ប្រាជ្ញាញាណ (១៨)

ដុំភ្លើង
១ផ្ទុយ​ទៅ​វិញ មាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់ បំភ្លឺ​ប្រជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ។  ជន​ជាតិ​អេស៊ីប​គ្រាន់​តែ​ឮ​សូរ​សំឡេង​ប្រជា​ជន​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ តែ​មើល​គេ​មិន​ឃើញ​ទេ ហើយ​នាំ​គ្នា​ប្រកាស​ថា ជន​ជាតិ​អ៊ីស្រា​អែល​មាន​សុភ​មង្គល ដោយ​មិន​រង​ទុក្ខ​វេទនា​ដូច​ខ្លួន។ ជន​ជាតិ​អេស៊ីប​ក៏​សូម​អរគុណ​ជន​ជាតិ​អ៊ីស្រា​អែល​ដែល​មិន​សង​សឹក​ពួក​គេ ព្រោះ​តែ​ពួក​គេ​ធ្លាប់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា​អែល​ជាច្រើន​ដង។ ពួក​គេ​នាំគ្នា​សូម​អភ័យ​ទោស   ដោយ​បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា​អែល។ ៣ព្រះ​អង្គ​បាន​ប្រោស​ប្រទាន​ដុំភ្លើង​ដែល​ឆេះ​សន្ធោស​ន្ធៅ មក​ណែនាំ​ប្រជា​ជន​របស់​ព្រះ​អង្គ តាម​ផ្លូវ​ដែល​ពួក​គេ​មិន​ស្គាល់។ ដុំភ្លើង​នោះ​ភ្លឺ​ដូច​ព្រះ​អាទិត្យ តែ​មិន​ធ្វើ​ទុក្ខ​ពួក​គេ​នៅ​ពេល​ធ្វើ​ដំណើរ ប្រកប​ដោយ​ភាព​រុង​រឿង​នោះ​ឡើយ។ ៤ចំណែក​ឯជន​ជាតិ​អេស៊ីប​វិញ ពួកគេ​សម​តែ​ខ្វះ​ពន្លឺ ហើយ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ភាព​ងងឹត ព្រោះ​ពួក​គេ​បាន​ឃុំ​ឃាំង​បុត្រ​ធីតា​របស់​ព្រះ​អង្គ! ប៉ុន្តែ​ព្រះ​អង្គ​បំរុង​នឹង​ប្រទាន​ពន្លឺ​ដ៏​អមតៈ នៃ​វិន័យ​ឲ្យ​មនុស្ស​លោក​តាម​រយៈ​បុត្រ​ធីតា​ទាំង​នោះ។

កូន​ច្បង​នៃ​ជន​ជាតិ​អេស៊ីប​ត្រូវ​ស្លាប់
៥ជន​ជាតិ​អេស៊ីប​បាន​សំរេច​សម្លាប់​ទារក​ទាំង​ប៉ុន្មាន​របស់​ប្រជា​ជន​ដ៏​វិសុទ្ធ។ មាន​តែ​ទារក​ម្នាក់​ទេ​ដែល​បាន​រួច​ជីវិត ក្រោយ​ពី​គេ​បំបរ​បង់​ចោល។ ព្រះ​អង្គ​បាន​ដក​ជីវិត ពី​កូន​របស់​ជន​ជាតិ​អេស៊ីប​មួយ​ចំនួន​ធំ ដើម្បី​ដាក់​ទោស​ពួក​គេ។ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ពួក​គេ​វិនាស​អន្ត​រាយ​ជាមួយ​គ្នា ក្នុង​រលក​សមុទ្រ​ដ៏ធំ​សំបើម​នោះ​ដែរ។ ៦ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​បុព្វ​បុរស​របស់​យើងខ្ញុំ ឲ្យ​ដឹង​ជា​មុន អំពី​យប់​នោះ ដើម្បី​ឲ្យ​ពួក​លោក​ត្រេក​អរ​សប្បាយ ដោយ​មិន​ខ្លាច​អ្វី​ឡើយ ព្រោះ​ដឹង​ថា ព្រះ​បន្ទូល​សន្យា​ដែល​ពួក​លោក​ជឿ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។ ៧ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ទន្ទឹង​រង់​ចាំ ដោយ​ដឹង​ថា ព្រះ​អង្គ​សង្រ្គោះ​មនុស្ស​សុចរិត​ហើយ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​គេ នៅ​យប់​នោះ។ ៨អ្វីៗ​ដែល​ព្រះ​អង្គ​យក​មក​ប្រើ សំរាប់​ដាក់​ទោស​បច្ចា​មិត្ត​របស់​យើង​ខ្ញុំ ត្រឡប់​ទៅ​ជា​សិរី​រុង​រឿង​របស់​យើង​ខ្ញុំ​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ។

