ប្រាជ្ញាញាណ (០៧)

​ ព្រះបាទសាឡូម៉ូនជាមនុស្សធម្មតា
១ខ្ញុំ​ជា​មនុស្ស ដែល​រមែង​តែង​តែ​ស្លាប់​ដូច​មនុស្ស​ទាំង​អស់ ខ្ញុំ​ក៏ជា​ពូជ​ពង្ស​របស់​មនុស្ស​ដើម​ដំបូង ដែល​ព្រះ​ជា​ម្ចាស់​បាន​សូន​ពីដី​មក​ដែរ។ ២ខ្ញុំ​បាន​ចាប់​ផ្ទៃ​ដោយ​មេ​ជីវិត​របស់​បុរស​ម្នាក់​ ក្នុង​ពេល​រួម​បេវណី​យ៉ាង​សប្បាយ​ ហើយ​រូប​កាយ​របស់​ខ្ញុំ​ ក៏​កើត​ឡើង​ក្នុង​ផ្ទៃ​ម្តាយ។ អស់​រយៈ​ពេល​ដប់ខែ​ លោហិត​ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​រូប​កាយ​នេះ​  កាន់​តែរឹង​ប៉ឹង​ឡើយៗ។ ៣តាំង​ពី​ខ្ញុំ​កើត​មក​ ខ្ញុំ​ដក​ដង្ហើម​ពី​ខ្យល់​ដូច​គេ​ឯង ខ្ញុំ​មក​រស់​នៅ​លើ​ផែន​ដី​នេះ​រង​ទុក្ខ​ដូចគេ​ឯង ហើយ​សំឡេង​ដើម​ដំបូង​របស់ខ្ញុំ​ ក៏​មិន​ខុសពី​ទារក​ឯទៀត​ៗទាំង​អស់។ ៤គេ​យក​ក្រណាត់​មករុំ​ខ្ញុំ ហើយ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា។ ៥គ្មាន​ស្តេច​ណា ចាប់​ផ្តើម​ជីវិត​តាម​របៀប​ផ្សេង​ទេ​! ៦មនុស្ស​ទាំង​អស់ ចូរមក​ក្នុង​ពិភព​លោក​តាម​របៀប​ដូចគ្នា​ហើយ​ចាក​ចេញ​ទៅ​វិញ តាម​របៀប​ដូច​គ្នា​ដែរ។

ព្រះបាទសាឡូម៉ូន​ស្រឡាញ់ព្រះប្រាជ្ញាញាណ
៧ហេតុ​នេះ ខ្ញុំ​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់ ហើយ​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​មាន​សុភ​និច្ឆ័យ។ ខ្ញុំ​ទូល​សូម​ព្រះ​អង្គ ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​ខ្ញុំ​មាន​គំនិត​នៃ​ព្រះ​ប្រាជ្ញា​ញាណ។ ៨ខ្ញុំ​យល់​ឃើញ​ថា មាន​ព្រះ​ប្រាជ្ញា​ញាណ​ ប្រសើរ​ជាង​មាន​រាជ​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង​ទៅ​ទៀត។ បើ​ប្រៀប​នឹង​ព្រះ​ប្រាជ្ញា​ញាណ ខ្ញុំ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ថា​គ្មាន​តម្លៃ។ ៩សូម្បី​តែ​ត្បូង​ពេជ្រ​ដ៏មាន​តម្លៃ​ ក៏មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​ប្រាជ្ញា​ញាណ​បាន​ដែរ។ បើ​ប្រៀប​ផ្ទឹម​នឹង​ព្រះ​ប្រាជ្ញា​ញាណ មាស​ទាំង​អស់​ក្នុង​ពិភព​លោក​ទាំង​មូល​  ប្រៀប​បី​ដូច​ជា​ខ្សាច់​មួយ​ក្តាប់​តូច ហើយ​ប្រាក់​ក៏​ប្រៀប​ដូច​ជា​ភក់​ដែរ។ ១០ខ្ញុំ​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ​ជាង​ស្រឡាញ់​សុខ​ភាព​ល្អ និង​សម្ផស្ស​ទៅ​ទៀត។ ខ្ញុំ​សំរេច​ចិត្ត​យក​ព្រះ​ប្រាជ្ញា​ញាណ ធ្វើ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ ព្រោះ​ពន្លឺ​ដែល​ចេញ​ពី​ព្រះ​ប្រាជ្ញា​ញាណ​មិន​ចេះ​ស្រអាប់​ឡើយ។

