ពាក្យលំនាំ
លិខិតទីមួយរបស់លោកប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក
ក្រុងថេស្សាឡូនិកៈ សព្វថ្ងៃ ក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។ នៅជំនាន់លោកប៉ូល ក្រុងថេស្សាឡូនិកនេះធំណាស់ មានប្រជាជនប្រមាណ ៣០០.០០០ នាក់។ អ្នកក្រុងជាច្រើនប្រកបរបរពាណិជ្ជកម្មតាមកំពង់ផែ។ មានមនុស្សជាច្រើនសាសន៍ស្នាក់នៅក្រុងនោះ មានជនជាតិយូដាជាដើម។
គ្រីស្តទូតប៉ូលបានប្រកាសដំណឹងល្អនៅក្រុងថេស្សាឡូនិកក្នុងគ.ស.៥០ (កិច្ចការ ១៧.១-១០)។ លោកបានប្រកាសដំណឹងល្អដល់ជនជាតិយូដាមុនគេ មានអ្នកខ្លះជឿ ហើយអ្នកខ្លះប្រឆាំងនឹងគ្រីស្តបរិស័ទដែលទើបនឹងជឿថ្មីៗ។ ពួកគេបង្ខំលោកប៉ូលឲ្យចាកចេញពីក្រុងនោះ ហើយលោកក៏ធ្វើដំណើរទៅក្រុងអាថែន និងក្រុងកូរិនថូស។ ដោយលោកព្រួយបារម្ភខ្លាចក្រែងគ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិកលះបង់ជំនឿ លោកក៏សរសេរលិខិតមួយច្បាប់ទៅលើកទឹកចិត្តពួកគេនៅគ.ស.៥១។
គោលសំខាន់ៗ:
ក្នុងលិខិតនេះ លោកប៉ូលបានសម្ដែងសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះគ្រីស្តបរិស័ទ ដែលលោកចាត់ទុកដូចជាកូនរបស់លោកផ្ទាល់។ លោកដាស់តឿនគេឲ្យកាន់តាមការប្រៀនប្រដៅរបស់លោកយ៉ាងខ្ជាប់ខ្ជួន ទោះបីពួកគេជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ។
នៅសម័យនោះ គ្រីស្តបរិស័ទជាច្រើនស្មានថា ព្រះគ្រីស្តត្រូវយាងមកវិញក្នុងពេលឆាប់ៗ។ មានអ្នកខ្លះព្រួយបារម្ភ ខ្លាចក្រែងស្លាប់ មុនពេលឃើញព្រះយេស៊ូយាងត្រឡប់មកវិញ។ ដូច្នេះ លោកប៉ូលប្រៀនប្រដៅគេថា ទោះបីពួកគេស្លាប់ហួសហើយក៏ដោយ ក៏ព្រះគ្រីស្តនឹងប្រោសគេឲ្យរស់ឡើងវិញ ព្រមទាំងប្រទានឲ្យគេមានសិរីរុងរឿងរួមជាមួយព្រះអង្គដែរ (១ ថេស្សាឡូនិក ៤.១៣‑៥.១១)។ ប៉ុន្តែ មានគ្រីស្តបរិស័ទខ្លះទៀតយល់ច្រឡំ ហើយមិនយកចិត្តទុកដាក់នឹងការរស់នៅក្នុងពិភពលោកនេះទេ ដោយសំអាងថាព្រះគ្រីស្តជិតយាងមកវិញ ឬយាងមកវិញរួចស្រេចហើយ (២ ថេស្សាឡូនិក ២.១-២)។ ដូច្នេះ លោកប៉ូល (ឬកូនចៅរបស់លោកមួយរូប) បានតែងលិខិតមួយទៀត (ថេស្សាឡូនិកទី២) ដើម្បីប្រៀនប្រដៅពួកគេឲ្យរស់នៅយ៉ាងសមរម្យ ស្រគត់ស្រគំ ទម្រាំដល់ព្រះគ្រីស្តយាងមក។
គម្រោងគម្ពីរថេស្សាឡូនិកៈ
១ថេស្សាឡូនិកៈ
- សេចក្ដីផ្ដើម ១.១
- ពាក្យអរព្រះគុណ និងពាក្យសរសើរ ១.២‑៣.១៣
- ពាក្យដាស់តឿនអំពីរបៀបរស់នៅស្របតាមជំនឿ ៤.១-១២
- ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ៤.១៣‑៥.១១
- ពាក្យទូន្មានផ្សេងៗ ៥.១២-២២
- អវសានកថា ៥.២៣-២៨
២ថេស្សាឡូនិកៈ
- សេចក្ដីផ្ដើម ១.១-២
- ពាក្យសរសើរ និងពាក្យទូន្មានផ្សេងៗ ១.៣-១២
- ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ២.១-១៧
- ពាក្យដាស់តឿនអំពីរបៀបរស់នៅរបស់គ្រីស្តបរិស័ទ ៣.១-១៥
- អវសានកថា ៣.១៦-១៨