សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,២១-៤៣
ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្តាជនច្រើនកុះករមកចោមរោមព្រះអង្គ។ ពេលនោះ អ្នកទទួលខុសត្រូវលើធម្មសាលាម្នាក់ឈ្មោះ យ៉ៃរ៉ូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ញើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឱ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្តាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្រ្តីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់កាន់តែខ្លាំងឡើង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលសោះ។ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ ពេលឮគេនិយាយអំពីព្រះយេស៊ូ នាងក៏ចូលក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្រ្តរបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំនឹងជាសះស្បើយមិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានប្ញទ្ធានុភាពមួយចេញពីព្រះអង្គ។ ព្រះអង្គបែរទៅរកបណ្តាជន ហើយមានព្រះបន្ទូលសួរថា៖ «នរណាពាល់អាវខ្ញុំ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ! បណ្តាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្តេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូតទមើជុំវិញ ដើម្បីឱ្យដឹងថាអ្នកណាបានពាល់ព្រះអង្គ។ ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុការណ៍ដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្រ្គោះនាងហើយ សូមអញ្ជើញទៅឱ្យបានសុខសាន្ត ហើយសូមឱ្យនាងជាសះស្បើយពីជំងឺចុះ!»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរ៉ូស ជម្រាប់គាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្តេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ ព្រះយេស៊ូមិនយកព្រះហប្ញទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយតែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះបានហើយ!»។ ព្រះអង្គមិនអនុញ្ញាតឱ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។ កាលទៅដល់ផ្ទះលោកយ៉ៃរ៉ូសជាអ្នកទទួលខុសត្រូវលើសធម្មសាលា ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេឱ្យចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្តាយក្មេង និងសាវ័កទាំងបីនាក់ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលថា៖ «តាលីថាគូម!» (ពាក្យនេះប្រែថា៖ «នាងតូចអើយ! ខ្ញុំប្រាប់នាងថា ចូរក្រោកឡើយ!»)។ ក្មេងស្រីក៏ក្រោយឡើយ ដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីឆ្នាំហើយ គេងឿយឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេមិនឱ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេឱ្យយកចំណីអាហារមកឱ្យក្មេងស្រីនោះបរិភោគ។