ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ប្រសិនបើព្រះអង្គមិនជួយទេ នោះយើងខ្ញុំពុំអាចគាប់ព្រះហប្ញទ័យព្រះអង្គបានឡើយ! ហេតុនេះ សូមទ្រង់ព្រះមេត្តាសម្តែងព្រះហប្ញទ័យស្រឡាញ់ថ្នាក់ថ្នមមកយើងខ្ញុំ សូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំផង។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១១,១៨-២០
ព្យាការីយេរេមីទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានដំណឹងមកខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកលដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។ ឯខ្ញុំវិញ ខ្ញុំប្រៀបបីដូចកូនចៀមដ៏ស្លូតដែលគេដឹកទៅទីអត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា៖ “យើងនាំគ្នារំលំដើមឈើដែលកំពុងតែមានផ្លែនេះទៅ! យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឱ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គជាចៅក្រមដ៏សុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្សយ៉ាងច្បាស់ ខ្ញុំមុខជាឃើញព្រះអង្គរកយុត្តិធម៌ដោយដាក់ទោសពួកគេមិនខាន ខ្ញុំសូមផ្ញើរឿង ហេតុរបស់ខ្ញុំទៅលើព្រះអង្គ!»។
ទំនុកតម្កើងលេខ ៧,២-៣.១០-១២.១៨ បទពាក្យ ៧
២ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំសូមពឹងហើយលើព្រះអង្គ | |
សង្រ្គោះរំដោះនិងទ្រទ្រង់ | រួចពីអន្លង់អ្នកបៀតបៀន | ។ | |
៣ | ក្រែងលោគេហែកទូលបង្គំ | ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន | |
នោះគ្មាននរណាអាចនឹងហ៊ាន | រំដោះឱ្យបានរួចជីវិត | ។ | |
១០ | សូមឈប់ធ្វើអំពើទុច្ចរិត | ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង | |
បពិត្រព្រះដ៏សុចរិតថ្កើង | ព្រះអង្គតែងឈ្វេងយល់ចិត្តមនុស្ស | ។ | |
១១ | ព្រះអង្គជាខែលការពារខ្ញុំ | ទ្រង់ជួយឧបត្ថម្ភនិងសង្គ្រោះ | |
អ្នកដែលមានចិត្តទៀងត្រង់ស្មោះ | បានភ្លឺត្រចះត្រចង់ជាក់ | ។ | |
១២ | ព្រះម្ចាស់ជាចៅក្រមសុចរិត | ព្រះអង្គតែងគិតដាក់ទោសអ្នក | |
ប្រព្រឹត្តអាក្រក់ឥតមានអាក់ | គ្មាននរណាម្នាក់រួចខ្លួនទេ | ។ | |
១៨ | ខ្ញុំនឹកសរសើរតម្កើងព្រះ | អម្ចាស់មានហប្ញទ័យសុចរិត | |
ខ្ញុំនឹងច្រៀងលើកតម្កើងប្ញទ្ធិ | ព្រះនាមបរិសុទ្ធខ្ពស់ឧត្តម | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បអង្វែងតរៀងទៅ។ |
គ | ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បអង្វែងតរៀងទៅ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៧,៤០-៥៣
នៅគ្រានោះ ព្រះយេស៊ូបង្រៀនបណ្តាជនក្នុងព្រះវិហារ។ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ មានអ្នកខ្លះក្នុងចំណោមបណ្តាជនពោលថា៖ «លោកនេះពិតជាព្យាការីដែលយើងរង់ចាំនោះមែន!»។ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រីស្ត»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រីស្តមិនមែនមកពីស្រុកកាលីឡេទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា ព្រះគ្រីស្តជាព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហឹម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ»។ បណ្តាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ក្នុងចំណោមបណ្តាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារវិលទៅជួបពួកមហាបូជាចារ្យ និងពួកខាងគណៈផារីស៊ីវិញ។ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំមក?»។ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ មានតែបណ្តាជនដែលមិនស្គាល់ធម្មវិន័យទេដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្តាសា!»។ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះនីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុនមានប្រសាសន៍ថា៖ «តាមធម្មវិន័យរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បាន ដរាបណាយើងមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិនិត្យពិច័យគម្ពីរមើល៍ គ្មានព្យាការីណាម្នាក់កើតមកពីស្រុកកាលីឡេឡើយ»។ បន្ទាប់មកម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទទួលដង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ ពេលយើងខ្ញុំចង់ឃ្លាតចាកពីព្រះអង្គ សូមទ្រង់ព្រះមេត្តាអាណិតមេត្តាតម្រង់ចិត្តគំនិតយើងខ្ញុំ ឱ្យវិលមករកព្រះអង្គវិញ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូក្នុងអភិបូជានេះ។ សូមឱ្យព្រះគ្រីស្តជម្រះចិត្តគំនិតយើងខ្ញុំ ព្រមទាំងផ្តល់កម្លាំងឱ្យយើងខ្ញុំប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហប្ញទ័យព្រះអង្គផង។