អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣

bible blur christ christianity

ឬសន្តអូគូស្តាំង នៅកាន់បេរីជាអភិបាលព្រះសហគមន៍

នៅឆ្នាំ៥៩៦ សម្តេចប៉ាបក្រេក័រដ៏ប្រសើរឧត្តម ចាត់លោកអូគូស្តាំង​ឱ្យនាំដំណឹងល្អទៅស្រុកអង់គ្លេស ដោយមានបព្វជិត ៤០នាក់ទៅជាមួយផង។ លុះដល់ស្រុកនោះ ស្តេចអង់គ្លេសប្រែចិត្តគំនិតជឿព្រះយេស៊ូ ហើយនាំប្រជាជនទាំងមូលឱ្យជឿដែរ។ លោកយកចិត្តទុកដាក់អនុវត្តន៍តាមគោការណ៍ដែលសម្តេចប៉ាបក្រេករ័បានផ្តែផ្តាំលោកមុនពេលចេញដំណើរ គឺលោកមិនបំផ្លាញសាសនារបស់អ្នកស្រុកទេ ផ្ទុយទៅវិញ លោកយកប្រពៃណីស្រុកគេមកកែទម្រង់ឱ្យបានស្របនឹងជំនឿនៃគ្រីស្តសាសនា។ លោកទទួលមុខងារជាអភិបាលព្រះសកហគ​មន៍នៅក្រុងកាន់បេរី។ លោកទទួលមរណទុក្ខនៅឆ្នាំ ៦០៥។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២៨,១៦-២០.២៣-២៤.២៨-៣១

ពេលលោកប៉ូលមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឱ្យលោកនៅផ្ទះមួយតាមបំណងចិត្តលោក តែគេ​ដាក់ទាហានម្នាក់ឱ្យនៅ​យាមលោក។ បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអស់​អ្នកដែល​មានមុខមាន​មាត់ក្នុង​ចំណោម​ជន​ជាតិយូដាឱ្យមកជួបលោក។ លុះគេមកជួប​ជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ! ខ្ញុំពុំបាន​ធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរសយើងទេ តែគេចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំទៅក្នុងកណ្តាប់ដៃជនជាតិរ៉ូមុំាង។ កាលពួករ៉ូមុំាងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះ​លែងខ្ញុំវិញ​ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំមានកំហុសអ្វីគួរនឹងមានទោសដល់ជីវិតនោះឡើយ។ ប៉ុន្តែ ជនជាតិយូដានាំគ្នាជំទាស់ ជាហេតុ​បង្ខំឱ្យខ្ញុំ​សុំ​ឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ ហេតុនេះ​ហើយ​ បានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់​ចំណង​ព្រោះ​តែសេចក្តី​សង្ឃឹមរបស់​ជនជាតិអ៊ីស្រា​អែល»។ លោកបានវែកញែកតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកធម្មវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី​មក​ពន្យល់​បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។ មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយ​ផ្នែក​ទៀត​ពុំព្រមជឿទេ។ លោកប៉ូលមានប្រសា​សន៍ទៅពួកនេះថា៖ «សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់​បានប្រ​ទាន​ព្រះ​បន្ទូលស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យទៅជនជាតិដទៃវិញ គេមុខជានឹងស្តាប់មិនខាន»។ លោកប៉ូលស្នាក់នៅផ្ទះដែលលោកបានជួលនោះអស់រយៈពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នក​ដែល​មក​ជួប​លោក។ លោកប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រីស្តដោយចិត្តអង់អាច ហើយ​គ្មាន​​អ្វីមករារាំងលោកឡើយ។

ទំនុកតម្កើងលេខ ១១ (១០), ៤-៥.៧ បទកាកគតិ

ព្រះម្ចាស់គង់ក្នុងវិហារព្រះអង្គដ៏វិសុទ្ធពិត
បល្ល័ង្ករបស់ព្រះអង្គស្ថេរស្ថិតឈ្វេងយល់គំនិត
របស់មនុស្សលោក
ព្រះអង្គពេញចិត្តនឹងមនុស្សសុចរិតតែមិនព្រមយក
មនុស្សកាចពាលាចូលចិត្តឆរបោកតែងតែរិះរក
ប្រ​ព្រឹត្តឃោរឃៅ
ដ្បិតព្រះអម្ចាស់មានហឫទ័យស្មោះឥតមានបែកបែរ
មនុស្សទៀងត្រង់គ្មានចិត្តវៀចវេរនឹងបាននៅក្បែរ
ឃើញភក្រ្តព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!

សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ គឺព្រះវិញ្ញាណនៃសេចក្តីពិតយាងមក! ព្រះអង្គ​នឹង​ណែ​នាំអ្នករាល់គ្នាឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,២០-២៥

ព្រះយេស៊ូប្រទានដំណឹងឱ្យលោកសិលាដឹងអំពីរបៀបលោកត្រូវទទួលមរណភាព ដើម្បីលើកតម្កើង​សិរីរុង​រឿងរបស់ព្រះជាអម្ចាស់។ ពេលនោះ លោកសិលាងាកមើលក្រោយ ឃើញសាវ័កដែលព្រះយេស៊ូស្រឡាញ់ដើរ​តាម​ដែរ។ សាវ័កនោះហើយដែលបានឱនទៅជិតឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?»។ កាលលោកសិលាឃើញគាត់ លោកទូល​សួរព្រះ​យេស៊ូ​ថា៖​ «បពិត្រព្រះអម្ចាស់! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ ព្រះយេស៊ូមានព្រះ​បន្ទូល​តប​ទៅ​គាត់​ថា៖ «​ប្រ​សិ​ន​បើខ្ញុំចង់ឱ្យគាត់មានជីវិតរហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ ចំពោះអ្នកវិញ សុំ អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះ​យេ​ស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិន​ត្រូវស្លាប់​ឡើយ ព្រះអង្គ​គ្រាន់តែ​មាន​ព្រះបន្ទូលថា៖ «​ប្រសិន​បើខ្ញុំ​ចង់​ឱ្យគាត់មានជីវិតរហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?»។ សាវ័កនោះ​ហើយដែលផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើង​ដឹងថា សក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើ​មាន​គេកត់​ត្រា​ហេតុការណ៍ទាំងនោះឱ្យបានល្អិតល្អន់ខ្ញុំយល់ថា ពិភពលោកនេះ ពុំអាចនឹងមានកន្លែងល្មមសម្រាប់ទុកសៀវភៅដែលគេកត់ត្រា​នោះបានឡើយ។

Facebook
Twitter
LinkedIn