ជំពូក ១
សេចក្ដីផ្ដើម
1 ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាគ្រីស្តទូត*របស់ព្រះគ្រីស្ត*យេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រីស្តយេស៊ូ។ 2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ព្រះពរដ៏លើសលប់ដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿ
3 សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រីស្ត។ 4 ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ 5 ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ 6 ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 7 ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ 8 ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ 9 ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ 10 ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ 11 ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ 12 ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តមុនគេបង្អស់។ 13 ដោយរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ 14 ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះមកបញ្ចាំចិត្តយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្ដ្ររបស់ព្រះអង្គ ជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ពាក្យអធិស្ឋានរបស់លោកប៉ូល
15 ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់ 16 នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច 17 សូមឲ្យព្រះរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្ដែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ 18 សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឲ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ* បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។ 19 សូមព្រះអង្គប្រទានឲ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្ដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលព្រះអង្គបានសម្ដែងក្នុងអង្គព្រះគ្រីស្ត។ 20 ព្រះអង្គបានសម្ដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ 21 ខ្ពស់ជាងវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ 22ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត ព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ 23 ដែលជាព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍នេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រីស្ត ហើយព្រះគ្រីស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។