អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២១ ខែវិច្ឆិការ ឆ្នាំ២០២៣

បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ

នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាលើកតម្កើងព្រះនាងម៉ារីដែលថ្វាយទាំងចិត្តគំនិតទាំងខ្លួនទៅព្រះជាម្ចាស់ គឺព្រះនាងពិតជា “អ្នកបម្រើដ៏ទន់ទាបរបស់ព្រះអម្ចាស់”។ គ្រីស្តបរិស័ទពីដើម តែងតំណាលថា ឪពុកម្តាយព្រះនាងម៉ារី បានយកព្រះនាងមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារយេរូសាឡឹម។ ទោះបីរឿងនេះគ្មានកត់ត្រាទុកក្នុងគម្ពីរក៏ដោយ ក៏យើងជឿថា ព្រះនាងម៉ារីពិតជាថ្វាយចិត្តគំនិតស្ម័គ្រចិត្តបម្រើព្រះជាម្ចាស់ជានិច្ច។ ពេលព្រះអង្គសុំឱ្យព្រះនាងធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ ព្រះនាងយល់ព្រមភ្លាម។ ព្រះនាងត្រឡប់ទៅជាព្រះដំណាក់សម្រាប់ព្រះបុត្រាគង់នៅ។ ព្រះនាងម៉ារីពិតជាគំរូរបស់គ្រីស្តបរិស័ទ ជាពិសេសរបស់បព្វជិត ព្រោះព្រះនាងបានថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៦,១៨-៣១

