ប្រាជ្ញាញាណ (០៩)

ពាក្យទូលអង្វរ​សូមព្រះប្រាជ្ញាញាណ
១បពិត្រ​ព្រះ​នៃ​បុព្វ​បុរស​របស់​ទូល​បង្គំ​ និង​ជា​ព្រះ​អម្ចាស់ ​ប្រកប​ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា ព្រះ​អង្គ​បង្កើត​អ្វី​ៗសព្វ​សារ​ពើ​ ដោយ​សារ​ព្រះ​បន្ទូល។ ២ព្រះ​អង្គ​បាន​សូន​មនុស្ស​ ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ ដើម្បី​ឲ្យ​គ្រប់​គ្រង​លើ​សត្វ​លោក​ទាំង​អស់ ដែល​ព្រះ​អង្គ​បង្កើត​មក​។ ៣ហើយ​ឲ្យ​គេ​ត្រួត​ត្រា​ពិភព​លោក​ដោយ​ភាព​វិសុទ្ធ និង​សុចរិត​តាម​យុត្តិ​ធម៌ ព្រម​ទាំង​វិនិច្ឆ័យ​ដោយ​ចិត្ត​ទៀង​ត្រង់។  ៤សូម​មេត្តា​ប្រោស​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ដែល​គង់​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ​អង្គ​ មក​ទូល​បង្គំ​ផង! សូម​កុំ​ដក​ទូល​បង្គំ​ ចេញ​ពី​ចំណោម​បុត្រ​ធីតា​របស់​ព្រះ​អង្គ​ឡើយ​។ ៥ទូល​បង្គំ​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​ ដូច​ម្តាយ​របស់​ទូល​បង្គំ​ដែរ។ ទូល​បង្គំ​ជា​មនុស្ស​ទន់​ខ្សោយ ដែល​មាន​អាយុ​ខ្លី មិន​សូវ​យល់​អំពី​វិន័យ​  និង ច្បាប់​របស់​ព្រះ​អង្គ​ឡើយ។ ៦មួយ​វិញ​ទៀត​ទោះបី​ មាន​មនុស្ស​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ក្តី​ប្រសិន​បើ​គេ​គ្មាន​ព្រះ​ប្រាជ្ញា​ញាណ​មកពី​ព្រះ​អង្គ​ទេ គេ​គ្មាន​តម្លៃ​អ្វី​ឡើយ! ៧ ព្រះ​អង្គ​បាន​ជ្រើស​រើស​ទូល​បង្គំ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ គឺ​ឲ្យ​ទូល​បង្គំ​គ្រប់​គ្រង​លើ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​។ ៨ព្រះ​អង្គ​បញ្ជា​ឲ្យ​ទូល​បង្គំ​សង់​ព្រះ​វិហារ ​នៅ​លើភ្នំ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ព្រម​ទាំង​សង់​អាសនៈ​មួយ​ក្នុង​ក្រុង​ដែល​ព្រះ​អង្គ​គង់​នៅ ដោយ​យក​ព្រះ​ពន្លា​ដែល​ព្រះ​អង្គ​បាន​រៀបចំ តាំងពី​ដើម​រៀង​មក​ធ្វើ​ជា​គំរូ។ ៩បពិត្រ​ព្រះ​អម្ចាស់! ព្រះ​ប្រាជ្ញា​ញាណ​គង់​នៅ​ជាមួយ​ព្រះ​អង្គ ហើយ​ជ្រាប​អំពី​ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ។ ពេល​ព្រះ​អង្គ​បង្កើត​ពិភព​លោក ព្រះ​ប្រាជ្ញា​ញាណ​គង់​នៅ​ជាមួយ​ព្រះ​អង្គ​ ព្រម​ទាំង​ជ្រាប​អំពី​អ្វី​ៗ ដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ​ និង​អ្វី​ៗដែល​ត្រឹម​ត្រូវ​តាម​បញ្ជា​របស់​ព្រះ​អង្គ។ ១០សូម​ចាត់​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​យាង​ចុះ​ពី​ស្ថាន​បរម​សុខ​ ដែល​ជា​ព្រះ​ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ​អង្គ​  សូម​ឲ្យ​ព្រះ​ប្រាជ្ញា​ញាណ​យាង​ពី​បល្ល័ង្ក ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​ការ​នឿយ​ហត់​រួម​ជា​មួយ​ទូល​បង្គំ​ និង​ឲ្យ​ទូល​បង្គំ​ខ្ញុំ​ស្គាល់​អ្វី​ៗ  ដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ​ផង។ ១១ព្រះ​ប្រាជ្ញា​ញាណ​ជ្រាប​ និង​យល់​អ្វី​ៗទាំង​អស់ ហើយ​ណែនាំ​ទូល​បង្គំ​ឲ្យ​ប្រព្រឹត្ត​កិច្ចការ​ផ្សេងៗ ដោយ​ចេះ​គិត​ពិចារ​ណា​។ សូម​ព្រះ​ប្រាជ្ញា​ញាណ​ការ​ពារ​ទូល​បង្គំ​ដោយ​សិរីរុង​រឿង​របស់​ព្រះ​អង្គ​ផង! ១២ដូច្នេះ​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ទូល​បង្គំ​ប្រព្រឹត្ត មុខ​ជា​គាប់​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ ទូល​បង្គំ​នឹង​គ្រង​រាជ្យ​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ដោយ​គតិ​យុត្តិ​ធម៌ ហើយ​ក៏​ស័ក្កិ​សម​អង្គុយ​លើ​បល្ល័ង្ក​របស់​បិតា​ទូល​បង្គំ​ដែរ។

១៣ឳ​ព្រះ​ជា​ម្ចាស់​អើយ! តើ​នរណា​អាច​ស្គាល់​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ​បាន? តើ​នរណា​អាច​ស្មាន​យល់​អំពី​បំណង​របស់​ព្រះ​អង្គ? ១៤មនុស្ស​តែង​តែ​ស្លាប់ មាន​គំនិត​មិន​ប្រាកដ​ប្រជា​ទេ ហើយ​ការ​រិះ​គិត​របស់​យើង​ខ្ញុំ ក៏​រមែង​ប្រែ​ប្រួល​ជា​និច្ច។ ១៥រូប​កាយ​របស់​យើង​ខ្ញុំ​ដែល​ត្រូវ​រលួយ ជា​បន្ទុក​យ៉ាង​ធ្ងន់​ សង្កត់​លើ​ព្រលឹង​របស់​យើង​ខ្ញុំ។ រូប​កាយ​ជា​សំបក​ធ្វើ​ពីដី ក៏​សង្កត់​លើ​វិញ្ញាណ​ដែល​ប្រទាញ​ប្រទង់​ដោយ​កង្វល់​ផ្សេង​ៗ។ ១៦យើង​ខ្ញុំ​ពិបាក​ស្រមៃ​ឃើញ​ពី​អ្វី​ៗ​នៅ​លើ​ផែន​ដី​ ហើយ​ក៏​មិន​ងាយ​យល់​អំពី​អ្វីៗ  ដែល​យើង​អាច​ប៉ះ​ពាល់​បាន​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ចំណង់​បើអ្វី​ៗដែល​នៅ​ឯស្ថាន​បរម​សុខ​វិញ តើ​នរណា​អាច​ស្វែង​យល់​បាន! ១៧ប្រសិន​បើ ព្រះ​អង្គ​មិន​បាន​ប្រោស​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ហើយ​មិន​បាន​ចាត់​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ​ ពី​ស្ថាន​ដ៏​ខ្ពស់​មក​ទេ​នោះ គ្មាន​នរណា​អាច​ស្គាល់​បំណង​របស់​ព្រះ​អង្គ​បាន​ឡើយ​។ ១៨ដូច្នេះ​ព្រះ​អង្គ​បាន​តំរែ​តំរង់​មនុស្ស ឲ្យ​រស់​នៅ​ដោយ​ទៀង​ត្រង់​នៅ​លើ​ផែន​ដី​ ព្រះ​អង្គ​បាន​បង្រៀន​ពួកគេ​ពីអ្វី​ៗដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ ហើយ​ព្រះ​ប្រាជ្ញា​ញាណ​ក៏​សង្រ្គោះ​គេ​ដែរ។