ប្រាជ្ញាញាណ (០៨)

១ព្រះ​ប្រាជ្ញា​ញាណ​លាត​ត្រដាង​ឫទ្ធា​នុភាព​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ ហើយ​ត្រួត​ត្រា​អ្វីៗទាំង​អស់ ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស។

ព្រះប្រាជ្ញាញាណ​ជាមហេសីដ៏ប្រសើរបំផុត
២ខ្ញុំ​ស្រឡាញ់ ហើយ​ខំ​ស្វះ​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ​តាំង​ពី​យុវ​វ័យ​មក ខ្ញុំ​ក៏​ចាប់​ចិត្ត​នឹង​សម្រស់​របស់​ព្រះ​ប្រាជ្ញា​ញាណ ព្រម​ទាំង​ចង់​យក​មក​ធ្វើ​ជា​មហេសី​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ៣ដោយ​រួម​រស់​ជា​មួយ​ព្រះ​ជា​ម្ចាស់ ព្រះ​ប្រាជ្ញា​ញាណ​មាន​សិរី​រុងរឿង​លើស​អភិ​ជន​នានា​ ហើយ​ព្រះ​ដែល​ជា​ម្ចាស់​លើ​អ្វីៗទាំង​អស់​ក៏​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។ ៤ព្រះ​ប្រាជ្ញា​ញាណ​ឈ្វេង​យល់ ព្រះ​តំរិះ​ដ៏​លាក់​កំបាំង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ផ្តល់​គំនិត​ក្នុង​កិច្ច​ការ​ដែល​ព្រះ​អង្គ​សំរេច​ធ្វើ។ ៥ក្នុង​លោក​នេះ មនុស្ស​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ ប៉ុន្តែ គ្មាន​អ្វី​មាន​តម្លៃ​ជាង​ព្រះ​ប្រាជ្ញា​ញាណ​ដៃល​បាន​បង្កើត​អ្វី​ៗទាំង​អស់​នោះ​ឡើយ! ៦បើ​ប្រាជ្ញា​របស់​មនុស្ស​យើង​ ចេះ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ប៉ុណ្ណឹង​ទៅ​ហើយ​ ចុះ​ចំណង់​បើ​ព្រះ​ប្រាជ្ញា​ញាណ ដែល​បាន​ច្នៃ​បង្កើត​អ្វី​ៗទាំង​អស់ តើ​រឹត​តែ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ទៅ​ទៀត។ ៧តើ​មាន​នរណា​ស្រឡាញ់​សេចក្តី​សុចរិត​ឬ​ទេ? កិរិយា​ល្អ​គ្រប់​យ៉ាង សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ប្រាជ្ញា​ញាណ គឺ​ព្រះ​អង្គ​បង្រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ចេះ​រិះ​គិត​ពិចា​រណា មាន​សេចក្តី​សុចរិត​ និង​ចិត្ត​ក្លាហាន​។ ក្នុង​ជីវិត​មនុស្ស​យើង គ្មាន​អ្វី​មាន​ប្រយោជន៍​ជាង​កិរិយា​ល្អ​ទាំង​នោះ​ទេ។ តើ​មាន​នរណា​ចង់​បាន​បទ​ពិសោធន៍​ដ៏​យូរ​លង់​ឬទេ? ព្រះ​ប្រាជ្ញា​ញាណ​ជ្រាប​អតីត​កាល​ និង​អនា​គត​កាល។ ព្រះ​អង្គ​ចេះ​បក​ស្រាយ​ ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន​  ហើយ​ក៏​ចេះ​កាត់​ប្រស្នា​ព្រះ​អង្គ​ជ្រាប​ជា​មុន នូវ​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អភូត​ហេតុ​នានា​ព្រម​ទាំង​ជ្រាប​អំពី​ពេល​វេលា ដែល​មាន​នក្ខត្ត​ឫក្ស​ដែរ។ ៩ហេតុ​នេះ ខ្ញុំ​សំរេច​ចិត្ត​យក​ព្រះ​ប្រាជ្ញា​ញាណ​មក​ធ្វើ​ជា​គូរ​គាប់ រួម​រស់​ជា​មួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹងថា ព្រះ​ប្រាជ្ញា​ញាណ ​នឹង​ផ្តល់​យោបល់​យ៉ាង​ល្អ​ប្រពៃ​ដល់​ខ្ញុំ​  ព្រម​ទាំង​លើក​ទឹក​ចិត្ត​នៅ​ពេល​ខ្ញុំ​មាន​កង្វល់ និង​ កើត​ទុក្ខ​ផង។ ១០ខ្ញុំ​យល់​ឃើញ​ថា​ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​នេះ មហា​ជន​មុខ​ជា​លើក​តម្កើង​ខ្ញុំ​ ទោះបី​ខ្ញុំ​នៅ​ក្មេង​ក្តី ក៏​ចាស់​ទុំ​គោរព​ខ្ញុំ​ដែរ។ ១១ពេល​ខ្ញុំ​កាត់​ក្តី គេ​មុខ​ជា​ឃើញ​ថា ខ្ញុំ​ឈ្លាស​វៃ ហើយ​អ្នក​កាន់​អំណាច​នានា មុខ​ជា​ស្ងើច​សរសើរ​ខ្ញុំ។ ១២ពេល​ខ្ញុំ​នៅ​ស្ងៀម អស់​លោក​ទាំង​នោះ​នឹង​រង់ចាំ​ស្តាប់​ខ្ញុំ​និយាយ ពេល​ខ្ញុំ​និយាយ គេ​មុខ​ជា​ត្រង​ត្រាប់​ស្តាប់​  ពេល​ខ្ញុំ​និយាយ​យូរ​ គេ​នៅ​ស្ងៀម ហើយ​កោត​សរសើរ​ខ្ញុំ​ក្នុង​ចិត្ត​។ ១៣ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ខ្ញុំ​នឹង​មាន​ជីវិត​អមតៈ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្រោយ​ខ្ញុំ នឹង​នឹក​ចាំ​ពី​ខ្ញុំ​អស់​កល្ប​ជានិច្ច។ ១៤ខ្ញុំ​នឹង​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​នានា ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ។ ១៥ពេល​ឮ​ឈ្មោះ​ខ្ញុំ​ស្តេច​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច នាំគ្នា​តក់​ស្លុត។ ខ្ញុំ​នឹង​សំដែង​ចិត្ត​សប្បុរស ចំពោះ​ប្រជា​ជន​របស់​ខ្ញុំ​  ហើយ​សំដែង​ចិត្ត​ក្លា​ហាន​នៅ​ពេល​ធ្វើ​សឹក​សង្រ្គាម។ ១៦កាល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំនឹង​សំរាក​នៅ​ក្បែរ​ព្រះ​ប្រាជ្ញា​ញាណ​ ដ្បិត​អ្នក​នៅ​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ​  មិន​ដែល​មាន​ចិត្ត​ជូរ​ចត់​ទេ។ ការ​រួម​រស់​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ ក៏មិន​បណ្តោយ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ដែរ​គឺ​មាន​តែ​សេចក្តី​សុខ​ និង​អំណរ​សប្បាយ​ប៉ុណ្ណោះ។

