ព្រះសហគមន៍កាតូលិក ភ្ញាក់ផ្អើលអំពីរបារណ៍ជួញដូរមនុស្ស និងចំណាត់ថ្នាក់អាមេរិក

មន្ត្រីជាន់ខ្ពស់របស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា បានសម្តែងការស្រងាកចិត្តនិងភ្ញាក់ផ្អើលអំពីការដាក់ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅលំដាប់ថ្នាក់លេខ៣នៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីពេលថ្មីនេះ ហើយបាននិយាយថា ជារឿងនយោបាយរបស់អាមេរិក។

លោកដួង សាវង់ ជាសមាជិកម្នាក់ក្នុងគណៈកម្មការអន្តរសាសនា តំណាងព្រះសហគមន៍កាតូលិកនៅកម្ពុជា បានលើកឡើងថា ចំណាត់ថ្នាក់នេះ ប្រហែលមាននិន្នាការនយោបាយច្រើនជាង ហើយការផ្ទៀងផ្ទាត់ចំពោះដំណើរការនៃរបាយការណ៍នេះ ក៏មិនដឹងថាមានលក្ខណៈបែបណាដែរ។

លោកឲ្យដឹងទៀតថា «សហរដ្ឋអាមេរិកកំពុងមាននយោបាយ ចង់គាបព្រះរាជាណាចក្រកម្ពុជាយើង។ ដោយអាមេរិកកំពុងគិតថា កម្ពុជាយើងជាប់ទាក់ទងជាមួយចិន។» ហើយគោលនយោបាយរបស់គេ គឺកំពុងមាននយោបាយប្រឆាំងជាមួយចិន។

របាយការណ៍ជួញដូរមនុស្សកម្ពុជាឆ្នាំ២០២២ ចេញដោយក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២០ កក្កដា បានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្ដង់ដារអប្បបរមា ក្នុងការប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សនោះទេ។ របាយការណ៍បង្ហាញថា កម្ពុជាដើរថយក្រោយក្នុងការលុបបំបាត់ការជួញដូរមនុស្សដោយសារ បញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់ បណ្ដោយឱ្យជនល្មើសនៅតែអាចប្រព្រឹត្តបទល្មើស ឬគេចខ្លួនពីការកាត់ទោស ហើយជនរងគ្រោះនៅតែមិនអាចទទួលបានការជួយសង្គ្រោះ។

របាយការណ៍ក៏បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាមិនបានផ្ដល់ការគាំទ្រគ្រប់គ្រាន់ដល់ជនរងគ្រោះទាំងក្នុងស្រុក និងបរទេសពីការជួញដូរនោះទេ ដោយបានពឹងផ្អែកស្ទើរទាំងស្រុងពីម្ចាស់ជំនួយបរទេស និងអង្គការក្រៅរដ្ឋាភិបាលទៅវិញ។

លោកសាវង់បន្ថែមថា រាល់ឆ្នាំ មានទិវាជាច្រើនដើម្បីដាស់ស្មារតីប្រជាជនឲ្យចូលរួមប្រយុទ្ធប្រឆាំង។ ហើយរដ្ឋាភិបាលកម្ពុជាក៏មានការខិតខំកែទម្រង់ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានជម្រុញឲ្យសាសនានៅក្នុងប្រទេស រួមគ្នាប្រឆាំងការជួញដូរដែរ។

លោកបានលើកឡើងទៀតថា លោកបានចូលរួមក្នុងកិច្ចប្រជុំជាច្រើនដែលរៀបចំឡើងដោយអន្តរសាសនាជាមួយរដ្ឋាភិបាល ដែលបាននិយាយអំពីការជួញដូរមនុស្សមានទាំងកំលាំងពលកម្ម សរីរាង្គរបស់មនុស្សជាដើម។ លោកបញ្ជាក់ថា «ខ្ញុំដឹងថា ក្រសួងមហាផ្ទៃបានធ្វើការយ៉ាងច្រើន ជាមួយប្រទេសនានាដែលពាក់ព័ន្ធក៏ច្រើនដែរ។»

