ពាក្យលំនាំ

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូនគ្រីស្ត​បរិស័ទ​នៅ​ក្រុង​កូឡូស

ក្រុង​កូឡូសៈ  សព្វ​ថ្ងៃ ក្រុង​នេះ​ស្ថិត​នៅ​កណ្ដាល​ប្រទេស​ទួរគី (ប្រមាណ​១៥០​គ.ម.ខាង​កើត​ក្រុង​អេភេសូ)។ ព្រះ‌សហគមន៍​នៅ​ក្រុង​កូឡូសកកើត​ឡើង​ដោយ​លោក​អេប៉ា‌ប្រាសបាន​នាំ​ដំណឹង‌ល្អ​ទៅ​ផ្សព្វ‌ផ្សាយ​នៅ​ក្រុង​នោះ។ អ្នក​ក្រុង​កូឡូស​ចូល​ចិត្ត​រិះ‌គិត​តាម​ទស្សន‌វិជ្ជា​ក្រិក ស្ដី​អំពី​ធាតុ​ទាំង​បួន (ទឹក ភ្លើង ខ្យល់ ដី) និង​អំពី​អំណាច​ទាំង‌ឡាយ​ដែល​ត្រួត‌ត្រា​ពិភព‌លោក មាន​យម‌យក្ស អារក្ខ អ្នក‌តា ទេវតា ព្រៃ​ភ្នំ វត្ថុ‌ស័ក្តិ‌សិទ្ធិ…ជា​ដើម។ គ្រីស្ត‌បរិស័ទ​ខ្លះ​នៅ​ក្រុង​កូឡូស បាន​រាប់​បញ្ចូល​ព្រះ‌គ្រីស្ត ក្នុង​ចំណោម​អំណាច​ទាំង​នោះ​ដែរ។ លោក​ប៉ូល​ទទួល​ដំណឹង​នេះ​នៅ​ពេល​ដែល​លោក​ជាប់​ឃុំ‌ឃាំងនៅ​ក្រុង​មួយ ប្រហែល​ជា​នៅ​ក្រុង​អេភេសូ (គ.ស.៥៤-៥៧) ឬ​នៅ​ក្រុង​សេសា‌រេ (គ.ស.៥៨-៦០) ឬ​នៅ​ក្រុង​រ៉ូម (គ.ស.៦១-៦៣)។ លោក​ក៏​សរសេរ​លិខិត​ទៅ​កែ​តម្រង់​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​កូឡូស។

គោល​សំខាន់ៗ

លោក​សរសេរ​លិខិត​នេះ ដើម្បី​បញ្ជាក់​ថា ព្រះ‌យេស៊ូ​ពិត​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ព្រះ‌អង្គ​ក៏​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​ដែល​គ្រប់‌គ្រង​លើ​សត្វ​លោក​ទាំង‌ឡាយ ព្រះ‌អង្គ​មាន​អំណាច​លើ​វត្ថុ‌ស័ក្តិ‌សិទ្ធិ​ទាំង​អស់ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ស្ថាន​សួគ៌។ ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ទាំង‌ឡាយ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ‌សាន្ត។ ព្រះ‌សហគមន៍ពិត​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត ហើយ​ព្រះ‌អង្គ​ក៏​ជា​សិរសា​របស់​ព្រះ‌សហគមន៍​នេះ​ដែរ។

គម្រោង​របស់​គម្ពីរ​កូឡូសៈ
  • សេចក្ដី​ផ្ដើម​១.១-៨
  • ឋានៈ និង​ព្រះ‌បរម‌កិច្ច​របស់​ព្រះ‌គ្រីស្ត ១.៩‑២.១៩
  • ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ២.២០‑៤.៦
  • អវសាន‌កថា ៤.៧-១៨