១៧ខ្ញុំ​បាន​រិះគិត​អំពី​សេចក្តី​ទាំង​នេះ ហើយ​យល់​ឃើញ​ថា ការ​រួម​រស់​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ ធ្វើ​ឲ្យ​មាន​ជីវិត​អមតៈ។ ១៨ចំណង​មិត្ត​ភាព​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ ជា​ប្រភព​នៃ​សុភ​មង្គល​ដ៏​ពេញ​លក្ខណៈ សកម្ម​ភាព​របស់​ព្រះ​ប្រាជ្ញា​ញាណ​ផ្តល់​ទ្រព្យ​សម្បត្តិ​ដែល​មិន​ចេះ​រលស់។ ខ្ញុំ​ក៏​យល់​ថា​  ទំនាក់​ទំនង​ជា​ប្រក្រតី ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ​រមែង​ធ្វើ​ឲ្យ​មាន​សុភ​និច្ឆ័យ ហើយ​ការ​សន្ទនា​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ រមែង​ធ្វើ​ឲ្យ​មាន​កិត្តិ​នាម។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ដើរ​រក​ព្រះ​ប្រាជ្ញា​ញាណ​គ្រប់​ទីកន្លែង​ដើម្បី​យក​មក​ធ្វើ​ជា​មហេសី​របស់​ខ្ញុំ។ ១៩ខ្ញុំ​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពស់​មែន ខ្ញុំ​ក៏​ទទួល​ព្រលឹង​ដ៏ល្អ​ប្រសើរ​ដែរ​។ ២០ឬ​បើ​និយាយ​ឲ្យ​ត្រូវ​ជាង​នេះ​ទៅ​ទៀត ដោយ​ខ្ញុំ​មាន​ព្រលឹង​ដ៏ល្អ​ប្រសើរ ខ្ញុំ​ក៏​ចូល​មក​ក្នុង​រូប​កាយ​ដ៏​ឥត​សៅ​ហ្មង​។ ២១ប៉ុន្តែ ខ្ញុំ​ដឹង​ថា បើ​ព្រះ​ជា​ម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ ខ្ញុំ​ពុំ​អាច​ទទួល​ព្រះ​ប្រាជ្ញា​ញាណ​បាន​ឡើយ​! ដោយ​ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះអំ​ណោយ​ទាន​នេះ​មកពី​ព្រះ​អង្គ​  ដូច្នេះ​ស​ឲ្យ​ឃើញ​ថា ខ្ញុំ​ចេះ​គិត​ពិចា​រណា​ហើយ។ ហេតុ​នេះ​ខ្ញុំ​ទូល​អង្វរ​ព្រះ​អម្ចាស់​ អស់​ពីដួង​ចិត្ត​ថា៖