លោក​អេឡាសារ​ជា​ធម្មា​ចារ្យ​ដ៏​សំខាន់​ម្នាក់​ក្នុង​ចំណោម​ធម្មា​ចារ្យ​ទាំង​ប៉ុន្មាន។ លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ ឫក​ពារ​ក៏​ល្អ​គួរឱ្យ​គោរព។ គេ​ចាប់​បើក​មាត់​បង្ខំឱ្យ​លោក​ពិសារ​សាច់​ជ្រូក។ លោក​ស៊ូ​ស្លាប់​យ៉ាង​ថ្លៃ​ថ្នូរ ប្រសើរ​ជាង​រស់​នៅ​យ៉ាង​អាម៉ាស់។ លោក​ស្ម័គ្រ​ចិត្ត​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​ទារុណ​កម្ម។ លោក​ខ្ជាក់​សាច់​ពី​ក្នុង​មាត់ ដូច​អ្នក​ក្លាហាន​មិន​ព្រម​ពិសារ​អ្វី ដែល​គម្ពីរ‌វិន័យ​មិន​អនុញ្ញាត​ឱ្យ​បរិភោគ ទោះបី​ត្រូវ​បាត់​បង់​ជីវិត​ក៏​ដោយ។ អស់​លោក​ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ជប់​លៀង​ព្រះ​ដទៃ ដែល​វិន័យ​ហាម​នោះ ស្គាល់​លោក​ជា​យូរ​យារ​ណាស់​មក​ហើយ។ គេ​នាំ​លោក​អេឡាសារទៅ​ដោយ​ឡែក​ពី​ប្រជាជន ហើយ​បញ្ចេះ​ឱ្យគេ​យក​សាច់​ដែល​វិន័យ​អនុញ្ញាត​ឱ្យ​បរិភោគ មក​ធ្វើ​ម្ហូប​សម្រាប់​លោក រួច​លោក​ត្រូវ​តែ​ពិសារ​សាច់​ដែល​គេ​ធ្វើ​នោះ ហើយ​ធ្វើ​ពុត​ដូច​ជា​ពិសារ​សាច់​ដែល​គេ​បូជា​ថ្វាយ​ព្រះ​ដទៃ តាម​បញ្ជា​របស់​ព្រះ‌រាជា។ ធ្វើ​ដូច្នេះ នោះ​លោក​នឹង​រួច​ជីវិត។ អ្នក​ទាំង​នោះ​និយាយ​ដូច្នេះ ព្រោះ​អាណិត​ស្រលាញ់​រាប់​អាន​គាត់​ជា​យូរ​យារ​ណាស់​មក​ហើយ។ ប៉ុន្តែ លោក​អេឡាសារប្តេជ្ញា​ចិត្ត​យ៉ាង​អង់​អាច​តាម​វ័យ និង​សក់​ស្កូវ​របស់​គាត់ ព្រម​ទាំង​តាម​ចរិយា​សម្បត្ដិ ដ៏​ប្រសើរ ដែល​លោក​មាន​តាំង​ពី​កុមារ​មក ជា​ពិសេស លោក​ចង់​ធ្វើ​ឱ្យ​ស្រប​តាម​វិន័យ​ដ៏‌វិសុទ្ធ ដែល​ព្រះ‌ជាម្ចាស់​បាន​តែង​តាំង។ លោក​សុំ​ឱ្យ​គេ​បញ្ជូន​លោក​ទៅ​ស្ថាន​មច្ចុរាជ ទាំង​ប្រាប់​ថា៖ «មនុស្ស​មាន​អាយុ​ប៉ុន​ខ្ញុំ​នេះ មិន​គួរ​នឹង​បោក​បញ្ឆោត​គេ​ឡើយ! បើ​ខ្ញុំ​ធ្វើ​ពុត​ដូច្នេះ យុវជន​ជា​ច្រើន​មុខ​ជា​ស្មាន​ថា អេឡាសារ​ខ្ញុំ​នេះ​មាន​អាយុ​កៅសិប​ឆ្នាំ​ទៅ​ហើយ បែក​ចិត្ត​ទៅ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​បរទេស!។ ដូច្នេះ យុវជន​ទាំង​នោះ​មុខ​ជា​វង្វេង​ដោយ​សារ​តែ​កំហុស​របស់​ខ្ញុំ ដែល​ធ្វើ​ពុត​ចង់​រស់​រាន​មាន​ជីវិតមួយ‌រយៈ​ពេល​​យ៉ាង​ខ្លី​នេះ​ជា​មិន​ខាន។ ធ្វើ​ដូច្នេះ មិន​សម​រម្យ​ទេ! ប្រសិន​បើ​ខ្ញុំ​ធ្វើ​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ដូច្នេះ ខ្ញុំ​នឹង​អាប់​ឱន​កិត្តិយស​របស់​ខ្ញុំ ហើយ​ត្រូវ​សៅ​ហ្មង​ទៀត​ផង!។ ទោះ​បី​ខ្ញុំ​រួច​ទោស​ពី​មនុស្ស​លោក​ពេល​ឥឡូវ​នេះ​ក្តី ក៏​ខ្ញុំ​មិន​អាច​គេច​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​បាន​ដែរ។ ទោះបី​រស់​ឬ​ស្លាប់​ក្តី ក៏​ខ្ញុំ​មិន​រួច​ខ្លួន​ឡើយ។ ហេតុ​ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​ខ្ញុំ​ដោយ​ក្លាហាន ខ្ញុំ​នឹង​បង្ហាញ​កិត្តិយស​ឱ្យ​សម​តាម​អាយុ​របស់​ខ្ញុំ ដោយ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ទុក​សម្រាប់​យុវជន គឺ​គំរូ​របស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ស្លាប់​ដោយ​មិន​រួញ​រា ដើម្បី​គោរព​វិន័យ​ដ៏‌វិសុទ្ធ។ មាន​ប្រសាសន៍​ដូច្នេះ​ហើយ លោក​អេឡាសារ​ក៏​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​ទារុណ​កម្ម។ រីឯ​អស់​អ្នក​ដែល​នាំ​លោក គេ​ក៏​នាំ​គ្នា​ដូរ​ចិត្ត​គំនិត កាល​ពី​មុន ពួក​គេ​ដែល​ធ្លាប់​តែ​អាណិត​ស្រលាញ់​លោក បែរ​ជា​ស្អប់​លោក​ទៅ​វិញ ព្រោះ​គេ​ចាត់​ទុក​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​នោះ​ថា ជា​ពាក្យ​ឆ្កួត​លេលា។ រីឯ​លោក​វិញ ពេល​លោក​ជិត​ផុត​ដង្ហើម ដោយ​សារ​គេ​វាយ​ធ្វើ​បាប​នោះ លោក​មាន​ប្រសាសន៍​ទាំង​ថ្ងូរ​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​ជ្រាប​ច្បាស់​ថា ទូល​បង្គំ​អាច​រួច​ពី​ស្លាប់​បាន។ នៅ​ពេល​នេះ គេ​វាយ​ដំ​ខ្លួន​ប្រាណ​ទូល​បង្គំ​យ៉ាង​សាហាវ​យង់​ឃ្នង តែ​ក្នុង​ចិត្ត​ទូល​បង្គំ​រង​ទុក្ខ​ដោយ​សប្បាយ ព្រោះ​ទូល​បង្គំ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ»។ លោក​អេឡាសារ​ចែក​ស្ថាន​ទៅ​យ៉ាង​នេះ។ ការ​ស្លាប់​របស់​លោក​មិន​ត្រឹម​តែ​ធ្វើ​ជា​គំរូ​សម្រាប់​យុវ‌ជន​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ប្រជា​ជាតិ​ជា​ច្រើន​ទៀត​ផង។ គេ​នឹក​ចាំ​ពី​ព្រហ្ម​វិហារ​ធម៌ និង​ចិត្ត​អង់​អាច​ក្លាហាន​របស់​លោក​តរៀង​ទៅ។

