អត្ថបទព្រះកម្ពីរថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០២៣

close up photography of bible

ឬបុណ្យរំឭកថ្ងៃឆ្លងព្រះវិសាលវិហារស៊ីលីកា
សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត

តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលានៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូលដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំងព្រះនាមកុងស្តង់ទីនបញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ ទាំងពីសតវត្សទី ១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើពិធីឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហា​សន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១៨,១៤-១៦;១៩,៦-៩

ពេល​អ្វីៗ​ទាំង​អស់​នៅ​ស្ងៀម​ស្ងាត់ គឺ​នៅ​ពាក់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ព្រះ‌បន្ទូល​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​បាន​យាង​ចាក​ចេញ​ពី​ព្រះ‌រាជ​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខ ចុះ​មក​ដូច​អ្នក​ចម្បាំង​ដែល​គ្មាន​ចិត្ត​ត្រា​ប្រណី ឆ្ពោះ​ទៅ​កណ្តាល​ស្រុក​ដែល​ត្រូវ​អន្ត‌រាយ ទាំង​កាន់​ព្រះ‌បញ្ជា​ដែល​មិន​ចេះ​ប្រែ​ប្រួល ធ្វើ​ដូច​ជា​ដាវ​ដ៏​មុត។ ព្រះ‌បន្ទូល​ក្រោក​ឡើង ដោយ​មាន​ព្រះ​សិរ​សា​ប៉ះ​មេឃ និង​ព្រះ‌បាទា​ជាន់​ផែន​ដី បណ្តាលឱ្យ​មនុស្ស​ស្លាប់​នៅ​គ្រប់​ទី​កន្លែង។ ពេល​នោះ ព្រះ‌អង្គ​សូន​សត្វ​លោក​ទាំង​អស់​សា​ជា​ថ្មី តាម​ប្រភេទ​រៀងៗ​ខ្លួន ហើយ​សត្វ​លោក​ទាំង​នោះ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ការ‌ពារ​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ ឱ្យចៀស​ផុត​ពី​គ្រោះ​កាច​នានា។ពួក​គេ​ឃើញ​ពពក​គ្រប​បាំង​កន្លែង​បោះ​ជំរំ ដី​គោក​លេច​ចេញ​ពី​កន្លែង​មាន​សុទ្ធ​តែ​ទឹក គឺ​បាត​សមុទ្រ​ក្រហម​ប្រែ​ទៅ​ជា​ផ្លូវ​ដែល​អាច​ដើរ​បាន​ស្រួល ហើយ​រលក​ដ៏​ខ្លាំង​ក្លា​ប្រែ​ទៅ​ជា​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។ ប្រជា‌រាស្រ្ត​ទាំង​មូល​ដើរ​កាត់​តាម​នោះ ទាំង​ឃើញ​ប្ញទ្ធិ​បាដិ​ហារិយ៍​ដ៏​អស្ចារ្យ ដោយ​មាន​ព្រះ‌បារមី​របស់​ព្រះ‌អង្គ​ជួយ​ការ‌ពារ។ បពិត្រ​ព្រះ‌អម្ចាស់! ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ហ្វូង​សេះ​ដែល​កំពុង​ស៊ី​ស្មៅ និង​លោត​ដូច​កូន​ចៀម ទាំង​សរសើរ​តម្តើង​ព្រះ‌អង្គ​ដែល​បាន​រំដោះ​គេ។

ទំនុកតម្កើងលេខ ១០៥(១០៤),២-៣.៣៦-៣៧.៤២-៤៣ បទកាកគតិ

ចូរច្រៀងបទថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា
របៀបរាប់អំពី សព្វអស់ការងារ អស្ចារ្យគ្រប់គ្រា
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ត
កុំបីសៅហ្មង
៣៦ ព្រះអម្ចាស់វាយ សម្លាប់ឱ្យពាយ អស់ទាំងកូនច្បង
ប៉ុន្មានក្នុងស្រុក អេស៊ីបអឺងកង កូនសមបំណង
ស្រឡាញ់លើសគេ
៣៧ ទ្រង់នាំប្រជា រូតរះម្នីម្នា ញាប់ឥតទំនេរ
ប្រញាប់ជើងការ យកមានប្រាក់ព្រែ កុលសម្ព័ន្ធគេ
គ្មានអ្នកទន់ខ្សោយ
៤២ ព្រះអម្ចាស់នឹក ចាំទាំងរព្ញក បន្ទូលវិសុទ្ធ
សន្យានឹងលោកា អប្រាហាំពិត បម្រើពិសិដ្ឋ
ព្រះអង្គពេកពន់
៤៣ ព្រះអង្គបានប្រោស ប្រណីសន្ដោស ឱ្យប្រជាជន
ព្រះអង្គចេញទាំង អំណរលើសលន់ កញ្ជៀវពេកពន់
សប្បាយគ្មានល្ហែ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនដោយសារដំណឹងល្អ សិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,១-៨

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នាពន្យល់​សាវ័កឱ្យ​ដឹង​ថា ត្រូវ​តែ​អធិ‌ស្ឋាន​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឱ្យនាង​ខ្ញុំ​ផង”។ ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្តី​ឱ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ ក៏​អញ​ត្រូវ​តែ​កាត់​ក្តី​ឱ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្តី​ឱ្យ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។ ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​រឹត​តែ​រក​យុត្តិធម៌ឱ្យ​អស់​អ្នកដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ហើយ​ដែល​អង្វរ​ព្រះ‌អង្គទាំង​យប់ ទាំង​ថ្ងៃ ព្រះ‌អង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ​។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឱ្យ​គេក្នុង‌រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។

Facebook
Twitter
LinkedIn