ពាក្យ​លំនាំ

លិខិត​ទី​មួយ​របស់លោក​យ៉ូហាន

ជា​យូរ​ឆ្នាំ​ក្រោយ​ព្រះ‌យេស៊ូ​ចូល​ទិវង្គត មាន​កើត​វិបត្តិ​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​អ្នក​ជឿ គឺ​គ្រីស្ត‌បរិស័ទ​ខ្លះ​ដែល​ស្ទាត់​ជំនាញ​ខាង​ទស្សន‌វិជ្ជា​ក្រិក អួត​ខ្លួន​ថា​គេ​អាច «ស្គាល់» និង​«ឃើញ» ព្រះ‌ជាម្ចាស់​បាន​ដោយ​ប្រាជ្ញា និង​តាម​ការ​ត្រិះ‌រិះ​របស់​ខ្លួន។ ពួក​គេ​អួត​ទៀត​ថា ខ្លួន​គេ​គ្មាន​ជាប់​បាប​ទាល់​តែ​សោះ ជា​ពិសេស​ទៅ​ទៀត អ្នក​ទាំង​នោះ​មិន​ជឿ​ថា​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​មិន​ជឿ​ថា​ព្រះ‌អង្គ​ជា​មនុស្ស​ធម្មតា​ដែរ។ គេ​នឹក​ស្មាន​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌បុត្រា​បាន​យាង​ចូល​ក្នុង​រូប​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ នៅ​ពេល​លោក​យ៉ូហាន‌បាទីស្ដ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ ពួក​គេ​ស្មាន​ទៀត​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌បុត្រា​បាន​យាង​ចេញ​ទៅ​វិញ នៅ​ពេល​ព្រះ‌យេស៊ូ​រង‌ទុក្ខ​លំបាក។

គោល​បំណងៈ

លោក​យ៉ូហាន​សរសេរ​លិខិត​បី​ច្បាប់​នេះ នៅ​ចុង​សតវត្ស​ទី​១ ដើម្បី​ប្រៀន‌ប្រដៅ​គ្រីស្ត‌បរិស័ទ​ទាំង‌ឡាយ​ឲ្យ​កាន់​ជំនឿ​ត្រឹម​ត្រូវ កុំ​ចាញ់​បោក​ពួក​អ្នក​ដែល​ផ្សាយ​ទ្រឹស្ដី​ផ្ដេស‌ផ្ដាស​ទាំង​នោះ​ឡើយ។ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​មាគ៌ា​ដ៏​ពិត​ប្រាកដ គឺ​ថា អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់​ចំពោះ​អ្នក​ផង​ទាំង​ពួង អ្នក​នោះ​ហើយ​ដែល​ស្គាល់ និង​ឃើញ​ព្រះ‌ជាម្ចាស់!។
លិខិត​ទី​ពីរ និង​ទី​បី ជា​លិខិត​ខ្លីៗ​ផ្ញើ​ទៅ​ក្រុម​គ្រីស្ត‌បរិស័ទ​មួយ និង​គ្រីស្ត‌បរិស័ទ​ម្នាក់​ឈ្មោះ​កៃយូស។

គម្រោង​គម្ពីរ​យ៉ូហាន​ទី​១ :
  • សេចក្ដី​ផ្ដើម ១.១-៤
  • ពន្លឺ និង​ភាព​ងងឹត ១.៥‑២.២៩
  • បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់ និង​កូន​ចៅ​របស់​មារ​សាតាំង ៣.១-២៤
  • សេចក្ដី​ពិត និង​គ្រូ​ក្លែង‌ក្លាយ ៤.១-៦
  • សេចក្ដី​ស្រឡាញ់ ៤.៧-២១
  • ជ័យ‌ជម្នះ​របស់​ជំនឿ ៥.១-២១
គម្រោង​គម្ពីរ​យ៉ូហាន​ទី​២ :
  • សេចក្ដី​ផ្ដើម ១‑៣
  • សេចក្ដី​ស្រឡាញ់​រវាង​បង‌ប្អូន ៤‑៦
  • គ្រូ​ក្លែង‌ក្លាយ ៧‑១១
  • អវសាន‌កថា ១២‑១៣
គម្រោង​គម្ពីរ​យ៉ូហាន​ទី​៣ :
  • សេចក្ដី​ផ្ដើម ១‑៤
  • ភក្តី‌ភាព​របស់​លោក​កៃយូស ៥‑៨
  • ឌីអូ‌ត្រែប និង​ដេមេទ្រី‌យូស ៩‑១២
  • អវសាន‌កថា ១៣‑១៥