ប្រាជ្ញាញាណ (០៤)

១មាន​កិរិយា​ល្អ​ឥត​ខ្ចោះ ប្រសើរ​ជាង​មាន​កូន។ គេ​នឹក​ដល់​អស់​អ្នក​ដែល​មាន​កិរិយា​ល្អ​អស់​កល្ប​ជានិច្ច ដ្បិត​ព្រះ​ជាម្ចាស់ និង​មនុស្ស​លោក​ទទួល​ស្គាល់​អ្នក ​ដែល​មាន​កិរិយាល្អ​បែប​នេះ។ ២ពេល​អ្នក​ទាំង​នោះ​នៅ​រស់​មនុស្ស​ម្នា​យក​តំរាប់​តាម​ពួកគេ​ ពេល​គេ​លាចាក​លោក​នេះ​ផុត​ទៅ​ មនុស្ស​ម្នា​អាឡោះ​អាល័យ​ពួក​គេ។ អ្នក​មាន​កិរិយាល្អ​នឹង​ពាក់​ភួង​ជ័យ ព្រោះ​ពួកគេ​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ត្រឹម​ត្រូវ ដណ្តើម​យក​រង្វាន់។ ៣ផ្ទុយ​ទៅ​វិញ ពូជ​ពង្ស​របស់​ជន​ពាល​ដែល​ប្រមាថ​ព្រះ​ជា​ម្ចាស់​ទោះ​បី​គេ​មាន​គ្នា​ច្រើន​យ៉ាង​ណាក្តី ក៏​ឥត​បាន​ការ​ដែរ។ គេ​គ្មាន​គ្រឹះ​រឹងមាំ​ឡើយ​ គឺ​ប្រៀប​បាន​នឹង​គល់​ឈើ​ដែល​ចាក់​ឫស​មិន​ជ្រៅ។ ៤ទោះ​បី​គល់​ឈើ​ទាំង​នោះ​ដុះ​ខ្នែង​បែក​មែក​សាខា​មួយ​គ្រា​ក្តី​ ក៏វា​មិន​នឹងនរ​ដែរ​។ ពេល​មាន​ខ្យល់​ព្យុះ​បក់​បោក​មក វានឹង​រង្គើ ហើយ​រលើង​អស់។ ៥មែក​ខ្ចី​ៗ​របស់​វានឹង​ត្រូវ​បាក់ ហើយ​ក្តិប​របស់​វា​ក៏ឥត​បាន​ការ​ព្រោះ​ខ្ចី​ពេក​បរិភោគ​មិន​កើត​។ ៦នៅ​ថ្ងៃ​ព្រះ​ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក កូន​ដែល​កើត​ពី​អំពើ​ប្រាស​ចាក​សីល​ធម៌ នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ កិរិយា​អាក្រក់​របស់​ឪពុក​ម្តាយ​ខ្លួន។

សេចក្តីស្លាប់របស់មនុស្សសុចរិត​នៅពេលវ័យក្មេង
៧រីឯ​មនុស្ស​សុចរិត​វិញ ទោះបី​គេ​ស្លាប់​នៅ​វ័យ​ក្មេង​ក្តី ក៏​គេ​បាន​សំរាក​ដោយ​សុខ​សាន្ត​ដែរ។  ៨អាយុ​ជីវិត​ដែល​មាន​តម្លៃ មិន​មែន​មក​ពី​មាន​អាយុ​វែង ហើយ​រស់​បាន​យូរ​ឆ្នាំ​នោះ​ទេ។ ៩មនុស្ស​មាន​ប្រាជ្ញា ​ប្រសើរ​ជាង​មាន​សក់​ស្កូវ ជីវិត​ឥត​សៅ​ហ្មង​ ក៏​ប្រសើរ​ជាង​មាន​អាយុ​វែង​ដែរ។

