ជំពូក ៥
1 ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ 2 ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ 3 ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសម្រាលកូនដែរ។ 4 រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ 5 បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ 6 ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។ 7 អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ 8 រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក 9 ដ្បិតព្រះជាម្ចាស់មិនបានតម្រូវឲ្យយើងទទួលទោសឡើយ គឺព្រះអង្គឲ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង 10 បានសោយទិវង្គតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្តី ស្លាប់ក្តី។ 11 ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
ពាក្យដាស់តឿនផ្សេងៗ និងពាក្យសួរសុខទុក្ខ
12 បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និងអប់រំបងប្អូន។ 13 ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
14 បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសម្រាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្តអត់ធ្មត់ ចំពោះមនុស្សទួទៅផង។
15 ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
16 ចូរមានអំណរសប្បាយជានិច្ច 17 ចូរអធិស្ឋានឥតឈប់ឈរ 18 ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យឲ្យបងប្អូន ដែលរួមជាមួយព្រះគ្រីស្តយេស៊ូធ្វើដូច្នេះឯង។
19 កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ 20 កុំមើលងាយការថ្លែងព្រះបន្ទូល 21 ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ 22 ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
23 សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឲ្យវិសុទ្ធ*ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងយាងមក។ 24 ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។
25 បងប្អូនអើយ សូមអធិស្ឋាន*ឲ្យយើងផង។ 26 សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
27 ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។
28 សូមព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោសដល់បងប្អូន!។