ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ហាបា‌គូក​បង្ហាញ​ឲ្យ​យើង​ស្គាល់​ទឹក​ចិត្ត​របស់​ព្យាការី​មួយ​រូប ដែល​រស់​នៅ​ក្នុង​គ្រា​លំបាក។ លោក​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ លោក​ថ្កោល​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប។ លោក​ទូល​សួរ​ព្រះ‌ជាម្ចាស់ ដើម្បី​ស្វែង​យល់​ហេតុ‌ការណ៍​ទាំង​នោះ ហើយ​លោក​មាន​អំណរ​នៅ​ពេល​ទទួល​ចម្លើយ​ពី​ព្រះ‌អង្គ​វិញ។

កណ្ឌ​គម្ពីរ​នេះ​ប្រហែល​ជា​ចង​ក្រង​ឡើង​នៅ​ចុង​សតវត្ស​ទី​៧ ឬ​ដើម​សតវត្ស​ទី​៦ មុន​គ្រីស្ត‌សករាជ គឺ​នៅ​គ្រា​ដែល​ចក្រ‌ភព​បាប៊ីឡូន​កំពុង​វាត​អំណាច​របស់​ខ្លួន​នៅ​មជ្ឈិម‌បូព៌ា​ប្រទេស។ ពេល​នោះ សហគមន៍​អ៊ីស្រា‌អែល​នឹក​បារម្ភ ហើយ​ចង់​ដឹង​ថា អនាគត​របស់​ពួក​គេ ព្រម​ទាំង​ទំនាក់‌ទំនង​របស់​ពួក​គេ​ជា​មួយ​ព្រះ‌ជាម្ចាស់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។

ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​ព្យាការី​របស់​ព្រះ‌អង្គ​វិញ ដោយ​ប្រទាន​ព្រះ‌បន្ទូល​មក​លោក ដើម្បី​ឲ្យ​លោក​យក​ទៅ​ថ្លែង​ប្រាប់​ជន​រួម​ជាតិ​របស់​លោក​ថា ពេល​ណា​គេ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ នោះ​គេ​នឹង​មាន​ជីវិត​គង់‌វង្ស (២.៤)។ ពេល​ណា​គេ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ ដោយ​ទុក​ចិត្ត នោះ​ព្រះ‌អង្គ​មុខ​ជា​ធ្វើ​អន្តរា‌គមន៍​ជួយ​គេ​មិន​ខាន (ចំពូក​៣)។ ព្រះ‌បន្ទូល​នេះ​ក៏​មាន​ប្រសិទ្ធ‌ភាព​សម្រាប់​មនុស្ស​នៅ​គ្រប់​ជំនាន់​ដែរ គឺ​ក្នុង​គ្រា​លំបាក អ្នក​ជឿ​តែង‌តែ​គិត​ដល់​កណ្ឌ​គម្ពីរ​ហាបា‌គូក ដើម្បី​ឲ្យ​មាន​ទឹក​ចិត្ត​ឡើង​វិញ ដោយ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់។ លោក​ប៉ូល​បង្រៀន​គ្រីស្ត‌បរិស័ទ​នៅ​បឋម​សម័យ​ថា ចិត្ត​ស្មោះ‌ត្រង់​របស់​មនុស្ស​ចំពោះ​ព្រះ‌ជាម្ចាស់ នាំ​ឲ្យ​គេ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ (រ៉ូម ១.១៧; កាឡា‌ទី ៣.១១ និង​ហេប្រឺ ១០.៣៨)។