ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងអេភេសូ
ក្រុងអេភេសូៈ
នៅពាក់កណ្ដាលសតវត្សទីមួយ ចំនួនព្រះសហគមន៍នៅភូមិភាគមជ្ឈិមបូព៌ាប្រទេសបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមគ្រីស្តបរិស័ទនីមួយៗមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយក្នុងចំណោមក្រុមទាំងនោះ គ្រីស្តបរិស័ទនៅក្រុងអេភេសូហាក់ដូចជាមានមុខមាត់ជាងគេ ព្រោះលោកប៉ូលធ្លាប់បានស្នាក់អាស្រ័យនៅក្រុងនេះអស់រយៈពេលបីឆ្នាំ កាលលោកចេញទៅផ្សាយដំណឹងល្អជាលើកទីបី (កិច្ចការ ១៩.១‑២០.១)។
លោកប៉ូលសរសេរលិខិតនេះពេលលោកជាប់ឃុំឃាំង(៣.១ និង៤.១)។ ហេតុនេះហើយបានជាគេរាប់លិខិតនេះបញ្ចូលក្នុងចំណោមលិខិតឯទៀតៗ ដែលហៅថា “លិខិតសរសេរក្នុងមន្ទីរឃុំឃាំង” គឺមានលិខិតផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងអេភេសូ ក្រុងភីលីព ក្រុងកូឡូស និងលិខិតផ្ញើជូនលោកភីលេម៉ូន។
លិខិតនេះ និងលិខិតផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងកូឡូស មានលំនាំប្រហាក់ប្រហែលគ្នា។ ដូច្នេះ មានអ្នកប្រាជ្ញខ្លះសន្និដ្ឋានថា លោកប៉ូលមិនបានសរសេរលិខិតនេះដោយខ្លួនលោកផ្ទាល់ទេ គឺមានកូនចៅរបស់លោកម្នាក់បានសរសេរលិខិតនេះផ្ញើជូនព្រះសហគមន៍នានានៅមជ្ឈិមបូព៌ាប្រទេស ដោយមានបំណងចង់ជួយពង្រឹង ជួយបំភ្លឺ និងកែតម្រង់ជំនឿរបស់គ្រីស្តបរិស័ទនៅក្រុងអេភេសូ ឲ្យស្របនឹងការប្រៀនប្រដៅរបស់លោកប៉ូល។
គោលសំខាន់ៗ
លិខិតនេះ ចង់ពន្យល់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក។ ព្រះសហគមន៍ពិតជាព្រះកាយរបស់ព្រះគ្រីស្ត ហើយនាំព្រះជន្មរបស់ព្រះអង្គមកឲ្យមនុស្សលោកទាំងឡាយ ព្រះសហគមន៍នេះ ក៏ជាមហេសីរបស់ព្រះគ្រីស្តដែរ។
គម្រោងគម្ពីរអេភេសូ:
- សេចក្ដីផ្ដើម ១.១-២
- ព្រះគ្រីស្ត និងព្រះសហគមន៍ ១.៣‑៣.២១
- ជីវិតថ្មីរួមជាមួយព្រះគ្រីស្ត ៤.១‑៦.២០
- អវសានកថា ៦.២១-២៤