១០មនុស្ស​សុចរិត រមែង​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជា​ម្ចាស់ ហើយ​ព្រះ​អង្គ​ក៏​ស្រឡាញ់​គាត់​ដែរ។ គាត់​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​បាប ព្រះ​អង្គ​លើក​គាត់​ទៅ​    ១១ព្រះ​អង្គ​លើក​គាត់​ឡើង​ទៅ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​ឥទ្ធិពល​អាក្រក់​បង្ខូច​ប្រាជ្ញា​របស់​គាត់​ និង​កុំ​ឲ្យ​កល​ល្បិច​អូស​ទាញ​គាត់។ ១២សេចក្តី​អាក្រក់់​រមែង​ពង្វក់​មនុស្ស​មិន​ឲ្យ​មើល​អំពើ​ល្អ​ឃើញ​ច្បាស់​ រីឯ​តណ្ហា​ពុះ​កញ្រ្ជោល​ក៏​រមែង​ធ្វើ​ឲ្យ​គំនិត​ត្រឹម​ត្រូវ ក្លាយ​ទៅ​ជា​វង្វេង​ដែរ។ ១៣មនុស្ស​សុចរិត​បាន​ពេញ​លក្ខណៈ​ក្នុង​រយៈ​ពេល​ដ៏ខ្លី ហើយ​គាត់​ដូច​ជា​រស់​នៅ​បាន​យ៉ាង​យូរ​។ ១៤ព្រះ​អម្ចាស់​គាប់​ព្រះ​ហឫទ័យ​នឹង​របៀប​រស់​នៅ​របស់​គាត់​ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​ដក​គាត់​ចេញ​ ពី​ចំណោម​មនុស្ស​អាក្រក់​យ៉ាង​ប្រញាប់។ មនុស្ស​ម្នា​ឃើញ​ការ​នេះ តែ​មិន​យល់​ទេ​ គេ​មិន​បាន​រិះគិត​អំពី​ហេតុ​ការណ៍​នេះ​ឡើយ។ ១៥គឺ​ថា​ព្រះ​អម្ចាស់​មាន​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​ និង មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស ហើយ​តាម​ការពារ​ប្រជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ។

១៦មនុស្ស​សុចរិត ទោះបី​ស្លាប់​ក្តី ក៏​នៅ​តែ​ដាក់​ទោស​ជន​ពាល​ដែល​នៅ​រស់។ យុវជន​ដែល​ឆាប់​ពេញ​លក្ខណៈ ក៏​ដាក់​ទោស​មនុស្ស​ចាស់​ជរា​ដែល​ទុច្ចរិត​ដែរ។ ១៧មនុស្ស​ម្នា​ឃើញ​អ្នក​មាន​ប្រាជ្ញា​ទទួល​មរណ​ភាព​ដូច្នេះ គេមិន​យល់​អំពី​គំរោង​ការ​របស់​ព្រះ​អម្ចាស់​ចំពោះ​គាត់​ឡើយ គេ​ក៏​មិន​យល់ពី​មូល​ហេតុ​ដែល​ព្រះ​អង្គ​ដក​គាត់ ឲ្យ​ទៅ​នៅ​កន្លែង​សុខ​ស្រួល​ដែរ។ ១៨ពួកគេ​ឃើញ​ដូច្នេះ​ហើយ​នាំគ្នា​មើល​ងាយ តែ​ព្រះ​អម្ចាស់​នឹង​ចំអក​ដាក់​ពួកគេ។ ១៩ក្រោយ​មក​ ពេល​ពួកគេ​ស្លាប់​ទៅ គ្មាន​នរណា​គោរព​សាក​សព​របស់​ពួកគេ​ទេ។ ក្នុង​ស្ថាន​មនុស្ស​ស្លាប់ ពួកគេ​ត្រូវ​អាម៉ាស់​អស់​កល្ប​ជា​និច្ច។ ព្រះ​អង្គ​នឹង​ទាញ​ក្បាល​ពួកគេ​ទម្លាក់​ចុះ​ដោយ​គ្មាន​ពាក្យ​តវ៉ា​បាន​ឡើយ។ ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​ពួកគេ​រលើង​ទាំង​ឫស​រហូត​តទៅ ពួកគេ​នឹង​រង់ទុក្ខ​លំបាក ហើយ​គ្មាន​នរណា​នឹក​ដល់​ពួកគេ​ទៀត​ឡើយ។

ការសោកស្តាយរបស់ជនពាល
២០ពេល​ព្រះ​ជា​ម្ចាស់​វិនិច្ច័យ​ទោស​មនុស្ស តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត ជន​ពាល​ទាំង​នោះ​នឹង​នាំគ្នា​ចូល​មក ទាំង​ភ័យ​ខ្លាច។ អំពើ​អាក្រក់​របស់​ពួកគេ​នឹង​ធ្វើ​ជា​សាក្សី​ថ្កោល​ទោស​ពួកគេ។