១១ព្រះ​ប្រាជ្ញា​ញាណ​យាង​មក​រក​ខ្ញុំ ទាំង​នាំ​សម្បត្តិ​គ្រប់​យ៉ាង​ និង​កាន់​ភោគ​ទ្រព្យ​ដ៏មាន​តម្លៃ​មក​ជា​មួយ​ផង។ ១២ខ្ញុំ​សប្បាយ​រីក​រាយ​នឹង​សម្បត្តិ​ទាំង​នេះ ព្រោះ​ព្រះ​ប្រាជ្ញា​ញាណ​នាំ​មក​ឲ្យ​ខ្ញុំ​ ក៏​ប៉ុន្តែ​  កាល​ណោះ​ខ្ញុំ​មិន​ទាន់​ដឹងថា ព្រះ​ប្រាជ្ញា​ញាណ​បង្កើត​សម្បតិ្ត​ទាំង​នេះ​ទេ។ ១៣អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​ពី​ព្រះ​ប្រាជ្ញា​ញាណ​ដោយ​ចិត្ត​ស្មោះ​សរ ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​ដទៃ​ឥត​ទុក​សំរាប់​ខ្លួន​ឯង​ឡើយ។ ខ្ញុំ​មិន​លាក់​លៀម​សម្បត្តិ​ដ៏មាន​តម្លៃ នៃ​ព្រះ​ប្រាជ្ញា​ញាណ​ទេ​ ១៤ដ្បិត​ព្រះ​ប្រាជ្ញា​ញាណ​ជា​កំណប់​ដ៏មាន​តម្លៃ មិន​ចេះ​លស់​សំរាប់​មនុស្ស​លោក។ អស់​អ្នក​ដែល​មាន​កំណប់​នេះ នឹង​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ជា​ម្ចាស់​ ព្រោះ​លទ្ធ​ផល​នៃ​ការ​អប់រំ ធ្វើ​ឲ្យ​គេ​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ។

ព្រះជាម្ចាស់ជាប្រភព​នៃការចេះដឹងគ្រប់យ៉ាង
១៥សូម​ព្រះ​ជា​ម្ចាស់​ប្រោស​ប្រទាន ឲ្យ​ខ្ញុំ​ចេះ​និយាយ​ប្រកប​ដោយ​វិចារណ​ញ្ញាណ​ និង​ចេះ​គិត​សម​តាម​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​ជា​មគ្គុ​ទ្ទេស​ក៏​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​តំរង់​ផ្លូវ​អ្នក​ប្រាជ្ញ ១៦ព្រះ​អង្គ​ជា​ម្ចាស់​របស់​យើង​ទាំង​អស់​គ្នាហើយ​ជា​ម្ចាស់​លើ​ពាក្យ​សំដី​ចិត្ត​គំនិត​ និង​ចំណេះ​ឯក​ទេស​របស់​យើង។ ១៧ដូច្នេះ​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាស់​នូវ​អ្វីៗ ដែល​មាន​ក្នុង​លោក​នេះ គឺ​ឲ្យ​ខ្ញុំ​ស្គាល់​រចនា​សម្ពន្ធ​នៃ​ពិភព​លោក និង​ សកម្ម​ភាព​របស់​ធាតុ​ទាំង​ប្រាំ។ ១៨ព្រះ​អង្គ​ក៏​ឲ្យ​ខ្ញុំ​ចេះ​រាប់​ដើម​ដំបូង ពាក់​កណ្តាល និងចុង​បញ្ចប់​នៃ​ពេល​វេលា​ ព្រម​ទាំង​ស្គាល់​រដូវ​កាល ដែល​ចេះ​តែ​មាន​ជា​បន្ត​បន្ទាប់​គ្នា​តាម​ដំណើរ​ព្រះ​អាទិត្យ ១៩វដ្ត​នៃ​ឆ្នាំ​នីមួយៗ និង​ទីតាំង​តារា​ទាំង​ប៉ុន្មាន ២០ប្រភេទ​របស់​សត្វ និង​លក្ខណៈ​របស់​សត្វ​ព្រៃ​ អានុ​ភាព​របស់​វត្ថុ​ស័ក្កិ​សិទ្ធិ​ និង​ចិត្ត​គំនិត​របស់​មនុស្ស រុក្ខ​ជាតិ​ប្លែក​ៗពីគ្នា​ ព្រម​ទាំង​ប្រយោជន៍​នៃ​ឫស​រុក្ខ​ជាតិ​ទាំង​នោះ​ដែល​អាច​ប្រើ​ធ្វើ​ជា​ថ្នាំ​បាន។ ២១ខ្ញុំ​ស្គាល់​អ្វី​ៗទាំង​អស់​ដែល​មនុស្ស​លោក​មើល​ឃើញ ឬ​មើល​ពុំ​ឃើញ​ ដ្បិត​ព្រះ​ប្រាជ្ញា​ញាណ​ដែល​បង្កើត​អ្វីៗ​ទាំង​អស់​បាន​បង្រៀន​ខ្ញុំ។

