ប្រាជ្ញាញាណ (០៣)

មនុស្សសុចរិតនឹងទទួលជីវិតអមតៈ
១មនុស្ស​សុចរិត ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ២អ្នក​ឆោត​ល្ងង់​ស្មាន​ថា​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ហើយ​យល់​ថា​ការ​លា​ចាក​លោក​នេះ ជា​មហន្ត​រាយ​របស់​មនុស្ស​សុចរិត​។ ៣គេ​ស្មាន​ទៀត​ថា ពេល​ឃ្លាត​ឆ្ងាយ​ពី​លោក​យើង​នេះ មនុស្ស​សុចរិត​វិនាស​សាប​សូន្យ​។ ប៉ុន្តែ​តាម​ពិត មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។ ៤តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ធម្មតា អ្នក​សុចរិត​ទាំង​នោះ​បាន​រង​ទុក្ខ​ទោស​មែន តែ​ពួកគេ​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា នឹង​ទទួលេ​ជីវិត​អមតៈ។  ៥ព្រះ​ជា​ម្ចាស់​វាយ​ប្រដៅ​ពួកគេ​តែ​បន្តិច​ទេ តែ​ពួកគេ​នឹង​ទទួល​សុភ​មង្គល​ដ៏​បរិបូណ៌។ ព្រះ​ជា​ម្ចាស់​ល្បង​ល​ពួក​គេ​ ហើយ​ឈ្វេង​យល់​ថា​ពួកគេ​ពិត​ជា​សម​នៅ​ជាមួយ​ព្រះអង្គ។ ៦ព្រះ​អង្គ​បន្សុទ្ធ​ពួកគេ​ដូច​ជាង​បន្សុទ្ធ​មាស​ក្នុង​ឡ​ព្រះ​អង្គ​ទទួល​ពួកគេ ដូច​ទទួល​តង្វាយ​ដុត​ទាំង​មូល។ ៧លុះ​ដល់​ពេល​កំណត់​ ដែល​ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ពួកគេ​នឹង​ភ្លឺ​ដូច​អណ្តាត​ភ្លើង​ឆាប​ឆេះ​ជញ្រ្ជាំង។ ៨ពួកគេ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា​ជាតិ​នានា ហើយ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​ជា​ច្រើន។ ព្រះ​អម្ចាស់​នឹង​គ្រង​រាជ្យ​លើ​ពួកគេ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ ៩អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​នឹង​យល់​ថា គំ​រោង​ការ​របស់​ព្រះ​អង្គ​ពិត​ជា​ត្រឹម​ត្រូវ ហើយ​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ នឹង​រួម​រស់​ជា​មួយ​ព្រះ​អង្គ​ក្នុង​សេចក្តី​ស្រឡាញ់។ ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ហឫ​ទ័យ​ប្រណី​សន្តោស និង​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស។

១០ផ្ទុយ​ទៅ​វិញ ជន​ពាល​ដែល​ប្រមាថ​ព្រះ​ជា​ម្ចាស់​ នឹង​ទទួល​ទណ្ឌ​កម្ម ស្រប​តាម​គំនិត​របស់​ខ្លួន​ព្រោះ​ពួកគេ​បាន​មើល​ងាយ​មនុស្ស​សុចរិត ហើយ​បែរ​ខ្នង​ដាក់​ព្រះ​អម្ចាស់។ ១១អស់​អ្នក​ដែល​ព្រងើយ​កន្តើយ​នឹង​ព្រះ​ប្រាជ្ញា​ញាណ​ និង​ការ​អប់រំ​របស់​ព្រះ​អង្គ​ពិត​ជា​មនុស្ស​វេទនា សេចក្តី​សង្ឃឹម​របស់​ពួកគេ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ​ ហើយ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​អ្វី​ៗដែល​គេ​ធ្វើ​ក៏​ឥត​ប្រយោជន៍​ដែរ។ ១២ភរិយា​របស់​ពួកគេ​ជា​ស្រ្តី​ឥត​គំនិត កូន​របស់​គេ​ជា​មនុស្ស​កំណាច ហើយ​ពូជ​ពង្ស​របស់​គេ​នឹង​ត្រូវ​បណ្តាសា។

ចិត្តស្មោះត្រង់​ប្រសើរជាងមានកូនចៅច្រើន
១៣ស្រ្តី​ឥត​សៅ​ហ្មង ហើយ​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ ទោះបី​នាង​គ្មាន​កូន​ក្តី​ ក៏​នាង​មាន​សុភ​មង្គល​ដែរ​! នាង​នឹង​ទទួល​រង្វាន់​នៅ​ពេល​ព្រះ​ជា​ម្ចាស់​យាង​មក ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក។ ១៤បុរស​កំរៀវ​ដែល​មិន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​គំនិត​អាក្រក់​ប្រឆាំង​នឹង​ព្រះ​អម្ចាស់ ក៏មាន​សុភ​មង្គល​ដែរ ដ្បិត​គេ​នឹង​ទទួល​ព្រះ​អំណោយ​ទាន​ពិសេស​ ព្រោះ​គេ​មាន​ចិត្ត​ស្មោះ​ត្រង់។ គេ​នឹង​ទទួល​កន្លែង​ដ៏​ប្រសើរ ក្នុង​ព្រះ​វិហារ​របស់​ព្រះ​អម្ចាស់។ ១៥អ្នក​ដែល​ខិតខំ​ប្រព្រឹត្ត​អំពើ​ល្អ រមែង​ទទួល​ផល​ដ៏​រុងរឿង ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ​ប្រាជ្ញា​ញាណ ប្រៀប​ដូច​ដើម​ឈើ​ដែល​មាន​ឫស​គង់​វង្ស​ជា​និច្ច។ ១៦កូន​កើត​មកពី​អំពើ​ប្រាស​ចាក​សីលធម៌​  មិន​ដែល​ចម្រុង​ចម្រើន​ទេ ហើយ​ពូជ​ពង្ស​របស់​អ្នក​រួម​បវេណី​ខុស​វិន័យ នឹង​ត្រូវ​វិនាស​បាត់​បង់ ជា​ពុំ​ខាន។ ១៧ទោះបី​គេ​រស់​នៅ​យូរ​យ៉ាង​ណា​ក្តី ក៏​គ្មាន​នរណា​រាប់​រក​គេ​ដែរ ហើយ​ត្រូវ​អ្នក​ដទៃ​មើល​ងាយ រហូត​ចាស់​ស្លាប់។ ១៨ប្រសិន​បើ​គេ​ស្លាប់​នៅ​វ័យ​ក្មេង​នោះ​គេ​គ្មាន​សេចក្តី​សង្ឃឹម​ទេ ហើយ​នៅ​ថ្ងៃ​ព្រះ​ជាម្ចាស់​វិនិច្ឆ័យ​ទោស គេ​ក៏​មិន​បាន​ធូរ​ស្រាល​ដែរ។ ១៩ចុង​បញ្ចប់​នៃ​ពូជ​ពង្ស​របស់​មនុស្ស​ទុច្ចរិត​ វេទនា​ណាស់!