លោកបន្ថែមថា «ដូច្នេះ តាមខ្ញុំគិត ជាបញ្ហានយោបាយជាងលទ្ធផលដែលរដ្ឋាភិបាលនិងព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើ។»

ជាមួយគ្នានេះដែរ ក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានដាក់ប្រទេសវៀតណាម កម្ពុជា ប្រ៊ុយណេ និងម៉ាកាវ ក្នុងបញ្ជីខ្មៅជួញដូរមនុស្ស ដោយរាប់ប្រទេសម៉ាឡេស៊ីផងដែរ ដោយចោទប្រកាន់ថា ប្រទេសទាំងនេះ មិនប្រឹងប្រែងក្នុងការបញ្ឈប់ការងារផ្លូវភេទដោយបង្ខំ ឬជួយពលករចំណាកស្រុក។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងការជួញដូរមនុស្ស បានថ្លែងប្រាប់អ្នកសារពត៌មាន នារសៀលថ្ងៃទី ២១ ខែកក្កដានេះ ថា «យើងតែងតែសង្ឃឹមថាឆ្នាំនេះ យើងនឹងទទួលបានចំណាត់ថ្នាក់ល្អ យើងមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលកន្លងមកយើងនឹង ធ្វើការជិតស្និទ្ធជាមួយគ្នា រហូតដល់មានដាក់ការិយាល័យ FBI ជាមួយនិងអគ្គស្នងការដ្ឋាននគរបាលជាតិ មានអ្នកធ្វើសេចក្តីរាយការណ៍ មកធ្វើការជាមួយយើង»។

លោកស្រីបន្តថា ខាងអាមេរិកបានចុះទៅយកពត៌មានខ្លួនឯងដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ។ លោកស្រីសង្កត់ធ្ងន់ថា «ម្នាក់ៗតែងតែនិយាយថា វិជ្ជមានខ្លាំងណាស់ ប៉ុន្តែផ្ទុយទៅវិញបែរជាមានចំណាត់ថ្នាក់លេខបី ដែលជាចំណាត់ថ្នាក់ទាបបំផុត វាស្នើរនឹងយើងមិនបានធ្វើអ្វីសោះ»។

លោកម៉ុនូ ម៉ុនសារិទ្ធ នាយករងនៃអង្គការការីតាសកម្ពុជាឲ្យដឹងថា កន្លងមកអង្គការការីតាសកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយបញ្ជ្រាបការយល់ដឹងអំពីរឿងនេះ ទាំងក្នុងសហគមន៍និងក្នុងតំបន់ ជាពិសេសទៅលើគម្រោងការនានារបស់ខ្លួនតាមខេត្តនីមួយៗ។

លោកបញ្ជាក់យ៉ាងនេះថា «គឺយើងចាប់ផ្តើមប្រយុទ្ធប្រឆាំង ជាពិសេសយើងបណ្តុះបណ្តាលពលរដ្ឋឲ្យគាត់យល់ច្បាស់អំពីការជួញដូរមនុស្ស។»

លោកបន្ថែមថា យើងបានពន្យល់ដល់ក្រុមកសិករគោលដៅរបស់យើងឲ្យយល់ដឹងច្បាស់អំពីការចំណាកស្រុកដូចម្តេចដើម្បីមានសុវត្ថិភាព ហើយធ្វើម៉េចដើម្បីទប់ស្កាត់ការចំណាកស្រុកគ្មានសុវត្ថិភាព ដែលបង្កឲ្យមានការជួញដូរ។

លោកអនុប្រធានរូបនេះ បានឲ្យដឹងទៀតថា លោកទទួលស្គាល់ថាក្នុងចំណោមក្នុងក្រុមគោលដៅរបស់អង្គការការីតាសក៏មានចំណាកស្រុកដែរ ប៉ុន្តែពួកគាត់ចំណាកស្រុកដោយសុវត្ថិភាព។ ហើយការចំណាកស្រុកនេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ។ លោកលើកឡើងថា «មានទៅប្រទេសចិន ថៃ និងម៉ាឡេស៊ី៕»

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn