ព្រះបន្ទូលសំរាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ១១ៈ១១-២៦
កាល​ ព្រះ​យេស៊ូ​ទៅ​ដល់​ក្រុង​យេរូសាឡឹម​‌ទ្រង់​ក៏​យាង​ចូល​ក្នុង​ព្រះ​វិហារ។‌​ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ‌​ ព្រះអង្គ​យាង​ទៅ​ភូមិ​បេថានី​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​រូប​ ដ្បិត​ល្ងាច​ណាស់​ហើយ។ ដើមឧទុម្ពរត្រូវបណ្តាសា នៅ​ថ្ងៃ​បន្ទាប់​ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេថានី​   ពេល​នោះ​   ព្រះអង្គ​ឃ្លាន។​ ព្រះ​អង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​ពី​ចម្ងាយ​ មាន​ស្លឹក​ខៀវ​ខ្ចី​ ទ្រង់ក៏​យាង​តម្រង់​ទៅ‌​ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត‌​ ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ដ្បិត​ពុំទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖‌​ «ចាប់ពី​ពេល​នេះ​តទៅ‌​ គ្មាន​នរណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។‌‌‌‌​‌ក្រុម​សាវ័ក បានឮ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។

ព្រះយេស៊ូដេញអ្នកលក់ដូរ​ចេញពីព្រះវិហារ
ព្រះ​យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ​សាឡឹម​ជាមួយ​​‌ក្រុម​សាវ័ក ​‌ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។​ ព្រះអង្គ​ផ្តួល​តុ​ពួក​អ្នក​ប្តូរ​ប្រាក់​‌​ផ្តួល​កៅអី​របស់​អ្នក​លក់​ព្រាប។​ ព្រះ​អង្គ​មិន​ឲ្យ​នរណា​លីសែង​អីវ៉ាន់​ កាត់​ទីធ្លា​ព្រះ​វិហារ​ឡើយ។​  ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ប្រៀន​ប្រដៅ​គេ​ថា៖ ​ «ក្នុង​គម្ពីរ​មាន​ចែង​ថា ​ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋានតែអ្នករាល់គ្នាយកធ្វើជា​បុកចោរធ‌ទៅ វិញ»។

កាល​ពួក​នាយក​បូជាចារ្យ​ ‌និង​ពួក​ធម្មា​ចារ្យ​ដឹង​រឿង​នេះ​ ‌គេនាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើគុត​ព្រះ​យេស៊ូ។​ ប៉ុន្តែ​គេ​ខ្លាច​ព្រះអង្គ‌​ ដ្បិត​បណ្តា​ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្តី​ ដែល​ព្រះអង្គ​បង្រៀន​ណាស់។​ លុះ​ដល់​ល្ងាច​ ព្រះ​យេស៊ូ​យាង​ចាក​ចេញ​ពីទី​ក្រុង​ជាមួយ​​‌ក្រុម​សាវ័ក។

ដើមឧទុម្ពរងាប់
ព្រឹក​ឡើង​‌ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ ​‌ក្រុម​សាវ័ក​ឃើញ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​ រហូត​ដល់​ប្ញស។​ លោក​សិលា​នឹក​ឃើញ​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូ​   ក៏ទូល​ព្រះអង្គ​ថា៖​ «ព្រះគ្រូ ! សូម​មើល! ​ ដើម​ឧទុម្ពរ​ ដែល​ព្រះគ្រូ​បាន​ដាក់​បណ្តា​សា​នោះ​ក្រៀម​ស្វិត​ទៅ​ហើយ!»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​​‌ក្រុម​សាវ័ក​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជា​ម្ចាស់​ចុះ!។​ ខ្ញុំសុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា‌​ បើអ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំនេះ​ថា​ “ចូរ​ចេញ​ពីទី​នេះ‌​ ធ្លាក់​ក្នុង​សមុទ្រ​ទៅ!“‌​ ហើយ​បើអ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត​ ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច​ នោះ​ព្រះជា​ម្ចាស់​នឹង​ប្រទាន​ឲ្យបាន​សម្រេច​ តាម​ពាក្យ​គេ​មែន។​ ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំសុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ អ្វីក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិ​ស្ឋានសុំ‌​ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ​‌នោះ​ព្រះជា​ម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំខាន។‌​ ម៉្យាង​ទៀត​ពេល​ឈរ​អធិស្ឋាន​ បើអ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់​ ចូរ​អត់​ទោស​ឲ្យ​គេ​ទៅ​ ដើម្បី​ព្រះ​បិតា​របស់​អ្នក​រាល់​គ្នា​ ដែល​គង់នៅ​ស្ថាន​បរម​សុខ​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា។​ {‌ប៉ុន្តែ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ​ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម​សុខ​ ក៏មិន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។}

Facebook
Twitter
LinkedIn