ពាក្យលំនាំ

គម្ពីរព្រះប្រាជ្ញាញាណ

អ្នក​និពន្ធ​កណ្ឌ «ព្រះ​ប្រាជ្ញា​ញាណ» នេះ​ប្រហែល​ជា​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​អាឡិច​សង់ឌ្រី (ប្រទេស​អេស៊ីប​) ៥០ ឬ ៣០ឆ្នាំ​មុន​គ.ស.។ លោក​និពន្ធ​ជា​ភាសា​ក្រិក​តែម្តង ហើយ​ខិតខំ​ប្រកាស​ជំនឿ​របស់​ជន​ជាតិ​យូដា តាម​គោល​គំនិត​ និង​តាម​អរិយ​ធម៌​ក្រិក។ លោក​មាន​បំណង​ចង់​ណែនាំ​ទាំង​ជន​ជាតិ​យូដា​ដែល​ភ្លេច​ភាសា​របស់​ខ្លួន ទាំង​ជន​ជាតិ​ក្រិក​ឲ្យ​យល់​ថា ជំនឿ​របស់​ជន​ជាតិ​យូដា​ពិត​ជា​កេរ​ដ៏មាន​តម្លៃ​ថ្លៃ​ថ្នូរ។

  • ក្នុង​ភាគ​ទី១ (ជំពូក​១-៥​) អ្នក​និពន្ធ​រិះគិត​អំពី​អនាគត​របស់​អ្នក​មាន​ជំនឿ និង​មនុស្ស​អាក្រក់។ ក្នុង ២,១០-២០ មាន​រៀប​រាប់​អំពី​ទុក្​លំបាក​របស់​មនុស្ស​សុចរិត។
  • ក្នុង​ភាគ​ទី២​(ជំពូក ៦-៩,១២) អ្នក​និពន្ធ​សរសើរ​តម្កើង​ព្រះ​ប្រាជ្ញា​ញាណ​ដែល​មនុស្ស​លោក ជា​ពិសេស​ អ្នក​ដឹកនាំ​ប្រទេស​ត្រូវ​ការ​ទាំង​អស់​គ្នា។ អ្នក​និពន្ធ​សរសេរ​ហាក់​ដូចជា​ព្រះ​បាទសា​ឡូម៉ូន​ផ្ទាល់​ដែល​ជា​អ្នក​មាន​ព្រះ​ប្រាជ្ញា​ញា​ណ​ឈ្លាស​វៃ​ជាង​គេ។ ហេតុ​នេះ ជួន​កាល​គេដាក់​ចំណង​ជើង​កណ្ឌ​នេះ​ថា​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​បាទសា​ឡូម៉ូន។
  • ក្នុង​ភាគ​ទី៣ (៩,១៣-១៩,២២) លោក​បង្ហាញ​ព្រះ​ប្រាជ្ញា​ញាណ​ដែល​ណែនាំ​ប្រវត្តិ​សាស្រ្ត​ប្រជា​ជន​អ៊ីស្រា​អែល ជា​ពិសេស​ពេល​ជន​ជាតិ​អ៊ីស្រា​អែល​ចេញ​ពី​ស្រុក​អេស៊ីប​។ លោក​ក៏​ស្តី​បន្ទោស​អ្នក​គោរព​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ។

ដោយ​អ្នក​និពន្ធ​រិះ​គិត​អំពី​ជំនឿ​របស់​ជន​ជាតិ​យូដា​តាម​គោល​គំនិត​ក្រិក​ លោក​បញ្ចេញ​គំនិត​ថ្មី មិន​ដែល​មាន​ក្នុង​កណ្ឌ​ឯទៀត​ៗ ដូចជា​ព្រលឹង និង រូប​កាយ​ដាច់​ពីគ្នា វិញ្ញា​ក្ខន្ត​ដែល​មាន​ជីវិត​អមតៈ​ជា​ដើម។