតិតូចមួយ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ»។