ព្យាការី​សាការី (០៣)

និមិត្តហេតុ​អស្ចារ្យ​អំពី​លោក​មហា​បូជាចារ្យ
 ព្រះអម្ចាស់​បាន​អោយ​ខ្ញុំ​ឃើញ​លោក​មហា​បូជា​ចារ្យ​*​យ៉ូស៊ូអា ឈរ​នៅ​មុខ​ទេវទូត*​របស់​ព្រះអង្គ ហើយ​មារ*​សាតាំង​ឈរ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​លោក។ ២ ទេវទូត​របស់​ព្រះអម្ចាស់​ ពោល​ទៅ​កាន់​មារ​សាតាំង​ថា៖ «សូម​ព្រះអម្ចាស់​ផ្ដន្ទា​ទោស​អ្នក! សាតាំង​អើយ សូម​ព្រះអម្ចាស់​ ផ្ដន្ទា​ទោស​អ្នក! ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​ក្រុង​យេរូសា​ឡឹម​។ រីឯ​លោក​យ៉ូស៊ូអា​វិញ លោក​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។

 ពេល​នោះ លោក​យ៉ូស៊ូអា​មាន​សម្លៀកបំពាក់​កខ្វក់ លោក​ឈរ​នៅ​មុខ​ទេវទូត។ ទេវទូត​នេះ​ពោល​ទៅ​កាន់​ អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀកបំពាក់​កខ្វក់​ចេញ​ពី​លោក!»។ ទេវទូត​ពោល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​លោក ហើយ​អោយ​លោក​ស្លៀក​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​វិញ»។ បន្ទាប់​មក ទេវទូត​ពោល​ថា៖ «ចូរ​យក​ឆ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឆ្នួត​ស្អាត និង​សម្លៀកបំពាក់​មក​ពាក់​ជូន​លោក។ ទេវទូត​របស់​ព្រះអម្ចាស់​ឈរ​នៅ​ក្បែរ​នោះ។

 ទេវទូត​របស់​ព្រះអម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖  ​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែរក្សា​ទីលាន​របស់​យើង​ដែរ។ យើង​នឹង​អោយ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។ ដូច្នេះ​មហា​បូជាចារ្យ​ យ៉ូស៊ូ​អា​​អើយ​ចូរ​ស្ដាប់! រីឯ​អ្នក​ឯ​ទៀតៗ​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ក៏​ត្រូវ​ស្ដាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រផ្នូល​អំពី​កិច្ចការ​ដែល​នឹង​កើត​មាន។ យើង​នឹង​នាំ “ពន្លក” ជា​អ្នក​បំរើ​របស់​យើង​មក។  យើង​នឹង​ដាក់​ថ្ម​មួយ​នៅ​ មុខ​យ៉ូស៊ូអា លើ​ថ្ម​តែ​មួយ​នេះ​មាន​ភ្នែក​ដល់​ទៅ​ប្រាំពីរ។ យើង​នឹង​ចារ​អក្សរ​លើ​ថ្ម​នោះ ដោយ​ដៃ​យើង​ផ្ទាល់។ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ យើង​នឹង​ដក​បាប​ចេញ​ពី​ស្រុក​នេះ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១០ នៅ​ថ្ងៃ​នោះ​អ្នក​រាល់​ គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក អោយ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំងបាយជូរ និង​ដើម​ឧទុម្ពរ»​ – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។