អត្ថបទព្រះគម្ពីរ ថ្ងៃ ទី​២៧ ធ្នូ សន្តយ៉ូហានជាគ្រីស្តទូន

person holding black cover bible

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ១,១-៤

ព្រះបន្ទូលដែលផ្តល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់។ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះ បានលេចមកឱ្យយើងឃើញ ហើយយើងសូមផ្តល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូនអំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរកព្រះបិតា និងលេចមកឱ្យយើងឃើញ។ យើង​សូមជូនដំណឹងអំពីព្រះបន្ទូល ដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បី​ឱ្យបងប្អូនបានចូលរួមរស់ជាមួយយើង។ រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រីស្តដែលជាព្រះបុត្រារបស់ព្រះអង្គ។ យើងសរសេរសេចក្តីទាំងនេះ​មកជូនបងប្អូន ដើម្បីឱ្យយើងមានអំណរពេញលក្ខណៈ។

ទំនុកតម្កើងលេខ ៩៧ (៩៦) ,១-២.៥-៦.១១-១២ បទពាក្យ ៧

១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើង កោះទាំងឡាយផងអរសប្បាយ ។
២. មានពពកខ្មួលខ្មៅងងឹត ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃ សុចរិតថ្លាថ្លៃល្អត្រចង់ ។
៥. ភ្នំនានាដែលនៅចំពោះ ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយ ដោយកំដៅថ្ងៃនៅមិនបាន ។
៦. ផ្ទៃមេឃក៏បានស្រែកប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។
១១. មានទាំងពន្លឺបំភ្លឺមនុស្ស មានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មា អរឥតឧបមាសប្បាយក្រៃ ។
១២. ឱពួកអ្នកសុចរិតទាំងឡាយ ចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ ប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២១,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាសាវ័កដ៏ជាទីស្រឡាញ់បានផ្តល់សក្ខីភាពអំពីព្រះបន្ទូលដែលផ្តល់ជីវិត យើងដឹងថា សក្ខីភាពនេះពិតប្រាកដមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,២-៨

ព្រឹកថ្ងៃបុណ្យចម្លង នាងម៉ារីជាអ្នកស្រុកម៉ាដាឡា រត់មកជម្រាបលោកស៊ីម៉ូសិលា និងសាវ័កម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ យើងមិនដឹងជាគេយកទៅដាក់នៅឯណាឡើយ!»។ លោកសិលា និងសាវ័កម្នាក់ទៀតនោះក៏ចេញទៅផ្នូរ។ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កម្នាក់នោះរត់លឿនជាងលោកសិលា ទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើលឃើញសំពត់ស្នប តែគាត់មិនបានចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនសិលាដែលរត់តាមក្រោយក៏មកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើល៍សំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ។ គាត់បានឃើញ ហើយជឿ។

ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,២០-២៤

លោកសិលាងាកមើលក្រោយ ឃើញសាវ័កដែលព្រះយេស៊ូស្រឡាញ់ដើរតាមមកដែរ។ សាវ័កនោះហើយដែលបានឱនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយ​ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?»។ កាលលោកសិលាឃើញគាត់ លោកទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ រីឯអ្នកសុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា៖ «ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?» សាវ័កនោះហើយដែលបានផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថា សក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។

Facebook
Twitter
LinkedIn