៩ពូជ​ពង្ស​ដ៏វិសុទ្ធ​របស់​បុព្វ​បុរស តែង​តែ​ថ្វាយ​សក្ការ​បូជា​យ៉ាង​ស្ងាត់ៗ ហើយ​ព្រម​ព្រៀង​គ្នា​នឹង​ប្រតិ​បត្តិ​តាម​ច្បាប់​ដែល​មក​ពី​ព្រះ​អង្គ គឺ​ទៅ​អនា​គត ប្រជា​ជន​ដ៏​វិសុទ្ធ​នឹង​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា។ នៅ​គ្រា​នោះ ពួក​គេ​នាំគ្នា​ស្មូត​បទ​របស់​បុព្វ​បុរស សំរាប់​លើក​តម្កើង​ព្រះ​អង្គ​រួច​ស្រេច​ទៅ​ហើយ។ ១០ទន្ទឹម​នឹង​នោះ សំរែក​នៃ​ខ្មាំង​សត្រូវ​ដែល​បន្លឺ​ឡើង​មិន​ស្រប​គ្នា​ក៏​លាន់​ឮ​ដែរ គឺ​ទំនួញ​របស់​អស់​អ្នក​ដែល​មាន​កូន​ស្លាប់ បាន​បន្លឺ​យ៉ាង​ខ្ទរ​ខ្ទារ។ ១១ទាំង​ខ្ញុំ​បំរើ ទាំង​ម្ចាស់ ទទួល​ទារុណ​កម្ម​ដូច​គ្នា​ ប្រជា​ជន​សាមញ្ញ​ក៏​កើត​ទុក្ខ​ដូច​ព្រះ​មហា​ក្សត្រ​ដែរ។ ១២ក្នុង​ចំណោម​ពួក​គេ​មាន​មនុស្ស​ច្រើន​ឥត​គណនា​ស្លាប់​ក្នុង​ពេល​ជាមួយ​គ្នា ដោយ​មូល​ហេតុ​តែ​មួយ។ អ្នក​ដែល​នៅ​រស់​មាន​ចំនួន​មិន​គ្រប់​គ្រាន់ សំរាប់​បញ្ចុះ​សព​ទាំង​នោះ​ទេ ព្រោះ​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ជន​ជាតិ​អេស៊ីប ត្រូវ​បាត់​បង់​ជីវិត​ក្នុង​មួយ​រំពេច។ ១៣រហូត​មក​ទល់​ពេល​នោះ ពួក​គេ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​ព្រះ​អង្គ​ទាល់​តែ​សោះ​ព្រោះ​ពួក​គេ​អាង​លើ​មន្ត​អាគម​របស់​ខ្លួន។ ប៉ុន្តែ ពេល​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ពួកគេ​វិនាស ទើប​ពួក​គេ​ទទួល​ស្គាល់​ថា​ប្រជា​ជន​អ៊ីស្រា​អែល​ពិតជា​បុត្រ​របស់​ព្រះ​ជាម្ចាស់​មែន។

១៤ពេល​អ្វីៗ​ទាំង​អស់​នៅ​ស្ងៀម​ស្ងាត់ គឺ​នៅ​ពាក់​កណ្តាល​អធ្រាត្រ ១៥ស្រាប់​តែ​ព្រះ​បន្ទូល​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ បាន​យាង​ចាក​ចេញ​ពី​ព្រះ​រាជ​បល្ល័ង្ក​របស់​ព្រះ​អង្គ នៅ​ស្ថាន​បរម​សុខ​ចុះ​មក​ដូច​អ្នក​ចំបាំង​ដែល​គ្មាន​ចិត្ត​ត្រា​ប្រណី ឆ្ពោះ​ទៅ​កណ្តាល​ស្រុក​ដែល​ត្រូវ​អន្តរាយ ១៦ទាំង​កាន់​ព្រះ​បញ្ជា​ដែល​មិន​ចេះ​ប្រែ​ប្រួល​ធ្វើ​ដូច​ជា​ដាវ​ដ៏​មុត។ ព្រះ​បន្ទូល​ក្រោក​ឡើង ដោយ​មាន​ព្រះ​សិរ​សា​ប៉ះ​មេឃ និង​ព្រះ​បាទា​ជាន់​ផែន​ដី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​គ្រប់ទី​កន្លែង។ ១៧ភ្លាម​នោះ​ពួកគេ​ឃើញ​សុបិន​អាក្រក់​គួរ​ឲ្យ​ព្រឺ​ខ្លាច​បណ្តាល​ឲ្យ​ពួក​គេ​ជ្រួល​ច្របល់ តក់​ស្លុត​ហួស​ពី​ការ​ស្មាន។ ១៨ម្នាក់ៗ​លោះ​ព្រលឹង ដួល​ពាស​ពេញ​ស្រុក ហើយ​ប្រាប់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​គេ​ភ័យ​តក់​ស្លុត​ដូច្នេះ។ ១៩សុបិន​អាក្រក់​ដែល​ធ្វើឲ្យ​ពួកគេ​ជ្រួល​ច្របល់​នោះ ពួក​គេ​បាន​ដឹង​ជា​មុន​រួច​ស្រេច​ទៅ​ហើយ។ ដូច្នេះ ពួក​គេ​បាន​ដឹង​អំពី​មូល​ហេតុ ដែល​ធ្វើឲ្យ​ទុក្ខ​ទោស​កើត​មាន​ដល់​ពួក​គេ។

