ប្រាជ្ញាញាណ (០៥)

១ពេល​នោះ មនុស្ស​សុចរិត​នឹង​ឈរ​យ៉ាង​អង់អាច នៅ​ចំពោះ​មុខ​ពួក​អ្នក​ដែល​សង្កត់​សង្កិន និង​មើល​ងាយ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់។ ២ពួកគេ​ឃើញ​ជ្រួល​ច្របល់​ទាំង​ភ័យ​ញ័រ​ខ្លួន​  និង​ស្រឡាំង​កាំង ដោយ​ឃើញ​ថា​ គាត់​រួច​ជីវិត​ ផ្ទុយ​ពីការ​ស្មាន​របស់​ពួកគេ។ ៣ពួកគេ​តឹង​ទ្រូង ហើយ​ត្អូញ​ត្អែរ និយាយ​គ្នា​ទាំង​សោក​ស្តាយ​ថា៖ ៤«អ្នក​នេះ​ហើយ​ដែល​យើង​ចំអក​ដាក់​កាល​ពីមុន! យើង​បាន​ត្មះ​តិះ​ដៀល​គាត់! យើង​ពិត​ជា​មនុស្ស​ឆោត​ល្ងង់​មែន! យើង​ស្មាន​ថា របៀប​រស់​នៅ​របស់​គាត់​ជា​ការ​លេលា និង​ស្មាន​ថា​ការ​ស្លាប់​របស់​គាត់​ជាការ​អាម៉ាស់។ ៥តែ​ឥឡូវ​នេះ​ ព្រះ​ជា​ម្ចាស់​បញ្ចូល​គាត់​ទៅ​ក្នុង​ចំណោម​បុត្រ​ធីតា​របស់​ព្រះ​អង្គ គាត់​ក៏​រួម​ចំណែក​ជា​មួយ​ប្រជា​ជន​ដ៏​វិសុទ្ធ​ របស់​ព្រះ​អង្គ​ដែរ!។ ៦ដូច្នេះ យើង​វង្វេង​ឆ្ងាយ​ពី​មាគ៌ា​នៃ​សេចក្តី​ពិត ពន្លឺ​នៃ​សេចក្តី​សុចរិត​បាន​បំភ្លឺ​ដំណើរ​ជីវិត​របស់​យើង​ទេ! ព្រះ​អាទិត្យ​ក៏​មិន​បាន​រះ​បំភ្លឺ​យើង​ដែរ! ៧យើង​បាន​ដើរ​តាម​ផ្លូវ​ទុច្ចរិត ដែល​នាំឲ្យ​វិនាស​អន្តរាយ រហូត​ដល់​ឆ្អែត​ចិត្ត ហើយ​បាន​ដើរ​កាត់​វាល​រហោ​ស្ថាន​ដែល​គ្មាន​ផ្លូវ តែ​យើង​មិន​ព្រម​ទទួល​ស្គាល់​មាគ៌ា​របស់​ព្រះ​អម្ចាស់​ទេ។ ៨តើ​ការ​ក្រអឺត​ក្រទម​របស់​យើង បាន​ប្រយោជន៍​អ្វី? តើ​ទ្រព្យ​សម្បត្តិ​ដ៏​បរិបូណ៌ ដែល​ជាទី​អួត​អាង​របស់​យើង​  បាន​ផ្តល់​អ្វី​ដល់​យើង? ៩អ្វី​ៗទាំង​នេះ​រសាត់​បាត់​ទៅ​ដូច​ស្រមោល គឺ​ដូចជា​ដំណឹង​ដែល​ឮ​ហើយ​ភ្លេច​ភ្លាម​។ ១០ជីវិត​របស់​យើង​ប្រៀប​ដូចជា​សំពៅ​ជ្រែក​រលក​សមុទ្រ​ តែ​មិន​ទុកដាន​អ្វី​សោះ​ឡើយ។ ១១ជីវិត​របស់​យើង ប្រៀប​បាន​នឹង​សត្វ​ដែល​ហើរ​នៅលើ​អាកាស​វេហាស៍ គ្មាន​នរណា​មើល​ឃើញ​ផ្លូវ​របស់​វា​ទេ វា​ទទះ​ស្លាប​ហោះ​ជ្រែក​អាកាស​ទៅ​មុខ ដោយ​ឥត​ទុកដាន​ឲ្យគេ​ឃើញ​ថា វា​ហោះ​តាម​ផ្លូវ​ណា​ឡើយ។ ១២ជីវិត​របស់​យើង​ក៏​ប្រៀប​បាន​នឹង​ព្រួយ​ ដែល​គេ​បាញ់​ឆ្ពោះ​ទៅ​ទី​ដៅ វា​ជ្រែក​អាកាស តែ​អាកាស​នៅ​ដដែល​ គឺវា​មិន​ទុក​ដាន​ឲ្យ​គេ​ឃើញ​ថា ព្រួញ​នោះ​ហោះ​តាម​ណា​ទេ។ ១៣រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ​យើង​កើត​មក ហើយ​បាត់​បង់​ជីវិត​ទៅ​វិញ​ភ្លាម​ដោយ​មិន​បន្សល់​ទុក​នូវ​កិរិយា​ល្អ​ពី​ក្រោយ​យើង​ឡើយ យើង​បាន​បំផ្លាញ​ជីវិត​របស់​យើង​ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់»។

