ពាក្យលំនាំ
កណ្ឌគម្ពីរដ៏ខ្លីរបស់ព្យាការីអូបាឌី ដែលយើងស្គាល់ត្រឹមតែឈ្មោះនេះ ជាព្រះបន្ទូលស្តីបន្ទោសជនជាតិអេដុម (ពូជពង្សរបស់លោកអេសាវ) ព្រោះពួកគេប្រកាន់ឥរិយាបថមិនសមរម្យចំពោះជនជាតិអ៊ីស្រាអែល (ពូជពង្សរបស់លោកយ៉ាកុប ជាប្អូនរបស់លោកអេសាវ)។ ជនជាតិអេដុមមានទឹកដីនៅខាងត្បូងសមុទ្រមរណៈ ហើយពួកគេតែងតែបង្ករឿងជាមួយជនជាតិអ៊ីស្រាអែលជានិច្ច។ នៅពេលស្រុកយូដា និងក្រុងយេរូសាឡឹមធ្លាក់ទៅក្នុងកណ្ដាប់ដៃខ្មាំង ជនជាតិអេដុមពុំបានមកជួយបងប្អូនរបស់ខ្លួនទេ គឺពួកគេបែរជាឆ្លៀតឱកាសរឹបអូសយកទ្រព្យសម្បត្តិពីក្រុងយេរូសាឡឹមទៀតផង។
ព្យាការីអូបាឌីប្រកាសឲ្យជនជាតិអេដុមដឹងថា ពួកគេនឹងត្រូវរលាយសូន្យ រួមជាមួយខ្មាំងសត្រូវឯទៀតៗរបស់ជនជាតិអ៊ីស្រាអែលដែរ។ តាមរយៈសេចក្ដីប្រកាសនេះ លោកក៏ចង់លើកទឹកចិត្តជនជាតិអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងយាងមកវិនិច្ឆ័យទោសជាតិសាសន៍ទាំងអស់ដែលជាសត្រូវរបស់ពួកគេ។