ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងភីលីព
ក្រុងភីលីពៈ ជាក្រុងមួយមិនសូវធំប៉ុន្មានទេ សព្វថ្ងៃក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។
គ្រីស្តទូតប៉ូលបានទៅផ្សាយដំណឹងល្អនៅគ.ស.៤៩-៥០ ដោយមានលោកស៊ីឡាស លោកធីម៉ូថេ និងលោកលូកាទៅជាមួយផង(កិច្ចការ ១៦.១០-៤០)។
លោកប៉ូលសរសេរសំបុត្រនេះ នៅពេលលោកជាប់ឃុំឃាំងនៅក្រុងអេភេសូ។ កាលគ្រីស្តបរិស័ទនៅក្រុងភីលីពបានទទួលដំណឹងថា លោកជាប់ឃុំឃាំងដូច្នេះ ពួកគេក៏ប្រមូលជំនួយខ្លះផ្ញើតាមលោកអេប៉ាប្រូឌីតទៅជូនលោក។ លុះធ្វើដំណើរមកដល់ក្រុងអេភេសូនេះ លោកអេប៉ាប្រូឌីតមានជំងឺ ហើយចង់ត្រឡប់ទៅក្រុងភីលីពវិញ។ លោកប៉ូលក៏សរសេរសំបុត្រផ្ញើតាមគាត់ ទៅថ្លែងអំណរគុណគ្រីស្តបរិស័ទទាំងនោះ។ លោកបានសរសេរសំបុត្រនេះនៅគ.ស.៥៦-៥៧។
គោលសំខាន់ៗ:
លោកប៉ូលបង្ហាញអំណរសប្បាយរបស់លោក ទោះបីលោកជាប់ឃុំឃាំងក៏ដោយ ក៏លោកយល់ថា លោករងទុក្ខលំបាកដូច្នេះ គឺដូចជារួមជាមួយព្រះគ្រីស្តដែលបានរងទុក្ខលំបាកនោះដែរ។ លោកបានដាស់តឿនគ្រីស្តបរិស័ទនៅក្រុងភីលីពឲ្យមានជំនឿខ្ជាប់ខ្ជួន និងឲ្យគេរស់នៅជាមួយគ្នាដោយសុខសាន្ត ព្រមទាំងសុខចិត្តដាក់ខ្លួនបម្រើគ្នាទៅវិញទៅមក ដូចព្រះគ្រីស្តធ្វើជាគំរូទុកមកស្រាប់។
លោកប៉ូលបានលើកយកអំណររបស់គ្រីស្តបរិស័ទមកនិយាយជាច្រើនលើកច្រើនសា។ លោកក៏បានបញ្ចូលទំនុកបុរាណមួយបទ ដែលបញ្ជាក់អំពីជំនឿរបស់គ្រីស្តបរិស័ទនៅជំនាន់ដើម(២.៦-១១)។
គម្រោងគម្ពីរភីលីពៈ
- សេចក្ដីផ្ដើម ១.១-១១
- ស្ថានភាពរបស់លោកប៉ូល ១.១២-២៦
- ជីវិតរួមជាមួយព្រះគ្រីស្ត ១.២៧‑២.១៨
- គម្រោងការរបស់លោកធីម៉ូថេ និងលោកអេប៉ាប្រូឌីត ២.១៩-៣០
- ការទូន្មានឲ្យរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ៣.១‑៤.៩
- លោកប៉ូលអរគុណគ្រីស្តបរិស័ទនៅក្រុងភីលីព ៤.១០-២០
- អវសានកថា ៤.២១-២៣