លោកអរ៉ុនធ្វើអន្តរាគមន៍​នៅវាលរហោស្ថាន
២០ជន​សុចរិត​ក៏​ត្រូវ​បាត់​បង់​ដែរ ហើយ​មាន​មួយ​ចំនួន​ធំ​វិនាស​ក្នុង​វាល​រហោ​ស្ថាន។ ប៉ុន្តែ​ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​ពិរោធ​មិន​យូរ​ទេ។ ២១ដ្បិត​មាន​បុរស​ម្នាក់​ដែល​ឥត​សៅ​ហ្មង បាន​ប្រយុទ្ធ​ការពារ​ពួក​គេ​ជា​បន្ទាន់។ លោក​បាន​យក​មុខ​ងារ​ជា​បូជា​ចារ្យ​មក​ធ្វើ​អាវុធ គឺ​លោក​ទូល​អង្វរ និង​ថ្វាយ​គ្រឿង​ក្រអូប ដើម្បី​ឲ្យ​ពួក​គេ​បាន​រួច​ពី​បាប។ លោក​តទល់​នឹង​ព្រះ​ពិរោធ ហើយ​ធ្វើ​ឲ្យ​មហន្ត​រាយ​ស្ងប់​ដើម្បី​បង្ហាញ​ថា លោក​ពិត​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​មែន។ ២២លោក​ពុំបាន​ប្រើ​កម្លាំង​កាយ ឬ​កម្លាំង​ស័ក្តិ​សិទ្ធិ​នៃ​សាស្រ្តា​វុធ​យក​ជ័យ​ជំនះ​លើ​ព្រះ​ពិរោធ​នោះ​ទេ តែ​លោក​ប្រើ​ពាក្យ​សំដី ដើម្បី​បង្រ្កាប​អ្នក​ដែល​មាន​ភារកិច្ច​បំផ្លាញ​ពួក​គេ។ លោក​ក៏​រំលឹក​អំពី​សម្ព័ន្ធ​មេត្រី និង​ព្រះ​បន្ទូល​សន្យា​យ៉ាង​ឳឡា​រឹក​របស់​ព្រះ​អង្គ​ចំពោះ​បុព្វ​បុរស​ដែរ។ ២៣ពេល​មាន​សាក​សព​ចាប់​ផ្តើម​គ​លើ​គ្នា​លោក​បាន​ធ្វើ​អន្តរា​គមន៍ ហើយ​ទប់​ទល់​នឹង​ការ​វាយ​សំរុក​នៃ​មហន្តរាយ​នោះ ទាំង​ហាម​ឃាត់​វា មិន​ឲ្យ​ទៅ​ប៉ះ​អ្នក​ដែល​នៅ​រស់​ឡើយ ២៤នៅ​លើ​អាវ​វែង​របស់​លោក មាន​រូប​តំណាង​ពិភព​លោក​ទាំង​មូល និង​មាន​ឆ្លាក់​ឈ្មោះ​ដ៏​ប្រសើរ​នៃ​បុព្វ​បុរស នៅ​លើ​ត្បូង​បួន​ជួរ នៅ​លើ​ឈ្នួត​ក្បាល​របស់​លោក មាន​សញ្ញា​សំគាល់​នៃ​ភាព​ថ្កុំថ្កើង​របស់​ព្រះ​អង្គ។ ២៥ពេល​មច្ចុរាជ​ឃើញ​ដូច្នេះ វា​ថយ​ក្រោយ ទាំង​ភ័យ​ខ្លាច​ទៀត​ផង។  តាម​ពិត​ព្រះ​អង្គ​គ្រាន់​តែ​សព្វ​ព្រះ​ហឫ​ទ័យ​សំដែង​ឲ្យ​ប្រជា​ជន ស្គាល់​ព្រះ​ពិរោធ​របស់​ព្រះអង្គ​ប៉ុណ្ណោះ។