ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងកូឡូស
ក្រុងកូឡូសៈ សព្វថ្ងៃ ក្រុងនេះស្ថិតនៅកណ្ដាលប្រទេសទួរគី (ប្រមាណ១៥០គ.ម.ខាងកើតក្រុងអេភេសូ)។ ព្រះសហគមន៍នៅក្រុងកូឡូសកកើតឡើងដោយលោកអេប៉ាប្រាសបាននាំដំណឹងល្អទៅផ្សព្វផ្សាយនៅក្រុងនោះ។ អ្នកក្រុងកូឡូសចូលចិត្តរិះគិតតាមទស្សនវិជ្ជាក្រិក ស្ដីអំពីធាតុទាំងបួន (ទឹក ភ្លើង ខ្យល់ ដី) និងអំពីអំណាចទាំងឡាយដែលត្រួតត្រាពិភពលោក មានយមយក្ស អារក្ខ អ្នកតា ទេវតា ព្រៃភ្នំ វត្ថុស័ក្តិសិទ្ធិ…ជាដើម។ គ្រីស្តបរិស័ទខ្លះនៅក្រុងកូឡូស បានរាប់បញ្ចូលព្រះគ្រីស្ត ក្នុងចំណោមអំណាចទាំងនោះដែរ។ លោកប៉ូលទទួលដំណឹងនេះនៅពេលដែលលោកជាប់ឃុំឃាំងនៅក្រុងមួយ ប្រហែលជានៅក្រុងអេភេសូ (គ.ស.៥៤-៥៧) ឬនៅក្រុងសេសារេ (គ.ស.៥៨-៦០) ឬនៅក្រុងរ៉ូម (គ.ស.៦១-៦៣)។ លោកក៏សរសេរលិខិតទៅកែតម្រង់គ្រីស្តបរិស័ទនៅក្រុងកូឡូស។
គោលសំខាន់ៗ
លោកសរសេរលិខិតនេះ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូពិតជាមនុស្សដូចមនុស្សឯទៀតៗ ហើយព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ ព្រះអង្គជាព្រះអម្ចាស់ដែលគ្រប់គ្រងលើសត្វលោកទាំងឡាយ ព្រះអង្គមានអំណាចលើវត្ថុស័ក្តិសិទ្ធិទាំងអស់ ទាំងនៅលើផែនដី ទាំងនៅស្ថានសួគ៌។ ព្រះអង្គបានសម្រុះសម្រួលមនុស្សលោកទាំងឡាយឲ្យរស់នៅជាមួយគ្នាដោយសុខសាន្ត។ ព្រះសហគមន៍ពិតជាព្រះកាយរបស់ព្រះគ្រីស្ត ហើយព្រះអង្គក៏ជាសិរសារបស់ព្រះសហគមន៍នេះដែរ។
គម្រោងរបស់គម្ពីរកូឡូសៈ
- សេចក្ដីផ្ដើម១.១-៨
- ឋានៈ និងព្រះបរមកិច្ចរបស់ព្រះគ្រីស្ត ១.៩‑២.១៩
- ជីវិតរួមជាមួយព្រះគ្រីស្ត ២.២០‑៤.៦
- អវសានកថា ៤.៧-១៨