ព្យាការី​សាការី (០២)

និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ស្នែង​បួន និង​ជាង​ដែក​បួន​នាក់
១(១.១៨) ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។ ២(១៩) ខ្ញុំ​ក៏​សួរ​ទេវទូត​ដែល ​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវទូត​តប​មក​ខ្ញុំ​ថា៖ «​ស្នែង​​ទាំង​នោះ​ ជា​តំណាង​ប្រជាជាតិ​ដែល​បាន​កំចាត់កំចាយ​អ្នក​​​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រាអែល និង​អ្នក​ក្រុង​យេរូសា​ឡឹម​»។

៣(២០) បន្ទាប់​មក ព្រះអម្ចាស់​ប្រទាន​អោយ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។ ៤(២១) ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះអង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កំចាត់កំចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក​ដើម្បី​បំភ័យ និង​កំទេច​ស្នែង​នៃ​ប្រជាជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​ យូដា និង​កំចាត់កំចាយ​ប្រជាជន»។

និមិត្តហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់
៥(២.១) ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។ ៦(២) ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ដឹង​ប្រវែង​ទទឹង និង​បណ្ដោយ»។ ៧(៣) ពេល​នោះ ទេវទូត​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវទូត​មួយ​រូប​ទៀត​មក​ជួប ៨(៤) ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូសាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។ ៩(៥) រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​នឹង​ទៅ​ជា​សិរីរុងរឿង​របស់​ក្រុង​នេះ​ដែរ» – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

ព្រះអម្ចាស់ហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ
១០(៦) «យើងបានកំចាត់កំចាយអ្នករាល់គ្នា
ទៅតាមទិសទាំងបួន!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់
រត់ចាកចេញពីស្រុកខាងជើងមក!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១(៧) ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ
ក្នុងស្រុកបាប៊ីឡូនអើយ
ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
១២(៨) ព្រះអម្ចាស់នៃពិភពទាំងមូល
ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំអោយទៅ
ប្រាប់ប្រជាជាតិនានា
ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា:
«អ្នកណាប៉ះពាល់អ្នករាល់គ្នា
ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
១៣(៩) យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ
ពួកគេនឹងក្លាយទៅជាឈ្លើយ
នៃពួកទាសកររបស់ខ្លួន»
ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
ព្រះអម្ចាស់នៃពិភពទាំងមូល
ពិតជាបានចាត់ខ្ញុំអោយមកមែន។
១៤(១០) «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ
ចូរស្រែកហ៊ោដោយអំណរ!
ចូរសប្បាយរីករាយឡើង!
ដ្បិតយើងមករកអ្នកហើយ
យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៥(១១) «នៅថ្ងៃនោះប្រជាជាតិជាច្រើន
នឹងជំពាក់ចិត្តលើយើងជាព្រះអម្ចាស់
ហើយធ្វើជាប្រជារាស្ត្ររបស់យើង
តែយើងនឹងស្ថិតនៅជាមួយអ្នក»។
ពេលនោះ អ្នកនឹងទទួលស្គាល់ថា
ព្រះអម្ចាស់នៃពិភពទាំងមូល
បានចាត់ខ្ញុំអោយមករកអ្នក។
១៦(១២) ព្រះអម្ចាស់នឹងយកស្រុកយូដា
ធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់
ក្នុងទឹកដីដ៏វិសុទ្ធ
ព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹម
ដូចពីមុន។
១៧(១៣) សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់
ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពី
ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។