លក្ខណៈរបស់ព្រះប្រាជ្ញាញាណ
២២ព្រះ​ប្រាជ្ញា​ញាណ មាន​វិញ្ញាណ​ដ៏​ឈ្លាស​វៃ​ និង​វិសុទ្ធ។ មាន​វិញ្ញាណ​តែមួយ​ដែល​ធ្វើ​ការ​អ្វីៗទាំង​អស់ មនុស្ស​ស្ទាប​ឬ​ចាប់​មិន​បាន ខុស​ប្លែក​ពី​អ្វី​ទាំង​អស់ ឥត​សៅ​ហ្មង​ ជ្រះ​ថ្លា មិន​ប្រែ​ប្រួល​ស្រឡាញ់​ការ​ល្អ មោះ​មុត ២៣គ្មាន​នរណា​អាច​បង្ខំ​បាន ជួយ​យក​អាសា​គេ​ ស្រឡាញ់​មនុស្ស នឹងន​រឹងមាំ ឥត​រង្គើ មិន​ខ្វល់​ខ្វាយ អាច​សំរេច​ការ​ទាំង​អស់​បាន​ ពិនិត្យ​មើល​អ្វីៗទាំង​អស់​ស្ទង់​គំនិត​ទាំង​ឡាយ​គឺ​គំនិត​របស់​អ្នក​ចេះ​ដឹង អ្នក​បរិសុទ្ធ និង​អ្នក​ឈ្លាស​វៃ​បំផុត។ ២៤ព្រះ​ប្រាជ្ញា​ញាណ​លឿន​ជាង​អ្វីៗ ដែល​កំរើក​បាន។ ព្រះ​ប្រាជ្ញា​ញាណ​បរិសុទ្ធ​បំផុត​ ហេតុ​នេះ​ ព្រះ​អង្គ​អាច​ឆ្លង​កាត់​ និង​ជ្រាប​ចូល​អ្វី​ៗទាំង​អស់។  ២៥ព្រះ​ប្រាជ្ញា​ញាណ​ ជា​ខ្យល់​ដង្ហើម​របស់​ព្រះ​ជា​ម្ចាស់​ ប្រកប​ដោយ​ឫទ្ធា​នុភាព និង​ជា​រស្មី​ដ៏​វិសុទ្ធ​ចេញ​មក​ពី​សិរី​រុងរឿង ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។  ដូច្នេះ​គ្មាន​ភាព​សៅ​ហ្មង​ណា​អាច​ចូល​ក្នុង​ព្រះ​ប្រាជ្ញា​ញាណ​បាន​ឡើយ។ ២៦ព្រះ​ប្រាជ្ញា​ញាណ​ជា​រស្មី​នៃ​ពន្លឺ​ដែល​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច ជា​កញ្ចក់​ដ៏​ភ្លឺថ្លា​  ឆ្លុះ​បញ្ចាំង​មហិទ្ធិ​ឫទ្ធិ​របស់​ព្រះ​ជា​ម្ចាស់ និង​  ជា​តំណាង​នៃ​ព្រះ​ហឫទ័យ​សប្បុរស​ របស់​ព្រះ​អង្គ។  ២៧ព្រះ​ប្រាជ្ញា​ញាណ​មាន​តែមួយ​អង្គ​គត់ តែ​ព្រះ​អង្គ​អាច​សំរេច​កិច្ច​ការ​ទាំង​អស់​បាន។ ព្រះ​ប្រាជ្ញា​ញាណ​មិន​ដែល​ប្រែ​ប្រួល​ទេ តែ​ព្រះ​អង្គ​ធ្វើ​ឲ្យ​អ្វីៗទាំង​អស់​ផ្លាស់​ប្រែ​ជា​ថ្មី​បាន។ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ព្រះ​ប្រាជ្ញា​ញាណ​យាង​មក​សណ្ឋិត​ក្នុង​ដូង​ចិត្ត​របស់​មនុស្ស​វិសុទ្ធ​ ដើម្បី​ឲ្យ​គេ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ជា​ម្ចាស់ និងទៅ​ជា​ព្យាការី។ ២៨ដ្បិត​ព្រះ​ជា​ម្ចាស់​ ស្រឡាញ់​តែ​អស់​អ្នក​ដែល​រួម​រស់​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ​ប៉ុណ្ណោះ។ ២៩ព្រះ​ប្រាជ្ញា​ញាណ ភ្លឺ​ជាង​ពន្លឺ​ព្រះ​អាទិត្យ និង​កញ្ចុំ​ផ្កាយ​ទាំង​ឡាយ​ទៅ​ទៀត បើ​ប្រៀប​ផ្ទឹម​នឹង​បន្លឺ​ថ្ងៃ ព្រះ​អង្គ​ភ្លឺ​ហួស​ប្រមាណ។ ៣០យប់​រមែង​ផ្ទេរ​កន្លែង​ទៅ​ឲ្យ​ថ្ងៃ​  ផ្ទុយ​ទៅ​វិញ ព្រះ​ប្រាជ្ញា​ញាណ​ឈ្នះ​សេចក្តី​អាក្រក់​ជានិច្ច។