ទំនុកតម្កើងលេខ ៣,២-៧ បទបន្ទោលកាក

ឱ!ព្រះអម្ចាស់ សត្រូវច្រើនណាស់ជិតជុំ
អ្នកប្រឆាំងខ្ញុំ ក៏មកមូលផ្តុំច្រើនដែរ
អ្នកខ្លះពោលថា៖ «អង្គម្ចាស់ក្សត្រាងាកបែរ
មិនសង្គ្រោះទេ ទ្រង់ទុកឱ្យគេឯកោ»
ឱ!ព្រះអម្ចាស់ ទ្រង់វិសេសណាស់អស្ចារ្យ
ជាខែលការពារ ដល់ថ្ងៃនេះណាពិតណាស់
ព្រះអង្គប្រទាន សិរីឱ្យមានត្រចះ
ហើយព្រះអង្គប្រោស ឱ្យខ្ញុំងើបមុខវិញបាន
ខ្ញុំហៅរកព្រះ ជាម្ចាស់អស់ពីចិត្តប្រាណ
ព្រះអង្គក៏បាន តបឆ្លើយពីភ្នំឥតសល់
ខ្ញុំទម្រេតឥតខ្វល់ លង់លក់សមសួនស្កប់ស្កល់
ភ្ញាក់ឡើងឥតខ្វល់ ដ្បិតទ្រង់ផ្ដល់ការគាំទ្រ
ទោះបីមានមនុស្ស លើកគ្នាស្រីប្រុសឈួឆរ
ប្រឆាំងតបត ក៏ខ្ញុំមិនភ័យខ្លាចដែរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,៨.១០-១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ ព្រះអង្គមិនដាក់ទោសយើងឱ្យសមនឹងអំពើបាបដែលយើងបានប្រព្រឹត្តនោះឡើយ។ ព្រះអង្គក៏បានដកកំហុសរបស់យើងចេញពីយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០

ព្រះ‌យេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទី‌ក្រុង។ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​អ្នក​ទារ​ពន្ធ គាត់​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន។ គាត់​ចង់​ឃើញ​ព្រះ‌យេស៊ូ​មាន​ភិន‌ភាគ​យ៉ាង​ណា ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ គាត់​មើល​ព្រះ‌អង្គ​មិន​ឃើញ​ទេ។ គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​កាត់​តាម​នោះ។ កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។ លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះ‌​យេស៊ូ​ដោយ​អំណរ។ កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។ លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូល‌បង្គំចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូល‌បង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូល‌បង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌​បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដែរ។ បុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់‌បង់»។

Facebook
Twitter
LinkedIn