ជំពូក ១
បុរេកថា
1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិត ក៏ស្រឡាញ់ដែរ 2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ 3 សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះយេស៊ូគ្រីស្ត* ជាព្រះបុត្រារបស់ព្រះអង្គ ប្រណីសន្ដោស មេត្តាករុណា និងសេចក្ដីសុខសាន្តមកយើង ដើម្បីឲ្យយើងរស់នៅក្នុងសេចក្ដីពិត និងមានសេចក្ដីស្រឡាញ់។
សេចក្ដីស្រឡាញ់រវាងបងប្អូន
4 ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមវិន័យដែលយើងបានទទួលពីព្រះបិតាមក។ 5 ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរវិន័យថ្មីផ្ញើមកជូនទេ នេះគឺជាវិន័យដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។ 6 សេចក្ដីស្រឡាញ់មានដូចតទៅ : យើងត្រូវតែប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។ នេះហើយជាវិន័យដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។
គ្រូក្លែងក្លាយ
7 មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រីស្ត*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះគ្រីស្ត។ 8 ចូរមើលគ្នាឯងឲ្យមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំឲ្យបានទទួលរង្វាន់ដ៏បរិបូណ៌។
9 អ្នកណាមិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រីស្ត* គឺទៅហួស អ្នកនោះគ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រីស្ត ទើបមានព្រះបិតា និងព្រះបុត្រាគង់ជាមួយ។ 10 ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជម្រាបសួរគេផង 11 ដ្បិតអ្នកណាជម្រាបសួរមនុស្សបែបនេះក៏ដូចជាសមគំនិតនឹងអំពើអាក្រក់របស់គេដែរ។
12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។
13 កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជម្រាបសួរមកលោកស្រីដែរ។