១៤សេចក្តី​សង្ឃឹម​របស់​ជន​ពាល​ ប្រៀប​ដូច​ជា​អង្កាម​ដែល​ខ្យល់​ផាត់​យក​ទៅ​ ឬដូច​ពពុះ​ទឹក​ដែល​ខ្យល់​ព្យុះ​បក់​យក​ទៅ​ ឬ​ដូច​ផ្សែង​ដែល​រលាយ​តាម​ខ្យល់។ មនុស្ស​ម្នា​នឹង​ភ្លេច​ជន​ពាល​ដូច​ភ្លេច​ភ្ញៀវ ដែល​បាន​មក​ស្នាក់​នៅ​តែ​មួយ​យប់​ប៉ុណ្ណោះ។

អនាគតដ៏រុងរឿង​របស់មនុស្សសុចរិត
១៥រីឯ​មនុស្ស​សុចរិត​វិញ​ ពួកគេ​រស់​នៅ​អស់​កល្ប​ជានិច្ច ហើយ​ទទួល​រង្វាន់​ពី​ព្រះ​អម្ចាស់។ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថែ​រក្សា​ពួកគេ។ ១៦ហេតុ​នេះ​ពួកគេ​នឹង​ទទួល​ព្រះ​រាជ​ដ៏​រុងរឿង ព្រម​ទាំង​មកុដ​ដ៏ល្អ​ប្រសើរ​បំផុត​ពី​ព្រះ​អម្ចាស់​ ដ្បិត​ព្រះ​បារមី​ព្រះ​អង្គ​នឹង​គ្រប​បាំង​ពួកគេ ហើយ​ព្រះ​អង្គ​នឹង​ការពារ​ពួកគេ ដោយ​ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ​ដែរ។ ១៧ព្រះ​ជា​ម្ចាស់​យក​ព្រះ​ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះ​អង្គ ធ្វើ​ជា​គ្រឿង​សឹក ព្រះ​អង្គ​យក​អ្វី​ៗដែល​ព្រះ​អង្គ​បង្កើត​មក​  ធ្វើ​ជា​អាវុធ។ ១៨ព្រះ​អង្គ​នឹង​ពាក់​សេចក្តី​សុចរិត ធ្វើ​ជា​អាវ​ក្រោះ ហើយ​យក​ការ​វិនិច្ឆ័យ​តាម​យុតិ្តធម៌ ធ្វើ​ជា​មួក​ដែក។ ១៩ព្រះ​អង្គ​យក​ភាព​វិសុទ្ធ​របស់​ព្រះ​អង្គ​ធ្វើ​ជា​ខែល​ដែល​គ្មាន​នរណា​អាច​ឈ្នះ ២០ហើយ​យក​ព្រះ​ពិរោធ​ដ៏​ឥតត្រា​ប្រណី​ធ្វើ​ជា​អាវ​ដ៏មុត។ ពិភព​ទាំង​មូល​នឹង​រួម​ជាមួយ​ព្រះ​អង្គ​ ធ្វើ​សឹក​ប្រឆាំង​នឹង​ពួក​ឆោត​ល្ងង់។ ២១រន្ទះ​នឹង​បាញ់​ចេញពី​ពពក​ដូច​ព្រួញដែល​បាញ់​ពីធ្នូ​ដ៏តឹង​ តំរង់​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ទីដៅ។ ២២គ្រាប់​ព្រឹល​ធា្លក់​យ៉ាង​សា​ហាវ​បំផុត​ ដូចថ្ម​ដែល​គេ​បាញ់​ដោយ​ដង្ហក់​។ រលក​ទឹក​សមុទ្រ​នឹង​បក់​បោក​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ​ហើយ​ទឹក​ទន្លេ​នឹង​ពន្លិច​ពួកគេ​ដោយ​ឥត​ត្រា​ប្រណី​ដែរ។ ២៣ខ្យល់​ដ៏​ខ្លាំង​ក្លា​នឹង​បក់​បោក​មក​លើ​ពួកគេ​ ហើយ​ផាត់​ពួក​គេ​យក​ទៅ ដូច​ខ្យល់​ព្យុះ។ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​ទីស្ម​សាន ព្រោះ​តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​អ្នក​កាន់​អំណាច​នឹង​ត្រូវ​ធ្លាក់​ពី​បល្ល័ង្ក​របស់​ខ្លួន ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត។