ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ដ៏​ខ្លី​របស់​ព្យាការី​អូបា‌ឌី ដែល​យើង​ស្គាល់​ត្រឹម​តែ​ឈ្មោះ​នេះ ជា​ព្រះ‌បន្ទូល​ស្តី​បន្ទោស​ជន​ជាតិ​អេដុម (ពូជ‌ពង្ស​របស់​លោក​អេសាវ) ព្រោះ​ពួក​គេ​ប្រកាន់​ឥរិយា‌បថ​មិន​សមរម្យ​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល (ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ជា​ប្អូន​របស់​លោក​អេសាវ)។ ជន​ជាតិ​អេដុម​មាន​ទឹក​ដី​នៅ​ខាង​ត្បូង​សមុទ្រ​មរណៈ ហើយ​ពួក​គេ​តែង‌តែ​បង្ក​រឿង​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច។ នៅ​ពេល​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង ជន​ជាតិ​អេដុម​ពុំ​បាន​មក​ជួយ​បង‌ប្អូន​របស់​ខ្លួន​ទេ គឺ​ពួក​គេ​បែរ​ជា​ឆ្លៀត​ឱកាស​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។
ព្យាការី​អូបា‌ឌី​ប្រកាស​ឲ្យ​ជន​ជាតិ​អេដុម​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​រលាយ​សូន្យ រួម​ជា​មួយ​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ តាម‌រយៈ​សេចក្ដី​ប្រកាស​នេះ លោក​ក៏​ចង់​លើក​ទឹក​ចិត្ត​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជាម្ចាស់​នឹង​យាង​មក​វិនិច្ឆ័យ​ទោស​ជាតិ​សាសន៍​ទាំង​អស់​ដែល​ជា​សត្រូវ​របស់​ពួក​គេ។